រដ្ឋធានីគៀវ ៖ ថ្វីត្បិតតែ កម្លាំងទាហានរុស្ស៊ីកំពុងតែបង្កើនការវាយសង្គ្រប់យ៉ាងខ្លាំង ដើម្បីដណ្ដើមគ្រប់គ្រងរដ្ឋធានីគៀវ យ៉ាងណាក្ដី តែមន្រ្ដីជាន់ខ្ពស់អ៊ុយក្រែន នៅតែមានសុទិដ្ឋិនិយមថា កងទ័ពរបស់ខ្លួន នៅតែមានភាពខ្លាំងក្លា អាចទប់ទល់នឹងការឈ្លានពានរបស់ក្រុងមូស្គូ ហើយនឹងបញ្ចប់សង្គ្រាមនេះ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុននេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ ថា លោក អូលេកស៊ី អារេស្តូវិក (Oleksiy Arestovich) ជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន កាលពីយប់ ថ្ងៃទី១៤ ខែមីនា បានអះអាងថា សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន អាចនឹងបញ្ចប់ នៅក្នុងខែឧសភា ខាងមុខ។ លោកទីប្រឹក្សា បានលើកឡើងបែបនេះ ក៏ដោយសារតែរុស្ស៉ីលែងមានធនធាន សម្រាប់វាយប្រហារ មកលើប្រទេសអ៊ុយក្រែនបន្ដទៀត។

ទោះជាយ៉ាងណា ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន រូបនេះ មិនព្យាករអំពីពេលវេលា ពិការបញ្ចប់សង្គ្រាមដ៏ជាក់លាក់នោះឡើយ។ ប៉ុន្ដែសង្គ្រាមនេះអាចបញ្ចប់ទៅបាន ក៏អាស្រ័យទៅលើក្រុងម៉ូស្គូ អាចនឹងចំណាយធនធានប៉ុនណាបន្ដទៀត សម្រាប់ប្រើប្រាស់ នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្ដែបើតាមគំនិតរបស់គាត់ សង្គ្រាមនេះនឹងអាចបញ្ចប់ នៅក្នុងអំឡុងខែឧសភា ខាងមុខ។
ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានបន្ថែមថា «យើងចង់ឲ្យមានកិច្ចព្រមព្រៀងសន្ដិភាពជាក់លាក់មួយឲ្យបានឆាប់បំផុត។ យើងចង់បានសន្ដិភាព ហើយយើងនឹងរង់ចាំមើលបន្ដទៀត ព្រោះបើតាមការប៉ាន់ប្រមាណ សង្គ្រាមអាចនឹងបញ្ចប់ ថ្វីត្បិតតែរហូតមកទល់នឹងពេលនេះ លទ្ធផល នៃការចរចាមានតិចតួចស្តួចស្តើងក្ដី តែយើងនៅតែមានសុទិដ្ឋិនិយមដដែល៕រក្សាសិទ្ធិដោយ ៖ សារាយSN



















