រដ្ឋធានីវ៉ាសាវី៖ បន្ទាប់ពីនាយករដ្ឋមន្រ្ដីប៉ូឡូញ ស្លូវេនី និង ឆេក បានរួមដំណើរជាមួយគ្នា ទៅធ្វើទស្សនកិច្ច នៅក្នុងរដ្ឋធានីគៀវ កាលពីថ្ងៃទី១៥ ខែមីនា នោះមក ប្រមុខរដ្ឋាភិបាលប៉ូឡូញ បានអំពាវនាវដល់មេដឹកនាំ នៃបណ្ដាប្រទេស នៅក្នុងសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក គួរតែទៅធ្វើទស្សនកិច្ច ដោយផ្ទាល់ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញ ពីគោលជំហរនៃសាមគ្គីភាពដ៏រឹងមាំរបស់បច្ចិមលោក ជួយដល់ប្រទេសនៅអឺរ៉ុបមួយនេះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថា លោក ម៉ាទើស ម៉ូរ៉ាវិកគី (Mateusz Morawiecki) នាយករដ្ឋមន្ត្រីប៉ូឡូញ បានជំរុញឱ្យមេដឹកនាំ នៃសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គួរតែទៅធ្វើទស្សនកិច្ច នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញ ពីសាមគ្គីភាពរបស់បច្ចិមលោក។

លោកនាយករដ្ឋមន្ត្រីប៉ូឡូញ បានប្រាប់ដល់កាសែតអាល្លឺម៉ង់ Tabloid Bild ហើយបានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែមីនា ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់, លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង, លោក ចូ បៃដិ (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក, លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង ប្រមុខរដ្ឋាភិបាលផ្សេងៗទៀត នៅក្នុងសហភាពអឺរ៉ុប គួរតែធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន។ ការដែលមេដឹកនាំរបស់មហាអំណាចបច្ចិមលោក ទៅកាន់ប្រទេសអឺរ៉ុបមួយនេះ នឹងមើលឃើញ ដោយផ្ទាល់ភ្នែក ចំពោះស្ត្រី និងកុមារ នៅទីនោះ ហើយជួយពួកគេ ដើម្បីសង្គ្រោះជីវិត និង ឯករាជភាពរបស់ពួកគេ។
លោកនាយករដ្ឋមន្ត្រីប៉ូឡូញ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ប្រជាជនអ៊ុយក្រែន កំពុងតែតស៊ូប្រយុទ្ធយ៉ាងលំបាកបំផុត ដើម្បីតម្លៃរបស់អឺរ៉ុប និង បច្ចិមលោក ក៏ដូចជា សេរីភាពរបស់ពិភពលោក ផងដែរ។
សារព័ត៌មាន CNN បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថា នាយករដ្ឋមន្រ្ដីប៉ូឡូញ ស្លូវេនី និង ឆេក កាលពីថ្ងៃទី១៥ ខែមីនា បានទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងគៀវ។ ប្រមុខរដ្ឋាភិបាល ទាំង៣ប្រទេស នៅក្នុងប្លុកអឺរ៉ុប នេះ បានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេ ជួយដល់ប្រទេសអ៊ុយក្រែន ចំពេលមានការឈ្លានពាន ពីរុស្ស៊ី។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាលទាំង៣ប្រទេស បានកើតឡើង ក្រោយពេលមានជំនួបជាមួយនឹងលោក វ៉ូឡូឌីមៀរ ហ្សេឡែស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងរដ្ឋធានីគៀវ កាលពីថ្ងៃទី១៥ ខែមីនា។

ប្រមុខរដ្ឋាភិបាលទាំង៣ប្រទេស នៅក្នុងប្លុកអឺរ៉ុប នេះ បានបញ្ជាក់ ពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ប្រាប់ដល់មេដឹកនាំក្រុងគៀវ ថា ពួកគេនឹងមិនទុកឲ្យអ៊ុយក្រែន នៅតែឯងនោះឡើយ។ បច្ចុប្បន្ន អ៊ុយក្រែន មិនត្រឹមតែតស៊ូ ការពារសេរីភាព ទឹកដី និង សន្ដិសុខផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែអ៊ុយក្រែន ថែមទាំងកំពុងការពារដល់ពួកគេ និង ពិភពលោក ទៀតផង។
អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា គោលបំណង នៃដំណើរទស្សនកិច្ចរបស់លោក Morawiecki នាយករដ្ឋមន្ដ្រីប៉ូឡូញ, លោក Janez Janša នាយករដ្ឋមន្រ្ដីស្លូវេនី និង លោក Petr Fiala នាយករដ្ឋមន្រ្ដីឆេក គឺដើម្បីបញ្ជាក់ អំពីការគាំទ្រជាក់ស្តែងរបស់សហភាពអឺរ៉ុបទាំងមូលចំពោះអធិបតេយ្យភាព និង ឯករាជភាពរបស់ប្រទេសអ៊ុយក្រែន ហើយក៏បង្ហាញនូវការគាំទ្រយ៉ាងទូលំទូលាយ សម្រាប់រដ្ឋ និង សង្គមរបស់អ៊ុយក្រែន ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN












