អ៊ុយក្រែន ៖ ដំបូង គេបានពិនិត្យឃើញថា មេដឹកនាំអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ បានខិតខំខ្នះខ្នែងខ្លាំងមែនទែនក្នុងការជួយជ្រោមជ្រែង និងផ្ដល់ជំនួយជាគ្រឿងសព្វាវុធ ស្បៀងអាហារ និងលុយកាក់រាប់រយពាន់លានដុល្លារ ទៅជួយដល់ប្រទេសអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ជាជាងជំរុញ លើកទឹកចិត្តឱ្យគ្រប់ភាគីបង្កើនកិច្ចចរចារកដំណោះស្រាយបញ្ចប់សង្គ្រាមដោយសន្តិវិធីទៅវិញ?!

នេះមិនមានន័យថា អាងគ្នាច្រើនព្រួតដៃគ្នាចង់បំផ្លាញប្រទេសរុស្ស៊ី និងគំរាមកំហែងពិភពលោកឬ? ពិតមែនហើយ អាមេរិក និងសម្ព័ន្ធមិត្តណាតូ ថែមទាំងគំរាមកំហែងទៅដល់បណ្ដាប្រទេសជាមិត្តរុស្ស៊ីជាច្រើនទៀត ដូចជា បេឡារុស វេណេហ្សូអេឡា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ឥណ្ឌា កូរ៉េខាងជើង និង ចិន ជាដើម… ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ៗ ការផ្ដាច់សេវាពាណិជ្ជកម្មនាំចេញនាំចូល និងទំនាក់ទំនងការទូត… តើទណ្ឌកម្មបែបនេះ មានយុត្តិធម៌ដែរទេសម្រាប់ប្រទេសនានាក្នុងពិភពលោក ?! អាម៉េរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ ពួកខ្លួនឯងចេះជួយគ្នាឯងបាន ប៉ុន្តែត្រង់មិត្តភាពរបស់រុស្ស៊ី បែរជាពួកអ្នកឯងហាមមិនឲ្យគេជួយគ្នាទៅវិញ។
និយាយពីទណ្ឌកម្ម របស់ អាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ ទៀតសោត ដ្បិតអី យើងមើលរូបភាពពីខាងក្រៅ ពិតជាល្អស្អាត ព្រោះថា គេបានយកមុខទេវតាដ៏ស្អាតមកពាក់នៅលើផ្ទៃមុខរបស់ពួកគេរៀងៗខ្លួន ហើយស្រែកថា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន, តែធាតុពិត គឺចង់បំផ្លាញប្រទេសគេឲ្យចុះខ្សោយ និងដណ្ដើមយកភូមិសាស្រ្តនយោបាយរបស់ប្រទេសគេតែប៉ុណ្ណោះ ដោយប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍, ហើយមិនតែប៉ុណ្ណោះ អាមេរិកខ្លួនឯង បានព្យាយាមបិទបាំងរឿងដែលខ្លួនគប់គិតគ្នាជាមួយអ៊ុយក្រែនបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ និងរោងចក្រអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែង ទៀតផង គឺជាអាវុធមេរោគសម្លាប់មនុស្សយ៉ាងសាហាវឃោរឃៅ ដែលមានយ៉ាងហោចណាស់ក៏ជិត៣០កន្លែងផងដែរ ត្រូវបានរកឃើញដោយកងទ័ពរុស្ស៊ីខណ:ពេលចូលវាយប្រហារដល់ក្នុងប្រទេសអ៊ុយក្រែន។

ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី និងបណ្តាប្រទេសជាមិត្តរុស្ស៊ី ក៏ស្មើនឹងគំនិតអាក្រក់មួយប្រៀបដូចជាឃាតករឥតស្រមោលសម្លាប់មនុស្សមិនញញើតដៃស្ទើរតែទូទាំងពិភពលោកទៅហើយ, ព្រោះថា វាមិនមែនធ្វើឱ្យមេដឹកនាំរុស្ស៊ី និងមេដឹកនាំប្រទេសផ្សេងទៀតដែលគាំទ្ររុស្ស៊ី ត្រូវរងគ្រោះ រងទុរភិក្ស ខាតបង់ធំធេងតែប៉ុន្មាននាក់នោះឯណា គឺប៉ះពាល់ដល់ប្រជាជនស៊ីវិលទាំងក្នុងប្រទេសជាសត្រូវរបស់ខ្លួនផង និងទាំងក្នុងប្រទេសដែលមិនមែនជាសត្រូវរបស់ខ្លួនផង និងប៉ះពាល់នៅតាមបណ្ដាប្រទេសនានាជាច្រើនទៀតលើពិភពលោក។ ដូច្នេះ ពួកគេគួរណាស់តែប្រើវិធានការបង្កើនការលើកទឹកចិត្តឲ្យមានការជួបចរចាគ្នាដោះស្រាយនូវជម្លោះប្រដាប់អាវុធរុស្ស៊ី-អ៊ុយក្រែន ដោយសន្តិវិធី ជាជាងបញ្ជូនកម្លាំងទ័ព គ្រឿងសព្វាវុធ រថយន្ត រថក្រោះ យន្តហោះចម្បាំង ទៅកាន់អ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រយុទ្ធជាមួយរុស្ស៊ី ដែលនេះគឺច្បាស់ណាស់ថា យកសាំងទៅចាក់លើភ្លើងដែលកំពុងឆេះ មិនមែនយកទឹកទៅពន្លត់ភ្លើងនោះឡើយ។
បានជាថាទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មការទូតនេះ ជាឃាតករឥតស្រមោលនោះ គឺ អាមេរិក និងសហភាពអឺរ៉ុប បានរួមគ្នាបិទការនាំចូលប្រេង និងឧស្ម័នហ្កាស ពីប្រទេសរុស្ស៊ី និងផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសបេឡារុស តើ វាប៉ះពាល់អ្វីខ្លះទៅនៅក្នុងជីវភាពរស់នៅ សេដ្ឋកិច្ចសង្គមរបស់ប្រទេសរុស្ស៊ី និងបេឡារុស ?! វាពិតណាស់ថា ប្រទេសរុស្ស៊ី និងបេឡារុស នឹងត្រូវតែប៉ះពាល់ធ្ងន់ធ្ងរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសេដ្ឋកិច្ចសង្គមរបស់មេដឹកនាំគ្រប់ជាន់ថ្នាក់ និងលើប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ, ប៉ុន្តែសួរថា តើជនស៊ីវិលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងជនស៊ីវិលនៃបណ្ដាប្រទេសជាច្រើនទៀតលើពិភពលោក ដែលគ្នាមិនដឹងអ្វីសោះនោះ ទទួលរងផលប៉ះពាល់នៃការដាក់ទណ្ឌកម្មនេះទេ?! គឺពិតជាប៉ះពាល់ធ្ងន់ធ្ងរណាស់, ជាក់ស្ដែង ប្រេងសាំង និងឧស្ម័នហ្គាស ឡើងថ្លៃកប់ពពក ចរន្តសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសនានានៅលើពិភពលោក រាប់ទាំងកម្ពុជាផងដែរ កំពុងកើតឡើងអតិផរណា។
ការកើនឡើងអតិផរណា ផ្ដើមចេញពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនេះ ធ្វើឲ្យពលរដ្ឋនៃប្រទេសមួយចំនួនកំពុងជួបបញ្ហាលំបាកខ្លាំងក្លាហើយ ដោយអ្នកខ្លះមិនមានលុយចាក់សាំងយានយន្តប្រើប្រាស់ ដូចជា ធ្វើដំណើរទៅធ្វើការ ឬប្រកបអាជីវកម្មផ្សេងៗនោះឡើយ, សិស្សសាលាត្រូវកាត់បន្ថយការប្រើប្រាស់យានយន្តទៅសាលា សុខចិត្តបែរមករៀននៅតាមផ្ទះវិញ។

សូមបញ្ជាក់ថា មូលហេតុកើតឡើងអតិផរណារឿងប្រេងសាំង និងឧស្ម័នហ្គាសនេះ ព្រោះថា ប្រទេសរុស្ស៊ី គឺជាប្រទេសផលិតប្រេង ឧស្ម័នហ្គាស លំដាប់លេខ ៣ លើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក, ហើយរុស្ស៊ី ក៏ជាប្រទេសនាំចេញប្រេង ឧស្ម័នហ្គាស ធំជាងគេលំដាប់ទី ២ លើពិភពលោក, ចំណែកទំហំសរុបដែលនាំចេញចែកចាយលើពិភពលោក គឺជាង ៤០ភាគរយទៅហើយ ត្រូវនាំចូលទៅក្នុងតំបន់អឺរ៉ុប, ចុះបើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហាមឃាត់មិនឲ្យរុស្ស៊ីនាំចូលប្រេង និងឧស្ម័នហ្គាស ទៅក្នុងប្លុកទឹកដីរបស់ពួកខ្លួនបែបនេះ ពួកគេនឹងជួបការលំបាកយ៉ាងខ្លាំង ហើយក្នុងរយៈពេលខ្លី និងមធ្យម សហភាពអឺរ៉ុប មិនអាចដោះស្រាយស្វែងរកប្រភពប្រេង និងឧស្ម័នហ្គាស នាំចូលពីបណ្ដាប្រទេសផ្សេងៗទៀតបានឡើយ, អីចឹងហើយបានជាកើតកលិយុគអតិផរណាចំពោះតម្លៃប្រេង-ឧស្ម័នហ្គាសឡើងថ្លៃ។ ដូច្នេះ មានតែគ្រប់ភាគី ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ ព្រមទាំងអ៊ុយក្រែន និងរុស្ស៊ីផងដែរ គួរតែប្រើយន្តការបង្កើនកិច្ចសន្ទនា ចូលតុចរចានៅគ្រប់កម្រិត ដើម្បីស្វែងរកដំណោះស្រាយជម្លោះប្រដាប់អាវុធដោយសន្តិវិធី។
ពាក់ព័ន្ធនឹងបញ្ហាអតិផរណាទំនិញស្ទើរតែគ្រប់មុខឡើងថ្លៃ រីឯរូបិបណ្ណចុះថោកវិញ គឺរាលដាលមកពីប្រទេសរុស្ស៊ី ជាប្រទេសនាំចេញស្រូវសាលី និងពោត លំដាប់លេខ ១ ក្នុងពិភពលោក រីឯគ្រាប់ធញ្ញជាតិផ្កាឈូករ័ត្នដើម្បីចម្រាញ់ធ្វើជាប្រេងឆា លំលេខ ២ ក្នុងពិភពលោក, ហើយរុស្ស៊ីដដែលហ្នឹង ក៏ជាអ្នកនាំចេញជីកសិកម្មលំដាប់លេខ ១ ក្នុងពិភពលោកដែរ។ ចំណែកប្រទេសអ៊ុយក្រែនវិញ ជាអ្នកនាំចេញគ្រាប់ធញ្ញជាតិផ្កាឈូករ័ត្នលំដាប់លេខ ១ ក្នុងពិភពលោក រីឯស្រូវសាលី និងពោត លំដាប់លេខ ២ ក្នុងពិភពលោក, ប៉ុន្តែ ប្រទេសរុស្ស៊ី ត្រូវបាន អាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មមិនឲ្យនាំចូលផលិតផលទាំងនោះទៅក្នុងប្រទេសរបស់ពួកគេ និងថែមទាំងជាប់ដៃធ្វើសង្គ្រាមទៀត តើមានបាននាំអ្វីទៅផ្គត់ផ្គង់លើទីផ្សារលើពិភពលោក។ សូមបញ្ជាក់ថា ផលិតផលវត្ថុធាតុដើម ទាំងខាង រុស្ស៊ី និងអ៊ុយក្រែន មានសារៈសំខាន់ណាស់សម្រាប់ការដាំដុះបង្កបង្កើនផល និងធ្វើជានំច្រើនមុខ ផលិតជាស្បៀងអាហារច្រើនយ៉ាង… ដល់ពេលអត់បាននាំចេញអីចឹងទៅ ក៏ធ្វើឲ្យបណ្ដាប្រទេសនានាដែលត្រូវការវត្ថុធាតុដើមពីរុស្ស៊ី ក៏អត់បានពិនិត្យទំនិញគ្រប់យ៉ាងរបស់ផងខ្លួនយ៉ាងដូច្នោះដែរ។

ចំណែកប្រទេសអ៊ុយក្រែនឯណោះវិញ ពេលនេះកំពុងខ្ទេចខ្ទាំដោយសារសង្គ្រាម អគារហេដ្ឋារចនាសម្ព័ន្ធ អគារពាណិជ្ជកម្ម ផ្សារទំនើប អាគាររដ្ឋបាលសេវាកម្មផ្សេងៗ ទីក្រុង ទីប្រជុំជន ត្រូវបានខ្ទេចខ្ទាំស្ទើរតែមើលមិនស្គាល់ទៅហើយ បើមិនពិនិត្យឲ្យច្បាស់នោះទេ គេអាចនឹងយល់ច្រឡំថា ជាទីក្រុងបុរាណបន្សល់ទុកតាំងឆ្នាំណាមកនោះទេ ទើបតែប្រទះឃើញនាពេលនេះ, ដូច្នេះ មានលទ្ធភាពឯណា ទៅនាំចេញស្រូវសាលី ពោត និងគ្រាប់ធញ្ញជាតិផ្កាឈូករ័ត្នរបស់ខ្លួននោះ?! អីចឹងហើយ បណ្ដាប្រទេសនានាត្រូវការយកវត្ថុធាតុដើមទាំងរបស់រុស្ស៊ី និងអ៊ុយក្រែន ដើម្បីទៅផលិតជាស្បៀងអាហារ ម្សៅប្រើប្រាស់ជានំ ជាអាហារ ប្រេងឆា និងការដាំដុះ ជាដើម អត់បាន, អីចឹងទេ បានជាកើតកលិយុគអតិផរណា ទំនិញឡើងថ្លៃ រូបិយបណ្ណចុះថោក, មានលុយហើយ មិនអាចស្វែងរកទិញអាហារហូបចុកបាន ដែលវានឹងក្លាយទៅជាគ្រោះទុរភិក្សនៅលើបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក , ជាពិសេស ប្រទេសក្រីក្រ នឹងអាចមានអ្នកស្លាប់ដោយសារតែអត់អាហារ ប៉ះពាល់ដល់ប្រាក់ចំណូលឆ្លើយតបទៅនឹងជីវភាពប្រចាំថ្ងៃ ដូចជាការប្រើប្រាស់ប្រេងសាំង ការធ្វើដំណើរទៅប្រកបការងារ អាជីវកម្មផ្សេងៗ និងការរស់នៅក្នុងផ្ទះសម្រាប់រដូវរងារ, ទាំងនេះ មានន័យថា ការដាក់ទណ្ឌកម្ម គឺជាកម្មវិធីឃាតករឥតស្រមោលរបស់ មេដឹកនាំសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងជាការបញ្ឆេះភ្លើងសង្គ្រាមឲ្យកាន់តែខ្លាំងក្លាសន្ធោសន្ធៅឡើងពិបាកនឹងរកវិធីបញ្ចប់។
គួររំលឹកថា មហាអំណាចបស្ចិមលោក រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បានរាំង អាល្លឺម៉ង់ និងអូស្ត្រាលី ជាដើម, បាននិងកំពុងតែបង្កើនការដាក់ទណ្ឌកម្មជាកញ្ចប់ស្ទើរគ្រប់វិស័យប្រឆាំងនឹងរុស្ស៊ី ក្រោយពេលប្រធានាធិបតី លោក ពូទីន បានបញ្ជាកងទ័ពវាយប្រហារទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ, ទណ្ឌកម្មទាំងនោះ រួមមាន កាត់ផ្ដាច់សេដ្ឋកិច្ច ពាណិជ្ជកម្ម ចំណងការទូត បង្កកទ្រព្យសម្បត្តិឥស្សរជន និងមហាសេដ្ឋីរបស់រុស្ស៊ី, កាត់ផ្ដាច់សេវាកម្មធនាគារ ប្រព័ន្ធហិរញ្ញវត្ថុ សាកល (SWIFT) ។ល។

ថ្មីៗនេះ ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានសម្រេចហាមឃាត់ដល់សហរដ្ឋអាមេរិក នាំចូលប្រេង ឧស្ម័នរាវ (ឬហ្គាស) និង ផលិតផលថាមពលនានា មកពីប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ សម្ពន្ធមិត្តនៅអឺរ៉ុប គឺអង់គ្លេស ក៏បានសម្រេចដូចគ្នានេះដែរ ហើយថែមទាំងបង្កកទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីរុស្ស៊ីដែលជិតស្និទ្ធនឹងប្រធានាធិបតី ពូទីន បន្ថែមទៀត, ជាពិសេសប្រធានក្លិបបាល់ទាត់ដ៏ធំ ឆែលស៊ី នៅក្នុងប្រទេសអង់គ្លេស។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។
ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីមិនអស់ចិត្ត អាមេរិកងាកទៅគំរាមឥណ្ឌាថែមទៀត ដោយគ្រាន់តែឥណ្ឌាជាមិត្តស្និទ្ធស្នាលជាមួយរុស្ស៊ី ធ្លាប់ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងយោធា, ដោយថ្មីៗនេះ ទីក្រុងវ៉ាស៉ីនតោន បានទទូចសុំឱ្យឥណ្ឌាកុំទិញប្រេងពីរុស្ស៉ី ក្រោមហេតុផលថា ការធ្វើដូច្នេះស្មើនឹងគាំទ្រទីក្រុងមូស្គូចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន, ការគំរាមរបស់អាមេរិកនេះ កើតឡើងបន្ទាប់ពីក្រុមមន្រ្តីឥណ្ឌាបានបង្ហើបថា រដ្ឋាភិបាលទីក្រុងញូដេលី រីករាយនឹងពិចារណាលើការទិញប្រេង ឧស្ម័នហ្គាស ដែលរុស្ស៉ីបញ្ចុះតម្លៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។
ការគំរាមបែបនេះ ត្រូវបានអ្នកវិភាគអន្តរជាតិជាច្រើនលើកបង្ហាញថា អាមេរិកខ្លួនឯង ហេតុអីដើរដាក់ទណ្ឌកម្មទៅលើប្រទេសនានាក្នុងពិភពលោកបានតាមតែអំពើចិត្ត និងប្រើអំណាចផ្ដាច់ការគំរាមគេឯងតាមអំពើចិត្ត នេះមិនហៅថា ឈ្លានពានគេទេឬ ?! ហើយនេះមិនហៅថា ផ្ដាច់សេដ្ឋកិច្ចគេ ខ្ទប់ច្រុះផ្ដាច់ដង្ហើម បង្អត់អាហារគេទេឬ?! ដូច្នេះ គេអាចហៅថា ជាការសម្លាប់ពលរដ្ឋនៅលើបណ្ដាប្រទេសនានាតាមរយៈកម្មវិធីទណ្ឌកម្មនេះ។
ឃាតករឥតស្រមោលសម្លាប់មនុស្ស របស់អាមេរិក តាមរយៈកម្មវិធីដាក់ទណ្ឌកម្មលើបណ្ដាប្រទេសនានាមិនរើសមុខនេះ ឥឡូវកាន់តែផ្គើនគឃ្លើន ធ្វើឲ្យពិភពលោកមើលឃើញមុខមាត់ច្បាស់ថា អាមេរិក មិនមែនជា ” បិតាប្រជាធិបតេយ្យ ” នោះទេ គឺជាបិតាឈ្លានពាន ផ្ដាច់ការនិយម សម្លាប់ជនស៊ីវិលស្លូតត្រង់នៅលើពិភពលោកតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះឯង ពីព្រោះគេរាល់គ្នាបានឃើញរួចហើយថា ទណ្ឌកម្ម គឺបានធ្វើឱ្យប្រទេសនីមួយៗត្រូវដាច់ដោចឆ្ងាយពីគ្នា មិនអាចទំនាក់ទំនងគ្នាបានតាមរបៀបការទូត និងការធ្វើពាណិជ្ជកម្មនាំទំនិញចេញ-ចូល ប្រាស័យទីផ្សារជាមួយគ្នាបាន, យូរៗទៅក្នុងប្រទេសដែលរងនឹងទណ្ឌកម្ម នឹងកើតជាកលិយុគអតិផរណា ហើយច្បាស់ណាស់ថា ពលរដ្ឋក្រីក្រនឹងជួបនូវគ្រោះទុរភិក្សអត់អាហារ បន្ទាប់មកនឹងឈានទៅដល់ដំណាក់កាលមរណភាណម្ដងមួយៗ… ដូច្នេះ ការដាក់ទណ្ឌកម្មរបស់អាមេរិក គឺពិតជាឃាតករឥតស្រមោលប្រាកដមែន !!!

ឥឡូវនេះ ពួកសម្ព័នមិត្តរបស់អាមេរិក បានគំរាមដាក់ទណ្ឌកម្មទៅលើប្រទេសចិនថែមទៀត គឺជាការបង្ហាញយ៉ាងច្បាស់ថា ពួកគេព្រួតគ្នាដើរធ្វើបាបមនុស្សនៅតាមប្រទេសនានា និងប្រើទណ្ឌកម្មជាឃាតករឥតស្រមោលសម្លាប់មនុស្សយ៉ាងឱឡារិក និងឥតអៀនខ្មាស។ ជាក់ស្ដែង នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសសុន (Scott Morisson) បាននិយាយថា ចិន នឹងត្រូវប្រឈមផលវិបាកធ្ងន់ធ្ងរ ប្រសិនបើគាំទ្រចំពោះការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន, ដោយលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី រូបនេះ គូសបញ្ជាក់ថា ទង្វើបែបនេះគឺ «គួរឲ្យស្អប់ខ្ពើម» ហើយបង្ហើបពីឆន្ទៈចូលរួមក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងប៉េកាំង ខណ: ដែលទីក្រុងប៉េកាំងបដិសេធការថ្កោលទោសប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែន, ប៉ុន្តែប្រទេសចិនបានច្រានចោលចំពោះគំនិតអត្តទត្ថបុគ្គលបែបនេះ… តើការគំរាមនេះ អាចថា ជាការឈ្លានពានសេដ្ឋកិច្ចដែរឬទេ?!
ប្រាកដណាស់ ពេលនេះលេចមុខត្រង់ៗតែម្ដង សហរដ្ឋអាមេរិក បានគំរាមទៅដល់រដ្ឋចិនអំពីការដាក់ទណ្ឌកម្មផ្សេងៗផងដែរ, គឺ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក សូលីវ៉ាន់ (Jake Sullivan) បានព្រមានថា ទីក្រុងប៉េកាំង អាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានជួយឱ្យរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក រូបនេះ បានចាប់យករដ្ឋចិនធ្វើជាចំណាប់ខ្មាំងក្នុងមហិច្ចតាដែលខ្លួនចង់បំផ្លាញរុស្ស៊ី, ហើយអ្វីដែលកាន់តែបង្ហាញអំពីអំពើឈ្លានពានផ្ដាច់ការរបស់ខ្លួនថែមទៀតនោះ គឺគ្រាន់តែលេចឮដំណឹងថា រុស្ស៊ីបានស្នើសុំជំនួយបរិក្ខារយោធាពីរដ្ឋចិនប៉ុណ្ណោះ ស្រាប់តែមិនទាន់ទាំងស៊ើបអង្កេតឲ្យបានច្បាស់លាស់ផង អាមេរិក ក៏គំរាមដាក់ទណ្ឌកម្មទៅលើរដ្ឋចិនទៅហើយ តើស័ក្ដិសមជាប្រទេសផ្ដល់គំរូបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរឬទេ?! ទង្វើបែបនេះ គឺបញ្ជាក់ច្បាស់ថា អាមេរិក អាងខ្លួនជាបងធំពិភពលោក ប្រើអំណាចផ្ដាច់ការឈ្លានពានសេដ្ឋកិច្ចប្រទេសដទៃ និងប្រើកម្មវិធីដាក់ទណ្ឌកម្មដែលជាឃាតករឥតស្រមោលសម្លាប់ជនស្លូតត្រង់នៅក្នុងប្រទេសនានា តើពិភពលោកមានមើលឃើញទេត្រង់ចំណុចនេះ នឹងចងចាំទុកដែរទេ។
ក្រៅពីការដាក់ទណ្ឌកម្មដែលមិនទាន់អស់ចិត្តនៅឡើយនោះ ពួកសម្ព័ន្ធមិត្តអាមេរិក គឺអាល្លឺម៉ង់ ប្រកាសថា នឹងទិញយន្ដហោះចម្បាំង F-35 ចំនួន ៣៥គ្រឿង ពីសហរដ្ឋអាមេរិក ដើម្បីយកទៅផ្ដល់ជំនួសដល់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។
ទាក់ទងនឹងការផ្ដល់ជំនួយគ្រឿងសព្វាវុធ ជាពិសេសយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែននេះទៀត ថ្មីៗនេះផងដែរ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក ហ្សារ៉ូស្លាវ ណាដ (Jaroslav Nad) រួមជាមួយសមភាគីអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅឯក្រសួងការពារជាតិស្លូវ៉ាគី ក្នុងរដ្ឋធានីបា្រទីស្លាវ៉ា (Bratislava) ដោយប្រកាសថា ស្លូវ៉ាគី មានបំណងផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ប្រសិនបើសម្ព័ន្ធមិត្ត NATO អាចរកអ្វីផ្សេងមកជំនួសឱ្យស្លូវ៉ាគីវិញ។
លោក ហ្សារ៉ូស្លាវ ណាដ (Jaroslav Nad) រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី បានបញ្ជាក់ថា ពេលនេះ យើងបាននិងកំពុងកិច្ចពិភាក្សាជាមួយ អាមេរិក អ៊ុយក្រែន រួមទាំងសម្ព័ន្ធមិត្តដទៃទៀត ស្ដីពីលទ្ធភាពក្នុងការដាក់ពង្រាយ, បញ្ជូន ឬផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ហើយយើងពិតជាមានបំណងចង់ធ្វើដូច្នេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។
ងាកទៅមើលជំនួយរបស់អាមេរិកដែលជាធាតុផ្សំក្នុងការបញ្ឆេះភ្លើងសង្គ្រាម និងលាបពណ៌ឱ្យបណ្ដាប្រទេសនានា ឈ្លោះគ្នា ប្រយុទ្ធគ្នាប្រដាប់អាវុធវិញ គឺពេលថ្មីៗនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាចំណាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានទំហំទឹកប្រាក់ រហូតដល់ ១,៥ពាន់ពាន់លានដុល្លារ ក្នុងនោះមានទាំងជំនួយទំហំទឹកប្រាក់ជិត ១៤ពាន់លានដុល្លារ សម្រាប់កិច្ចការមនុស្សធម៌ និងការចំណាយលើការទិញគ្រឿងយុទ្ធោបករណ៍ ជួយដល់ប្រទេសអ៊ុយក្រែន។

លោក ឈុក ស្គូមើរ ( Chuck Schumer) មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ថា យើងកំពុងតែរក្សានូវការសន្យារបស់យើងក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណៈពួកគេកំពុងតែប្រយុទ្ធការពារជីវិតរបស់ពួកគេប្រឆាំងនឹងលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលបានសម្រេចចិត្តលើកកងទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស Reuters បានចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
