ភ្នំពេញ ៖ ករណីស្ត្រីជនជាតិថៃ ដែលបានប្រឌិតរឿងពាក់ព័ន្ធករណីថា ក្រុមជនជាតិចិន ចាប់បង្ខាំ.ងបូមឈា.ម និងវះយកសរីរាង្គ នៅខេត្តព្រះសីហនុ បានសារភាពទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈចំពោះនគរបាលកម្ពុជា និងនគរបាលថៃ។
ស្ត្រីថៃរូបនោះបានបញ្ជាក់ថា ការប្រឌិតរឿងបែបនេះ ក្នុងគោលបំណងចង់ឱ្យនគរបាលថៃជួយឱ្យនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់នគរបាលកម្ពុជាថ្លែងប្រាប់សាព័ត៌មាន CEN នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នេះ។

មន្ត្រីជាន់ខ្ពស់ដដែលបានបន្តថា ក្រោមកិច្ចសហប្រតិបត្តិអន្តរជាតិរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គស្នងការនគរបាលភូមិនថៃ បានស្រាវជ្រាវរកឃើញថា ករណីនារីជនជាតិថៃមួយរូប ដែលបានរាយការណ៍ទៅនគរបាលភូមិន្ទថៃថា ជនជាតិចិននៅខេត្តព្រះសីហនុ ចាប់បង្ខាំង និងបូមឈាមយកទៅលក់នោះ ជារឿងដែលនាងប្រឌិតឡើង ក្នុងគោលបំណងចង់ឱ្យនគរបាលថៃជួយឱ្យនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជា ដោយខុសច្បាប់។ ក្រោយពីបានធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងហ្មត់ចត់ នារីខាងលើបានសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសារធារណៈ ចំពោះនគរបាលទាំងពីរប្រទេសផងដែរ។
ប្រភពដដែលបានបន្តថា អគ្គស្នងការនគរបាលភូមិនថៃ បានបញ្ជាក់ថា នារីខាងលើត្រូវបានចោទប្រកាន់ដាក់ពន្ធធនាគារចំនួនបីឆ្នាំ ពីបទរាយការណ៍ព័ត៌មានក្លែងក្លាយ។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ធ្លាប់បានធ្វើការបដិសេធថា មិនមានករណីបូមយកឈាម និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ ដូចជាការផ្សព្វផ្សាយព័ត៌មានរបស់ថៃនោះទេ។ នេះ គឺជាព័ត៌មានប្រឌិត ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ប្រទេសកម្ពុជា។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ” មិនមានករណីវះឬបូមឈា.មទេ ! ពេលនេះទើបដឹងថា បុគ្គលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ”។
ការបដិសេធរបស់ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីលោក Surachate Hakparn រដ្ឋលេខាធិកានៃនគរបាលជាតិថៃបានប្រាប់កាសែតអនឡាញរដ្ឋថៃជាភាសាអង់គ្លេសឈ្មោះ Thai PBS World ថា ជនរងគ្រោះពីការប៉ុនប៉ងយកសរីរាង្គដោយជនទុច្ចរិតជនជាតិចិនកំពុងស្នាក់នៅកម្ពុជា គឺជាស្ត្រីជនជាតិថៃមកពីទីក្រុងបាំងកក មានវ័យ២៥ឆ្នាំ។
បើតាមលោកមន្ត្រីនគរបាលថៃ នាងត្រូវបានគេល្បួងមកធ្វើការខុសច្បាប់ ក្នុងក្រុមហ៊ុនហៅទូរស័ព្ទមួយនៅក្នុងខេត្តព្រះសីហនុ ដែលដំណើរការដោយជនជាតិចិន។ នៅពេលនាងធ្វើដំណើរពីថៃដល់កំពង់ផែក្រុងព្រះសីហនុ នាងត្រូវបានប្រាប់ឱ្យទៅធ្វើការភ្លាម។ ពេលនាងមិនព្រមនាងក៏ត្រូវគេវាយដំឃុំខ្លួនទុកឱ្យស្រេកឃ្លាន ហើយប្រាប់ឱ្យទាក់ទងទៅគ្រួសារនាង នៅប្រទេសថៃដើម្បីជំ.រិតទារយកប្រាក់ ជាថ្នូរនឹងការដោះលែងនាង។ នៅក្នុងអំឡុងពេលនៃការឃុំខ្លួននោះ នាងថា នាងត្រូវចរន្តអគ្គិសនីឆ.ក់ និងមានអ្នកបូមយកឈា.មនាងដែរ។ ធ្ងន់ធ្ងរជាងនេះ នាងក៏បិះនឹងត្រូវគេវះយកសរីរាង្គរបស់នាងដែរ។ ក្រោយមក នាងបានស្វែងរកផ្លូវរត់គេចខ្លួនមកដល់ មន្ទីរពេទ្យក្រុងប៉ោយប៉ែត ព្រំដែនថៃ រហូតបាត់បង់ស្មារតី និងនាងក៏ត្រូវបានអាជ្ញាធរថៃនៅព្រំដែន ជួយសង្គ្រោះ នៅថ្ងៃទីពុធទី៩ ខែមីនាកន្លងទៅនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



