Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ពិតជាធ្វើឲ្យតម្លៃប្រេងនៅកម្ពុជាហក់ឡើង ប៉ុន្តែការនាំចេញ-ចូលផលិតផលផ្សេង មិនប៉ះពាល់ទេ

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ពិតណាស់ថា ប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ពីអតិផរណានៃតម្លៃប្រេង គឺតម្លៃប្រេងឥន្ធនៈ រួមមាន ប្រេងសាំង ប្រេងម៉ាស៊ូត និងហ្គាស កំពុងហក់ឡើងជាបន្តបន្ទាប់ ជាក់ស្ដែងប្រេងសាំងនៅកម្ពុជា ១លីត្រ តម្លៃចាប់ពី ៤៧០០រៀល ទៅ ៤៨០០រៀល និងអាចហក់ឡើងលើសនេះបន្តិចទៀត, ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនទាន់មានផលប៉ះពាល់ដល់ការនាំចេញនាំចូលទំនិញផ្សេងៗរបស់ប្រទេសកម្ពុជានោះទេ លើកលែងតែតម្លៃប្រេងដែលបានកើនឡើង។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ រួមមាន ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើនអនាគត សម្រាប់អាស៊ីបូព៌ា និងអាស៊ាន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency ឲ្យដឹងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនត្រឹមធ្វើឲ្យតម្លៃប្រេងហក់ឡើងថ្លៃនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅលើពិភពលោកក៏កំពុងវឹកវរនឹងការឡើងថ្លៃពីតម្លៃប្រេងនេះផងដែរ។ លោក ប៉ែន សុវិជាតិ បញ្ជាក់ថា សម្រាប់តម្លៃប្រេង គឺជារឿងមួយ ដែលរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ ហើយសង្ឃឹមថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗនេះ ដូច្នេះអ្វីៗនឹងត្រឡប់មករកប្រក្រតីភាពវិញ នៅពេលឆាប់ៗនេះវិញ។

ទោះជាយ៉ាងណា លោក ប៉ែន សុវិជាតិ បានបញ្ជាក់ទៀតថា ខ្ញុំចង់ជម្រាបជូនសាធារណជនឲ្យបានជ្រាបថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់មានផលប៉ះពាល់អ្វីដល់ប្រទេសកម្ពុជាយើងនោះទេ លើកលែងតែតម្លៃប្រេងប៉ុណ្ណោះ។ មកដល់ម៉ោងនេះ កម្ពុជានៅតែបន្តនាំចេញទៅប្រទេសរុស្សីជាធម្មតា និងនៅតែបន្តនាំចូលមកពីប្រទេសរុស្សីជាធម្មតា ដោយអត់មានប៉ះពាល់អ្វីនោះទេ។

បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី កាលពីឆ្នាំ២០២១ មានចំនួនជាង ៩៤.១៨ លានដុល្លារ កើនឡើងជាង៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានជាងមានចំនួន៦៣.៨១លានដុល្លារអាមេរិក។ ទិន្នន័យនេះបានបញ្ជាក់ថា កម្ពុជានាំចេញទៅរុស្ស៉ីចំនួនជាង ៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤.៦៤ លានដុល្លារ។

ចំណែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន កាលពីឆ្នាំ២០២១ មានជាង ៨.៥៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអ៊ុយក្រែនចំនួនជាង ៦ លានដុល្លារ និងនាំចូលពីអ៊ុយក្រែនចំនួន ២.៤លានដុល្លារ។

ជុំវិញតម្លៃប្រេងឡើងថ្លៃនេះដែរ ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលវេលា កំណត់តម្លៃប្រេងឥន្ធនៈ ចាប់ពីរយ:ពេល ១៥ថ្ងៃម្តង មកត្រឹម ១០ថ្ងៃម្តងវិញ ដើម្បីឲ្យឆាប់មានការ ផ្លាស់ប្តូរប្រែប្រួលនូវតម្លៃប្រេង និងដើរឲ្យទាន់នៃការឡើងចុះ នៃតម្លៃប្រេងឥន្ធនៈ។

គេពិនិត្យឃើញថា រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងឆៅធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត, គឺ អឺរ៉ុប នៅតែពឹងផ្អែកយ៉ាងខ្លាំងលើការទិញប្រេង និងឧស្ម័នពីរុស្ស៊ី ផ្ទុយពីសហរដ្ឋអាមេរិក ដែលនាំចូលប្រេងមួយផ្នែកតូចប៉ុណ្ណោះ ពីរុស្ស៊ី ហើយក៏មិនបានទិញឧស្ម័នពីទីក្រុងម៉ូស្គូនោះដែរ។

ក្នុងមួយថ្ងៃៗ រុស្ស៊ីនាំចេញប្រេងឆៅប្រហែល ៥លានបារែល ក្នុងនោះ ច្រើនជាងពាក់កណ្ដាលត្រូវនាំចេញទៅកាន់តំបន់អឺរ៉ុប។ មានន័យថា សហរដ្ឋអាមេរិក អាចរកប្រភពផ្គត់ផ្គង់ថាមពលក្រៅពីរុស្ស៊ីបាន តែសម្រាប់អឺរ៉ុបវិញក្នុងរយៈពេលខ្លី ឬមធ្យម មិនអាចធ្វើដូចអាមេរិកបានទេ។

គេមើលឃើញទៀតថា អាមេរិក និងសម្ពន្ធមិត្ត បានសន្យាបញ្ចេញប្រេងបម្រុងទុករបស់ខ្លួន ៦០លានបារែល ដើម្បីដោះស្រាយបញ្ហាកង្វះខាត ប៉ុន្តែក្នុងមួយថ្ងៃៗ ពិភពលោកត្រូវការប្រើប្រាស់ប្រេងដល់ទៅជាង ១០០លានបារែលឯណោះ, ដូច្នេះ ផលប៉ះពាល់ពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលរង្គោះរង្គើតម្លៃប្រេងឡើងថ្លៃនៅជុំវិញពិភពលោកនេះ ធ្វើឲ្យកម្ពុជាដែលជាប្រទេសនាំប្រេងចូល គេចមិនផុតពីការហក់ឡើងតម្លៃប្រេងដូចបណ្ដាប្រទេសនានានៅលើពិភពលោកផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×