រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលមានការព្រួយបារម្ភ ជុំវិញក្រុងមូស្គូ ស្នើសុំជំនួយពីក្រុងប៉េកាំង ដើម្បីជួយដាលសង្គ្រាមឈ្លានពានរបស់ខ្លួននោះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានដល់សមភាគីរបស់ខ្លួន លោក ស៊ី ជិនពីង ដោយផ្ទាល់ ប្រសិនបើក្រុងប៉េកាំង ផ្ដល់ជំនួយណាមួយ ជួយដល់រុស្ស៊ី នោះ ចិននឹងត្រូវប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត។

សារព័ត៌មាន The Guardian បានចេញផ្សាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានដល់សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) ថា ចិនអាចប្រឈមមុខនឹងការខាតបង់ច្រើន ប្រសិនបើក្រុងប៉េកាំង ជួយសង្គ្រោះ ដល់សម្ពន្ធមិត្តដ៏ជិតស្និទ្ធរុស្ស៊ីរបស់ខ្លួន ដែលកំពុងតែហ៊ុមព័ទ្ធ ដោយកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បច្ចិមលោក ជុំវិញសកម្មភាពឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិក និង ចិន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានជួបគ្នាតាមប្រព័ន្ធវីដេអូ ជាលើកដំបូង ចាប់តាំងពីមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ ការព្រមានរបស់លោក ចូ បៃដិន បានកើតឡើង ចំពេលមានការរំពឹងទុកថា ក្រុងប៉េកាំង អាចនឹងផ្តល់ជំនួយហិរញ្ញវត្ថុ ឬយោធា ដល់ក្រុងម៉ូស្គូ។

លោកស្រី ជេន ភីសាគី (Jen Psaki) អ្នកនាំពាក្យ សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា នេះជាឱកាស សម្រាប់លោក ចូ បៃដិន វាយតម្លៃ អំពីគោលជំហរ ឈរជើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
ប្រធានាធិបតី ចូ បៃដិន និង សមភាគីចិន ស៊ី ជិនពីង បានជួបចរចាគ្នា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ក្រោយពេល ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង អាល់បានី (Albania) អៀរឡង់ដ៍ (Ireland) និង ន័រវ៉េស បានចោទប្រកាន់រុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ជាមួយគ្នានេះ ក្រុងប៉ារីស បានអះអាងថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី គ្រាន់តែធ្វើពុត បែរមកជាចាប់អារម្មណ៍ នៅក្នុងការចរចា លើកិច្ចព្រមព្រៀងសន្តិភាពតែប៉ុណ្ណោះ។
លោកស្រី លីស ត្រាស់ (Liz Truss) រដ្ឋមន្រ្ដីក្រសួងការបរទេសចក្រភពអង់គ្លេស បានបញ្ជាក់ថា «ភស្តុតាងដ៏ជាក់លាក់បំផុត» នៃឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានប្រព្រឹត្ត ដោយកងកម្លាំងរុស្ស៊ី ខណៈសង្រ្គាមឈ្លានពានរបស់ក្រុងមូស្គូ បានឈានចូលដល់សប្តាហ៍ទី៤ហើយ៕រក្សាសិទ្ធិដោយ ៖ សារាយSN