ត្រង់កាយវិការបែបនេះ គេមើលឃើញថា បើអាមេរិកផ្ដល់ជំនួយរូបិយបណ្ណសម្រាប់កិច្ចការមនុស្សធម៌ ជួយដល់ជនស៊ីវិលស្លូតត្រង់របស់អ៊ុយក្រែន គឺជាកាយវិការល្អ, ប៉ុន្តែការផ្ដល់រូបិយបណ្ណទាំងនោះ មានបញ្ជាក់យ៉ាងច្បាស់លើការទិញគ្រឿងសព្វាវុធ ផ្ដល់ឱ្យអ៊ុយក្រែនទៀតផង នេះគឺមានន័យថា អាមេរិក មិនមែនជាអ្នកខ្នះខ្នែងដើម្បីបង្កើតសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី នោះទេ, ផ្ទុយទៅវិញកាយវិការនេះ គឺជាអ្នកញោះញង់ លាបពណ៌ ទៅដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូ ឲ្យកាន់តែធ្វើសង្គ្រាមជាមួយរុស្ស៊ីកាន់តែខ្លាំងក្លាថែមទៀត ហើយថែមទាំងធ្វើឲ្យមនុស្សស្លាប់កាន់តែច្រើនទៅៗដោយសារតែជំនួយធ្វើសង្គ្រាមនេះផងដែរ។
ការញោះញង់ លាបពណ៌ របស់ អាមេរិកនេះផងដេរ គឺ អាមេរិក បញ្ចុះបញ្ចូលសហភាពអឺរ៉ុបសម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យហាមនាំចូល ប្រេង ឧស្ម័នហ្គាស ស្រូវសាលី ពោត គ្រាប់ធញ្ញជាតិ និងទំនិញផ្សេងៗពីរុស្ស៊ីមកក្នុងតំបន់អឺរ៉ុប ឯអាមេរិកខ្លួនឯង លបលួចទៅចរចាទិញប្រេងពីប្រទេសវេណេហ្ស៊ូអេឡា, ចំណែកបណ្ដាប្រទេសអឺរ៉ុប ជិត ៣០ប្រទេសនោះ បែរជាកំពុងតែឆ្លេឆ្លា ស្លន់ស្លោ ស្វែងរកប្រេងសាំង ឧស្ម័នហ្គាស និងខ្វះខាតវត្ថុធាតុដើម ដូចជា ស្រូវសាលី ពោត ជីកសិកម្ម និងគ្រាប់ធញ្ញជាតិ ដើម្បីប្រើប្រាស់ក្នុងប្រទេសរបស់ផងខ្លួន មិនបានទៅវិញ។ នេះជាល្បិចពិសពុលមួយ ដែលអាមេរិក រុញច្រានឱ្យសហភាពអឺរុបដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ធ្លាក់ក្នុងមហន្តរាយមួយ។
មួយទៀត គឺអាមេរិក បានបំផុសបំផុលឲ្យសម្ព័ន្ធមិត្តសហភាពអឺរ៉ុប ផ្ដល់ជំនួយរូបិយបណ្ណ ជំនួយយោធា ដូចជា គ្រឿងសព្វាវុធទំនើបទំនើបៗ កាំភ្លើងតូច កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះ និងយន្តហោះ, ព្រមទាំង រថយន្ត រថក្រោះ និងយន្តហោះច្បាំង និងកងទ័ពផងដែរ ទៅជួយអ៊ុយក្រែន, ហើយរឿងនេះអាមេរិក លាបពណ៌ថា ខ្លួន និងសម្ព័ន្ធមិត្តណាតូ មិនអាចចេញមុខត្រង់ ឬផ្ទាល់ទៅប្រយុទ្ធតតាំងជាមួយរុស្ស៊ីនៅអ៊ុយក្រែននោះឡើយ ព្រោះថា វានឹងរាលដាលទៅជាសង្គ្រាមអាមេរិក សម្ព័ន្ធមិត្តណាតូ និងរុស្ស៊ី ថែមទៀត, លើសពីនេះ វានឹងក្លាយទៅជាសង្រ្គាមលោកលើកទី៣ , អាមេរិក និងសម្ព័ន្ធមិត្តណាតូ មិនធ្វើបែបនេះទេ នេះវាគ្រាន់តែជាការពាក់មុខទេវតាប៉ុណ្ណោះ រីឯក្នុងចិត្ត និងទង្វើរបស់ពួកគេវិញ គឺជាយក្សឈ្លានពាន។
ប៉ុន្តែ អាមេរិក ចិត្តជាទេវទត្តមាត់ជាទេវតានេះ បានប្រើល្បិចបង្កប់ន័យថា បណ្ដាប្រទេសសម្ព័ន្ធមិត្តសហភាពអឺរ៉ុប ជាបណ្ដាប្រទេសតូចៗ និងមិនមែនជាប្រទេសមហាអំណាចសេដ្ឋកិច្ច ឬប្រទេសអ្នកមានខ្លាំងក្លានោះទេ លុះក្រោយពេលប្រមែប្រមូលគ្រឿងសព្វាវុធ គ្រឿងបរិក្ខារយោធា រូបិយបណ្ណ និងកងកម្លាំងយោធា ទៅធ្វើសង្គ្រាមជួយអ៊ុយក្រែនជាបន្តបន្ទាប់នោះ គឺច្បាស់ណាស់ថា បណ្ដាប្រទេសសម្ព័ន្ធមិត្តសហភាពអឺរ៉ុបទាំងនោះ នឹងកាន់តែហិនហោចអស់ទ្រព្យសម្បត្តិ និងកាន់តែស្លាប់កងកម្លាំងយោធារបស់ខ្លួនស្បើយទៅៗ ពោលគឺ ខាតបង់ឡុងចុងទាំងអស់គ្នា ហើយប្រាកដណាស់ថា លុយកាក់ក៏ខាតបង់អស់ច្រើន, កងកម្លាំងយោធាក៏ស្លាប់អស់ច្រើន ប្រទេសគ្រប់គ្នានឹងកាន់តែទន់ខ្សោយទៅៗ, ដោយឡែក អាមេរិកជាប្រទេសបងធំគេ ជាប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ ១ ក្នុងពិភពលោក ដោយគ្រាន់តែបំផុសបំផុលគេ ធ្វើធ្មាក់ឱ្យចំណាយលុយប៉ុន្មានពាន់លានដុល្លារទៅឱ្យអ៊ុយក្រែននោះ មានរឿងអីទៅធ្លាក់ខ្លួនក្រីក្រ? ព្រោះថាអ្នកដែលប្រមែប្រមូលលុយទ្រព្យសម្បត្តិទៅជួយអ៊ុយក្រែននោះ គឺសហភាពអឺរុបទេតើ?! នេះមានន័យថា អាមេរិក បានប្រើល្បិចខ្ចីដៃពួកសម្ព័ន្ធមិត្តសហភាពអឺរ៉ុប ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនបានគ្រប់គ្រងពិភពលោក។ តើល្បិចទាំងនេះ មិនមានន័យថា អាមេរិក ជាឃាតករឥតស្រមោលទេឬ ?!

