Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើក្រុងប៉េកាំង អាចធ្វើអ្វីបាន សម្រាប់ជួយរុស្ស៊ី ក្រោយ ចូ បៃដិន ព្រមាន ស៊ី ជិនពីង ដោយផ្ទាល់?

រដ្ឋធានីប៉េកាំង៖ ក្រោយពេលមន្រ្ដីសន្ដិសុខជាតិសហរដ្ឋអាមេរិក បានទទួលស្គាល់ថា ក្រុងវ៉ាស៊ីនតោន ជឿថា ក្រុងប៉េកាំង មានឆន្ទៈ នៅក្នុងការផ្តល់ជំនួយដល់ក្រុងមូស្គូ សម្រាប់ជួយដល់សង្គ្រាមឈ្លានពានរបស់លោក ពូទីន នោះមក ប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី១៨ ខែមីនា បានហៅតាមប្រព័ន្ធវីដេអូ ព្រមានដល់សមភាគីចិន ស៊ី ជិនពីង ដោយផ្ទាល់ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ចិន បើជួយដល់រុស្ស៊ី ហើយស្ថិតក្នុងបរិបទបែបនេះ តើចិនអាចធ្វើអ្វីបាន សម្រាប់ជួយដល់រុស្ស៊ី ជាសម្ពន្ធមិត្ដដ៏រឹងមាំរបស់ខ្លួន?

សារព័ត៌មាន VOA ជាភាសាអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ថា ក្រុមអ្នកសង្កេតការណ៍ បានអះអាងថា ក្រៅពីការផ្តល់ជំនួយផ្នែកយោធា ឬសេដ្ឋកិច្ច សម្រាប់ការលុកលុយរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះ ចិនអាចក្លាយជាអ្នកនៅពីក្រោយទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូ ឬ ក៏ក្លាយជាច្រកមួយ សម្រាប់រត់ពន្ធទំនិញ ដើម្បីទទួលបាននូវការគេចផុត ពីការរឹតបន្តឹងនូវការនាំចេញរបស់បច្ចិមលោក។

លោក ហេឌី ក្រេបូ-រ៉េឌីឃើរ (Heidi Crebo-Rediker) បានប្រាប់ VOA ថា «ចិនក្លាយជាសំណួរដ៏ធំមួយ នៅពេលនេះ » ព្រោះក្រុងប៉េកាំង ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី។ ប្រសិនបើចិនហ៊ានជួយក្រុងមូស្គូ ដូច្នេះមែន ក្រុងវ៉ាស៊ីនតោន ទំនងជានឹងដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា លើក្រុងប៉េកាំង។

ជាមួយគ្នានេះដែរ មន្ត្រីសហរដ្ឋអាមេរិក ធ្លាប់បានបង្ហើបថា ក្រុងប៉េកាំង អាចប្រឈមនឹងទណ្ឌកម្មបន្ទាប់បន្សំ ជាឧទាហរណ៍ សហរដ្ឋអាមេរិក អាចរារាំងដល់ក្រុមហ៊ុនអេឡិកត្រូនិចរបស់ចិន ពីការចូលនូវឧបករណ៍ និង សូហ្វវែរ (Software) របស់អាមេរិក ប្រសិនបើ ក្រុងវ៉ាស៊ីនតោន រកឃើញ ថា ក្រុមហ៊ុនចិនទាំងនោះ កំពុងតែបំពាន លើការគ្រប់គ្រងនូវការនាំចេញរបស់សហរដ្ឋអាមេរិក ដោយលក់បន្ទះសៀគ្វី ( ឬ Chips) ទៅឱ្យប្រទេសរុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ ទណ្ឌកម្មដ៏ធ្ងន់ធ្ងរណាមួយ ប្រឆាំងទៅលើប្រទេសចិន ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់បច្ចិមលោក ផងដែរ ព្រោះវាស្ថិតក្រោមសម្ពាធ ពីវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក នាពេលបច្ចុប្បន្ន រួចទៅហើយ។

លោក ស្ដេស៊ី ហ្គូដដាដ (Stacie Goddard) សាស្រ្ដាចារ្យ វិទ្យាសាស្រ្ដនយោបាយ នៃ មីលដ្រេដ ឡែន ខែមភ័រ ( Mildred Lane Kemper) នៅមហាវិទ្យាល័យវ៉េលឡេស្លេ (Wellesley) បានអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមិនត្រូវចាត់វិធានការបែបនោះទេ។ ប៉ុន្ដែសហរដ្ឋអាមេរិក ចង់បញ្ចុះបញ្ចូលចិន ច្រើនជាង ប្រសិនបើមិនគាំទ្រទាំងស្រុង ក៏យ៉ាងហោចណាស់ ក្រុងប៉េកាំង មិនជួយដល់ប្រទែសរុស្ស៊ី តាមមធ្យោបាយសំខាន់ៗណាមួយ ដែលអនុញ្ញាតឱ្យលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី គេចផុតពីកញ្ចប់ទណ្ឌកម្មដ៏ច្រើនលើសលប់របស់បច្ចិមលោក នោះដែរ។

ទោះជាយ៉ាងណា ចិនក៏បានរិះគន់ដល់កញ្ចប់ទណ្ឌកម្មរបស់មហាអំណាចបច្ចិមលោក សង្កត់ទៅលើប្រទេសរុស្ស៊ី ធ្វើឡើង ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ពន្ធមិត្តផ្សេងទៀត។ ក្រុងប៉េកាំង បានអះអាងថា កញ្ចប់ទណ្ឌកម្មទាំងនេះ នឹងបង្កើនបញ្ហាថ្មីៗជាច្រើន ហើយវានឹងជ្រៀតជ្រែកដល់ដំណោះស្រាយជម្លោះនយោបាយបន្ថែមទៀតផង៕រក្សាសិទ្ធិដោយ ៖ សារាយSN

×