Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកដល់ ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជាហើយ នៅម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។

ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងនៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អំឡុងទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។

ក្នុងអំឡុងពេលទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក គីស៊ីដា ហ្វូមីអូ នៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ នេះជាការកត់សម្គាល់របស់ ក្រសួងការបរទេស។

ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានផ្ញើសារជូនចំពោះប្រជាជនកម្ពុជា ថ្ងៃនេះខ្ញុំនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ការធ្វើទស្សនកិច្ចលើកនេះ ធ្វើឡើងបន្ទាប់ពី ខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឆ្នាំ២០១៤មកម្ល៉េះ។ ខ្ញុំទន្ទឹងរង់ចាំឃើញដោយផ្ទាល់ នូវភាពរីកចំរើនបន្ថែមទៀតនៅកម្ពុជា ។ កម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព។ ខ្ញុំសូមយកឱកាសនេះសម្តែងនូវការគោរពដល់ប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត ដល់ការខិតខំរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។

នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២២នេះ បើតាមការផ្សាយព័ត៌មាននៅលើ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា ,
«សាររបស់ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុនជូនចំពោះប្រជាជនកម្ពុជា»
ជំរាបសួរប្រជាជនកម្ពុជាជាទីរាប់អាន! ខ្ញុំឈ្មោះ គីស៊ីដា ហ្វូមិអុ ជានាយករដ្ឋមន្ត្រីជប៉ុន។
ថ្ងៃនេះខ្ញុំនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ការធ្វើទស្សនកិច្ចលើកនេះ ធ្វើឡើងបន្ទាប់ពី ខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឆ្នាំ២០១៤មកម្ល៉េះ។ ខ្ញុំទន្ទឹងរង់ចាំឃើញដោយផ្ទាល់ នូវភាពរីកចំរើនបន្ថែមទៀតនៅកម្ពុជា ។

កម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព។ ខ្ញុំសូមយកឱកាសនេះសម្តែងនូវការគោរពដល់ប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត ដល់ការខិតខំរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។ ។ ក្នុងអំឡុងពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ប៉ុន្តែស្ថានភាពក្នុងពិភពលោកជុំវិញប្រទេសយើងទាំងពីរកាន់តែមានភាពស្មុគស្មាញ។ ដូច្នេះដើម្បីឱ្យប្រទេសជប៉ុន និងកម្ពុជា បន្តអភិវឌ្ឍជាមួយគ្នាក្នុងពិភពលោកប្រកបដោយស្ថិរភាព ខ្ញុំមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានគោលបំណងពីរដូចខាងក្រោម។

ទី១ គឺការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះ គឺជាខួបលើកទី៣០នៃការចូលរួមរបស់ជប៉ុនក្នុងសកម្មភាពថែរក្សាសន្តិភាព(PKO) ជាលើកដំបូងមកកម្ពុជា។ ជប៉ុនបានដើរជាមួយកម្ពុជាលើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។

ជាឧទាហរណ៍ ប្រទេសជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ លើការដោះមីនតាមរយៈការផ្តល់ឧបករណ៍ និងការបញ្ជូនអ្នកជំនាញ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាតដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញជាដើម។ ហើយនៅពេលថ្មីៗនេះ ជប៉ុនបានផ្តល់វ៉ាក់សាំងប្រមាណ ១.៣លានដូស និងឥណទានសម្បទានសរុប ៤៥ពាន់លានយ៉េន ដើម្បីគាំទ្រដល់វិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងកូវីត-១៩។ លើសពីនេះទៀត យើងក៏មានគម្រោងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាសសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះបាននាំឲ្យមានទំនាក់ទំនងទុកចិត្តគ្នាដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។ ថ្ងៃនេះ ដោយផ្អែកលើទំនាក់ទំនងទុកចិត្តគ្នារបស់យើង ខ្ញុំនឹងធ្វើការពិភាក្សាយ៉ាងលំអិត ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ទី២ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។ នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងស្ថានភាពដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ។ ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយកម្លាំងជាឯកតោភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ជាមួយខ្ញុំថា ក្នុងនាមជាប្រធានអាស៊ានប្តេជ្ញាចិត្ត ដើម្បីឆ្ពោះទៅរកដំណោះស្រាយ នៃបញ្ហានានាដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ាជាដើម ។ ខ្ញុំបានយល់ថាតាមបទពិសោធន៍ នៃសង្គ្រាមស៊ីវិល ប្រជាជនកម្ពុជាមានចិត្តគំនិតដ៏ពិសេសចំពោះសន្តិភាព។ ហេតុដូច្នេះហើយ ខ្ញុំមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ អស់លោកលោកស្រី ក្មួយៗដែលជាប្រជាជនកម្ពុជាទាំងអស់ តោះរួមគ្នាបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាជាមួយយើងខ្ញុំ ។

បើតាមសេចក្ដីប្រកាសព័ត៌មាន តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្ត្រីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូដ- ១៩ ព្រមទាំងវិស័យផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគា្នស្ដីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផល ប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើ សន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×