បើអាមេរិក ចង់បានសន្តិភាព សន្តិសុខតំបន់អឺរ៉ុប នៅក្នុងជម្លោះប្រដាប់អាវុធអ៊ុយក្រែន-រុស្ស៊ី វិញនោះ អាមេរិកមិនគួរប្រើល្បិចឃាតករឥតស្រមោលបែបនេះទេ គឺអាមេរិក គួរណាស់បំផុសបំផុល សម្ព័ន្ធមិត្តសហភាពអឺរ៉ុប កាត់បន្ថយបញ្ហាទំនាស់ ពង្រីកដំណោះស្រាយ គឺគ្រប់ភាគីចូលតុចរចា សន្ទនា ជជែក រិះរកដំណោះស្រាយគ្រប់មធ្យោបាយ គ្រប់កម្រិត លើកតម្កើងសន្តិសុខ សន្តិភាពរវាងគ្នានិងគ្នា ដោយស្ម័គ្រស្មោះស្ម័គ្រស្មើ ទើបហៅថា ជាបិតាប្រជាធិបតេយ្យ និងស័ក្ដិសមជាអ្នកគោរពសិទ្ធិមនុស្ស ព្រមទាំងមានតម្លាភាព យុត្តិធម៌ និងទទួលយកទាំងអស់គ្នាបាន។
ងាកមករុស្ស៊ី ដែលត្រូវបានអាមេរិកចាត់ទុកថា ជាបន្លាក្នុងកែវភ្នែក វិញ បានឆ្លើយតបទៅ លោកប្រធានាធិបតី ចូ បៃដិន ថា អ្នកឯងហៅ ប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន ថា ជា «ឧក្រិដ្ឋជនសង្រ្គាម» ក្នុងជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន គឺជាពាក្យសម្ដី ដែលរុស្ស៊ីមិនអាចលើកលែងឱ្យបានជាដាច់ខាត, ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ទើបពិតជាប្រទេសដើរសម្លាប់ប្រជាជនស៊ីវិលនៅក្នុងជម្លោះរាប់មិនអស់នៅជុំវិញពិភពលោក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានសង្កត់ធ្ងន់ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក គ្មានសិទ្ធិប្រៀនប្រដៅរុស្ស៊ីពីឧក្រិដ្ឋកម្មសង្រ្គាមនោះទេ ព្រោះលោកគឺជាមេដឹកនាំប្រទេសមួយដែលបានទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលរាប់សែនម៉ឺននាក់នៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង-រុស្ស៊ី បានលើកវត្ថុតាងមកបញ្ជាក់ថា សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរក្នុងប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥ ដោយបានបំផ្លាញទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគី ហើយបណ្ដាលឱ្យប្រជាជនស៊ីវិលជប៉ុនរាប់ម៉ឺនសែននាក់ស្លាប់ភ្លាមៗ និងស្លាប់ជាបន្តបន្ទាបជាច្រើននាក់ទៀត ដោយសារ សារធាតុវិទ្យុសកម្មអស់ជាច្រើនឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
ចំណែកកូរ៉េខាងជើង ដែលជាមិត្តរបស់រុស្ស៊ី និងចិន ហើយក៏ជាប្រទេសមហាអំណាចនុយក្លេអ៊ែរធំមួយផងនោះ បានថ្កោលទោស និងចោទប្រកាន់ថា សកម្មភាពរបស់សហរដ្ឋអាមេរិក គឺជាដើមហេតុបង្កឱ្យមានវិបត្តិអ៊ុយក្រែន រហូតផ្ទុះទៅជាសង្រ្គាមដូចសព្វថ្ងៃ។
ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្ដីថ្លែងការណ៍មួយផ្សាយថា ដើមហេតុ ដែលបង្កឱ្យមានវិបត្តិអ៊ុយក្រែន គឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមាន ការដាក់ទណ្ឌកម្ម និងសម្ពាធឯកតោភាគី ខណៈអាមេរិកខ្លួនឯងមានមហិច្ឆតាបន្តព្យាយាមគ្រប់គ្រងពិភពលោក និងធ្វើជាមហាអំណាចយោធាខ្លាំងផ្ដាច់គេ ដោយច្រានចោលសំណើស្របច្បាប់របស់រុស្ស៊ី ជុំវិញការធានាសន្តិសុខក្នុងភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN កាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីសង្គ្រាមរុស្ស៊ី-ក្រែន កើតឡើងបានរយៈពេល៣ថ្ងៃមកម៉្លេះ។
ត្រឡប់មកមើលប្រទេសចិន ដែលកំពុងប្រឈមនឹងការគំរាមរបស់សហរដ្ឋអាមេរិកផងនេះ, សូមបញ្ជាក់ថា ចិន គឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២ ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក រីឯ ជប៉ុន លំដាប់ទី៣។ ចិន ក៏ជាមហាអំណាចនុយក្លេអ៊ែរដ៏ធំមួយក្នុងពិភពលោកផងដែរ, ទាក់ទងទៅនឹងអាមេរិក ដែលបានគំរាមរដ្ឋចិនអំពីផលវិបាកផ្សេងៗជុំវិញសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកាន់តែឡើងកម្ដៅនោះ គឺ ចិនបានឆ្លើយតបទៅសហរដ្ឋអាមេរិក វិញថា តើនរណា ជាអ្នកគំរាមកំហែងពិភពលោកពិតប្រាកដ។ ប្រតិកម្មខ្លាំងៗរបស់រដ្ឋចិន កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងឱ្យធ្វើនាវាចរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់។
ស្ថានទូតចិនប្រចាំទីក្រុងមូស្គូ បានបង្ហោះសាររបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀង (Zhao Lijiang) នៅលើបណ្ដាញ Twitter អមជាមួយរូបភាពនៃបញ្ជីទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក រាប់ចាប់តាំងពីឆ្នាំ១៩៥០ រហូតដល់ ឆ្នាំ២០១៥។ ក្នុងនោះ គឺ ប្រតិបត្តិការយោធារបស់អាមេរិកពីអតីតកាល រាប់ចាប់ពីការទម្លាក់គ្រាប់បែកនៅក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣), កម្ពុជា (១៩៦៩-១៩៧០), ឡាវ (១៩៦៤-១៩៧៣), វៀតណាម (១៩៦១-១៩៧៣) រហូតដល់សង្រ្គាមស៊ីរី (ឆ្នាំ២០១៥) , ភ័ស្ដុតាងទាំងនេះ តើនរណា ជា “ឧក្រិដ្ឋកម្មសង្គ្រាម?” និងថា នរណា ជាអ្នកគំរាមកំហែងពិភពលោកពិតប្រាកដ?!
