Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមឈ្លានពានរបស់ ពូទីន ធ្វើឲ្យរុស្ស៊ី បាត់បង់ឧត្ដមសេនីយ៍យោធាកំពូលចំនួន៤នាក់

រដ្ឋធានីគៀវ ៖ រហូតមកដល់ពេលនេះ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យរុស្ស៊ី បាត់បង់ឧត្ដមសេនីយ៍យោធាកំពូលៗ ជាច្រើននាក់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថា លោក អេនតុន ជេរ៉ាស់សេនកូ (Anton Gerashchenko) ទីប្រឹក្សា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានបង្ហោះរូបភាព នៅលើបណ្ដាញសង្គមតេឡេក្រាម ថា លោកឧត្ដមសេនីយ៍ អូឡែគ មីទីយ៉ែវ (Oleg Mityaev) ជាមេទ័ពកំពូលមួយរូបរបស់រស្ស៊ី បានបាត់បង់ជីវិត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងទីក្រុងម៉ារីអូប៉ូល ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង អំពីការស្លាប់របស់ឧត្តមសេនីយ៍រុស្ស៊ី ម្នាក់ទៀត នៅក្នុងសុន្ទរកថារបស់គាត់ កាលពីយប់ ថ្ងៃទី១៥ ខែមីនា ប៉ុន្តែលោកប្រធានាធិបតី មិនបានបញ្ចេញឈ្មោះរបស់ឧត្ដមសេនីយ៍រុស្ស៊ី រូបនោះទេ។

លោក អេនតុន ជេរ៉ាស់សេនកូ (Anton Gerashchenko) ទីប្រឹក្សា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានបញ្ជាក់ថា លោកឧត្ដមសេនីយ៍ Oleg Mityaev អាយុ៤៦ឆ្នាំ ធ្លាប់បញ្ជាឲ្យកងពលកាំភ្លើងធំទី១៥០របស់រុស្ស៊ី វាយប្រយុទ្ធគ្នា នៅក្នុងសង្គ្រាម នៅប្រទេសស៊ីរី។ ចំណែកការស្លាប់របស់លោកឧត្ដមសេនីយ៍ អូឡែគ មីទីយ៉ែវ (Oleg Mityaev) បានធ្វើឲ្យរុស្ស៊ី បាត់បង់មេទ័ពកំពូល កើនឡើង ដល់ចំនួន៤នាក់ ចាប់តាំងពីការធ្វើសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈរហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

បណ្ដាញទូរទស្សន៍ CSB បានចេញផ្សាយ កាលពីចុងសប្ដាហ៍មុន ថា សង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យទាហានរុស្ស៊ី យ៉ាងតិច ជាង ៦ ០០០នាក់បាត់បង់ជីវិត និង ជាង ១៨ ០០០នាក់ផ្សេងទៀតរងរបួស។ ដោយឡែក កងទ័ពអ៊ុយក្រែន ត្រូវបានគេប៉ាន់ប្រមាណថា ស្លាប់ ចន្លោះពី ២ ០០០ដល់៤០០០នាក់។

ដោយឡែក ក្រសួងការពារជាតិចក្រភពអង់គ្លេស បានអះអាងថា រហូតមកដល់ពេលនេះ រុស្ស៊ីកំពុងស្វែងរកការបង្កើនកម្លាំងកងទ័ពបន្ថែម ដើម្បីពង្រឹង និង ជំនួសនូវការខាតបង់កម្លាំងយោធារបស់ខ្លួន ដែលបានបាត់បង់ជីវិត នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។

ដោយឡែក អង្គការសហប្រជាជាតិ បានអះអាងថា ប្រជាពលរដ្ឋ ចំនួន៣លាននាក់ បានរត់ភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×