ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តទេសចរណ៍វ៉ាក់សាំង នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានណែនាំមន្ត្រីជំនាញ និងផ្នែកឯកជន ឱ្យខិតខំកែច្នៃគោលដៅទេសចរណ៍ដែលមានស្រាប់ និងបង្កើតថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជាអ្នកដឹកនាំកិច្ចប្រជុំ សម្រាប់គោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ បានបញ្ជាក់ថា អ្វីដែលខ្ញុំចង់និយាយនាពេលនេះ គឺគោលដៅថ្មី ការបង្កើតថ្មី ហើយទៅតាមគន្លងប្រក្រតីភាពថ្មី, រឿងទាំងអស់នេះ យើងត្រូវតែត្រួតពិនិត្យគ្រប់គោលដៅទាំងអស់ បើសិនជាគោលដៅនីមួយៗអត់បានកែច្នៃ ឬអត់បានរៀបចំកែសំរួលឱ្យបានល្អទេ ក៏មិនអាចទាក់ទាញភ្ញៀវទេចរបានច្រើនដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ដើម្បីកែច្នៃឱ្យបានល្អផ្នែកទេសចរណ៍ រដ្ឋបានរៀបចំទុនសម្រាប់ឱ្យខ្ចី កែលម្អសណ្ឋាគាររមណីដ្ឋាន ផលិតផលទេសចរណ៍ធុនតូច និង មធ្យម។ ចំណុចនេះយើងត្រូវតែខិតខំធ្វើ ពិសេសផ្នែកឯកជនត្រូវតែគិតដល់បញ្ហានេះ។

ឯកឧត្តម ថោង ខុន សង្កត់ថា ដើម្បីជំនះបាន និងជោគជ័យលើវិស័យទេសចរណ៍នាបច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធត្រូវសហការជំរុញការអនុវត្តផែនការសកម្មភាពនៃ ” វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ” ឱ្យមានប្រសិទ្ធភាព និងស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត គ្រប់គ្រងគោលដៅទេសចរណ៍ ត្រូវអនុវត្តវិធានការសុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានហ្មត់ចត់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