អ្នកនាំពាក្យក្រសួងការបរទេសចិន ម្នាក់ទៀត លោក វ៉ាង វិនប៊ិន (Wang Wenbin) បានលើកឡើងថា ក្រុមប្រទេសលោកខាងលិច ល្មមដល់ពេលបោះបង់ចោលផ្នត់គំនិតបែបសង្រ្គាមត្រជាក់ជុំវិញវិបត្តិអ៊ុយក្រែនដែលកំពុងក្តៅគគុកនោះចោលហើយ គឺចោលទាំងស្រុងទៅ ហើយងាកមកចាប់យកយន្តការសន្តិសុខថ្មីមួយសម្រាប់ពិភពលោក ដែលមានតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព គួរតែបង្កើតឡើង តាមរយៈកិច្ចសន្ទនា និងកិច្ចចរចា រកមធ្យោបាយដោះស្រាយគ្រប់កម្រិត ជាជាងដោះស្រាយដោយប្រដាប់អាវុធ។

អ្នកនាំពាក្យចិនរូបនេះបានបន្តទៀតថា ចិនទទូចឱ្យគ្រប់ភាគីទាំងអស់ ផ្តល់ការគោរពចំពោះក្តីកង្វល់ផ្នែកសន្តិសុខរបស់គ្នាទៅវិញទៅមក ហើយប្រឆាំងដាច់ខាតចំពោះសកម្មភាព ដែលជំរុញឱ្យមានសង្រ្គាម, ប៉ុន្តែសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មិនព្រមទទួលយក ហើយបែរជាប្រើអំណាចផ្ដាច់ការគំរាមកំហែងសន្តិសុខពិភពលោកទៅវិញ។
ជាការឆ្លើយតបទៅនឹង អាមេរិក និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប ដែលតែងតែដើរគំរាមកំហែងពិភពលោកនោះ, ក្នុងកិច្ចប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងកិច្ចសន្ទនាជាមួយតំណាងពិសេស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាកុមារ និងការប៉ះទង្គិចដោយប្រដាប់អាវុធ គឺ តំណាងរដ្ឋចិន បានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ផ្តោតការយកចិត្តទុកដាក់ទៅលើ បទឧក្រិដ្ឋសម្លាប់កុមាររបស់ប្រទេសលោកខាងលិច ដូចជា អាមេរិក អង់គ្លេស និងអូស្ត្រាលី ជាដើម ដែលធ្វើឡើងនៅប្រទេសអាហ្វហ្កានីស្ថាន។
តំណាងរដ្ឋចិន បានលាតត្រដាងបើកកកាយបញ្ជីអាស្រូវថា ប្រទេសលោកខាងលិច រួមជាមួយ អាមេរិក ជាដើម, បានយក «អធិបតេយ្យភាព» និង «សិទ្ធិមនុស្ស» ធ្វើជាលេសដើម្បីលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយបំផុសសង្គ្រាមជាច្រើនដង។ ជាក់ស្ដែង ក្នុងអំឡុងពេលពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០១៩ មានកុមារអាហ្វហ្កានីស្ថានយ៉ាងហោចណាស់ ២៦,០០០នាក់ បានស្លាប់ក្នុងសង្គ្រាមដឹកនាំដោយអាមេរិក។ ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ មានកុមារអាហ្វហ្កានីស្ថានប្រហែល១,៦០០នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពចម្រុះនៃសម្ព័ន្ធណាតូដែលដឹកនាំដោយអាមេរិក, ហើយក្នុងនោះ ក៏មានចំនួន ៤០% ជាជនស៊ីវិលត្រូវបានស្លាប់ ក្នុងការវាយប្រហារតាមអាកាសដឹកនាំដោយអាមេរិក។
ក្រុមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាច្រើន បានលើកជាសំណួរថា ហេតុអ្វីបានជាអង្គការសហប្រជាជាតិ មិនស៊ើបអង្កេតរឿងនេះ បែរជាទុករឿងនេះចោលអសារបង់ ធ្វើឲ្យភាពអយុត្តិធម៌កើតឡើងក្នុងពិភពលោកដ៏គួរឲ្យរន្ធត់តក់ស្លុត ដោយសារតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ធ្វើការឈ្លានពានប្រទេសដទៃ ពង្រីកមហិច្ឆតាគ្រប់គ្រងពិភពលោក?! ជាក់ស្ដែង ស្ថានការណ៍សង្គ្រាមត្រជាក់នៅអ៊ុយក្រែន, ហេតអ្វី អាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ មិនព្រមនាំគ្នាលើកតម្លៃការគោរពគ្នាទៅវិញទៅមក លើកតម្លៃកិច្ចសន្ទនាចរចា រិះរកគ្រប់បាយដោះស្រាយដោយសន្តិវិធី គ្រប់កម្រិត គ្រប់មធ្យោបាយទៅ ?! ចាំបាច់អី លូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយបំផុសសង្គ្រាម ធ្វើឲ្យអ៊ុយក្រែន និងរុស្ស៊ី ក្លាយជាសង្គ្រាមក្ដៅគគុក។
លើសពីនេះទៅទៀត អាមេរិកកំពុងតែញុះញង់បណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យផ្ដល់ជំនួយគ្រឿងសព្វាវុធ បរិក្ខារយោធា និងកងកម្លាំងយោធា ទៅជួយអ៊ុយក្រែន ដែលនេះបង្ហាញយ៉ាងច្បាស់ថា គឺជាគំនិតបញ្ឆេះភ្លើងសង្គ្រាមឲ្យកាន់តែសន្ធោសន្ធៅធំទៅៗ។ បន្ទាប់មក អាមេរិក ឆ្លៀតប្រើការដាក់ទណ្ឌកម្មដែលជាឃាតករឥតស្រមោលរបស់ខ្លួន ទៅលើប្រទេសរុស្ស៊ី និងបណ្តាប្រទេសមួយចំនួនទៀត ហើយកំពុងបន្តគំរាមកំហែងសន្តិសុខទៅលើបណ្ដាប្រទេសនានានៅក្នុងពិភពលោក គួរឲ្យព្រួយបារម្ភបំផុត, នេះជាមហិច្ចតាឈ្លានពានគ្រប់គ្រងពិភពលោក និងកលល្បិចឃាតករឥតស្រមោលរបស់អាមេរិក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







