អាមេរិកហាក់ដូចជាកំពុងធ្វើចលនា ដើម្បីបង្ហាញពីកម្លាំងយោធារបស់ខ្លួន ក្នុងបរិបទនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងគំរាមកំហែងរាលដាលដល់ភាគខាងលិច។
ស្ថិតក្នុងចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ពីអ៊ុយក្រែន នៅខាងក្នុងអាកាសយានដ្ឋានមួយ ភាគខាងកើតប្រទេសប៉ូឡូញ អាមេរិកបានដាក់ពង្រាយមីស៊ីល Patriot ធំៗចំនួនពីរ ដែលជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយនៅក្នុងពិភពលោក។
មេបញ្ជាការកងទ័ពអាមេរិក ដែលមិនបញ្ចេញឈ្មោះ នៅក្នុងប្រទេសប៉ូឡូញ បានប្រាប់បណ្តាញព័ត៌មានថា «កាំជ្រួចទាំងអស់នេះ ត្រូវបានរចនាឡើង ដើម្បីស្ទាក់ចាប់កាំជ្រួចផ្លោងយុទ្ធសាស្ត្រ កាំជ្រួចមីស៊ីល និងក៏ដូចជាយន្តហោះ។ ហើយប្រព័ន្ធនេះអាចកំណត់អត្តសញ្ញាណការគំរាមកំហែង និងមានសមត្ថភាពកម្ចាត់ពួកគេ»។
មេបញ្ជាការរូបនោះក៏បាននិយាយថា មីស៊ីល Patriot ដ៏ទំនើបបំផុតទាំងនេះ ត្រូវបាននាំមកប៉ូឡូញប្រហែលមួយសប្តាហ៍មុន។
គួរបញ្ជាក់ថា ទាហានអាមេរិកប្រហែល ១ សែននាក់ កំពុងធ្វើសកម្មភាពនៅអឺរ៉ុបជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៥ រួមទាំងទាហាននៅទីតាំង Patriot ផងដែរ។
ឧត្តមសេនីយ Gregory Brady ដែលបញ្ជាប្រព័ន្ធការពារកាំជ្រួចរបស់កងទ័ពនៅទូទាំងទ្វីបអឺរ៉ុបបានប្រាប់ CBS ថា «យើងតែងតែរក្សាកម្រិតខ្ពស់នៃការត្រៀមខ្លួន។ យើងនៅទីនេះត្រៀមខ្លួនជាស្រេច ដើម្បីការពារទឹកដីរបស់អង្គការណាតូ ពីការគំរាមកំហែងណាមួយពីអាកាស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


