ភ្នំពេញ ៖ តាមរយ:ជំនួបតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានលះបង់ពេលវេលាដ៏មានតម្លៃធ្វើការអប់រំដល់ប្រធានាធិបតីអាមេរិក ដែលចូលចិត្តកកូរកកាយ លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា រំលោភដែនអធិបតេយ្យគេឯង លោក ចូ បៃដិន ថា បញ្ហាកោះតៃវ៉ាន់ ចាំបាច់ត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបង្កផលប៉ះពាល់យ៉ាងអវិជ្ជមាន ចំពោះទំនាក់ទំនងរវាងកំពូលមហាអំណាចទាំងពីរនេះ (ចិន-អាមេរិក)។

អ្នកនាំពាក្យមួយរូបរបស់យោធាចិន បានលើកឡើងថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី១៧ ខែមីនា ដោយនាវាចម្បាំង រ៉ាហ្វ ចនសុន (Ralph Johnson) របស់សហរដ្ឋអាមេរិក គឺជាសកម្មភាពបង្កហេតុ ហើយផ្តល់សញ្ញាមិនត្រឹមត្រូវទៅកាន់ ក្រុមចង់ទាមទារឯករាជ្យនៅកោះតៃវ៉ាន់។ សកម្មភាពខាងលើនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយយោធាចិនបានធ្វើការឃ្លាំមើលជាប់ជាប្រចាំចំពោះការធ្វើដំណើរឆ្លងកាត់នោះ របស់នាវាចម្បាំងអាមេរិក។ កន្លងមក ទីក្រុងវ៉ាស៉ីនតោន ជារឿយៗបានចល័តនាវាយោធារបស់ខ្លួនក្នុងសកម្មភាពស្រដៀងគ្នានេះ ហើយទទួលរងទៅវិញនូវការរិះគន់ជានិច្ចពីសំណាក់ទីក្រុងប៉េកាំង។
នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២, ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់នេះទៀត លោក ស៊ី ជិនពីង ប្រធានរដ្ឋចិន បានអប់រំហើយអប់រំទៀត ទៅកាន់ប្រធានាធិបតីអាមេរិក ចូ បៃដិន ថា បុគ្គលមួយចំនួននៅឯសហរដ្ឋអាមេរិក កំពុងបញ្ជូនសញ្ញាខុសទៅកាន់ កងកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់ ហើយនេះជារឿងដ៏គ្រោះថា្នក់បំផុត, បើបញ្ហាតៃវ៉ាន់មិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវទេ វានឹងជះឥទ្ធិលពលអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះ ជាមិនខាន (អាមេរិក-ចិន)។

រដ្ឋាភិបាលចិន បានបញ្ជាក់ម្ដងហើយម្ដងទៀត មិនត្រឹមតែទៅកាន់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ គឺទៅកាន់ពិភពលោកតែម្ដង ថា ចិនបានចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ចិន ហើយបានព្រមានថា នឹងប្រើប្រាស់កម្លាំងយោធាក្នុងការបង្រួបបង្រួមជាតិ ជាមួយតៃវ៉ាន់ ប្រសិនបើចាំបាច់។ ដោយឡែក ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងស្វែងរកជំនួយពីទីក្រុងប៉េកាំង ក្នុងការស្តារសន្តិសុខនៅអ៊ុយក្រែន មិនបានផ្អាកទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិនោះទេ ហើយថែមទាំងបានផ្តល់ការគាំទ្រជាអន្តរជាតិ ក្នុងនោះរួមមាន ធ្វើជារនាំងការពារ និងផ្គត់ផ្គង់គ្រឿងសព្វាវុធដល់កោះតៃវ៉ាន់។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុននឹងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវជួបសន្ទនាគ្នា, ចិនត្រូវបានគេរាយការណ៍ថា បានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួនសានទុង (Shandong) ធ្វើដំណើរទៅកាន់ក្បែរកោះគីនមិន (Kinmen) ដើម្បីគ្រប់គ្រងសភាពការណ៍នៅតៃវ៉ាន់។ នាវាផ្ទុកយន្ដហោះចម្បាំងរបស់ចិនសានទុង (Shandong) នេះ កំពុងស្ថិតនៅទល់មុខទីក្រុងសៀមិន (Xiamen) របស់ចិន ដើម្បីតាមឃ្លាំមើលនាវាពិឃាតបំពាក់មីស៊ីល យូអេសអេស រ៉ាល់ហ្វ៍ ចនសុន (USS Ralph Johnson) របស់អាមេរិក។

ក្រឡេកទៅមើលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន វិញ, ទាក់ទងទៅនឹង លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដែលមានមហិច្ឆតាឈ្លានពានប្រទេសនានាតាមបែបវិធីត្រជាក់ គឺប្រើលេសប្រជាធិបតេយ្យ , សិទ្ធិមនុស្ស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីទៅគ្រប់គ្រងភូមិសាស្ត្រនយោបាយ និងចង់ឲ្យបណ្ដាប្រទេសតូចៗជាច្រើនធ្វើជារណបរបស់ខ្លួននោះ ថ្មីៗនេះបានគំរាម ចិន និង ឥណ្ឌាថា រដ្ឋាភិបាលឥណ្ឌា មិនត្រូវទិញ ប្រេង ថាមពល ឧស្ម័នហ្គាស ពីប្រទេសរុស្ស៊ីនោះទេ ព្រោះការធ្វើបែបនេះស្មើនឹងគាំទ្រឲ្យរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។
ការគំរាមរបស់អាមេរិកនេះ កើតឡើងបន្ទាប់ពីក្រុមមន្រ្តីឥណ្ឌាបានបង្ហើបថា រដ្ឋាភិបាលទីក្រុងញូដេលី រីករាយនឹងពិចារណាលើការទិញប្រេង ឧស្ម័នហ្គាស ដែលរុស្ស៉ីបញ្ចុះតម្លៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។
ជាការឆ្លើយតប និងដើម្បីផលប្រយោជន៍ជាតិរបស់ឥណ្ឌា គឺ ក្រសួងការបរទេសឥណ្ឌា បានឆ្លើយតបទៅនឹងការគំរាមផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដោយបញ្ជាក់ថា ការធ្វើប្រតិបត្តិការ ថាមពល ប្រេង ឧស្ម័នហ្គាស ស្របច្បាប់របស់ឥណ្ឌា មិនមានលក្ខណៈនយោបាយទេ ហើយប្រទេសនីមួយៗមានឯករាជ្យភាព ក្នុងការនាំចូលប្រេង និងជ្រើសរើសការទិញប្រេងពីបណ្ដាប្រទេសណាមួយក៏បានដូចគ្នា មិនថា ការនាំចូលពីរុស្ស៊ី ឬពីបណ្ដាប្រទេសណាមួយនោះឡើយ, ឯករាជភាព ទីផ្សារសេរី គឺមិនត្រូវបានដាក់កំហិតនោះទេ។
នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២នេះ, ដោយក្រុមមន្ត្រីនៃក្រសួងការបរទេសឥណ្ឌា បានលើកឡើងទៀតថា ទីក្រុងញូដេលីនឹងបន្តនាំចូល ថាមពល ប្រេង ឧស្ម័នហ្គាស ពីប្រភពណាក៏ដោយ ឲ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះរួមមានទាំងការនាំចូលពីរុស្ស៊ីផងដែរ។
សូមបញ្ជាក់ថា ឥណ្ឌា ជាប្រទេសដែលប្រើប្រាស់ថាមពល ប្រេង ឧស្ម័នហ្គាស ធំជាងគេលំដាប់ទី៣ លើពិភពលោក និងបានទិញប្រេងចំនួន ៣លានបារ៉ែលក្នុងមួយថ្ងៃ ខណៈ រុស្ស៊ី បានបញ្ចុះតម្លៃយ៉ាងច្រើន ធ្វើឲ្យឥណ្ឌាត្រូវឆក់ឱកាសសម្រាប់ប្រយោជន៍ជាតិរបស់ខ្លួន នេះមិនមែនជារឿងដែលត្រូវនិយាយអំពីបក្សពួកនយោបាយនោះទេ។
ថ្មីៗនេះ ពួកសម្ព័នមិត្តរបស់អាមេរិក បានគំរាមដាក់ទណ្ឌកម្មទៅលើប្រទេសចិនថែមទៀត គឺ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសសុន (Scott Morisson) បាននិយាយថា ចិន នឹងត្រូវប្រឈមផលវិបាកធ្ងន់ធ្ងរ ប្រសិនបើគាំទ្រចំពោះការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន, ដោយលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី រូបនេះ គូសបញ្ជាក់ថា ទង្វើបែបនេះគឺ «គួរឲ្យស្អប់ខ្ពើម» ហើយបង្ហើបពីឆន្ទៈចូលរួមក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងប៉េកាំង ខណ: ដែលទីក្រុងប៉េកាំងបដិសេធការថ្កោលទោសប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែន, ប៉ុន្តែប្រទេសចិន បានច្រានចោលចំពោះគំនិតអត្តទត្ថបុគ្គលបែបនេះ។
ចំណែកសហរដ្ឋអាមេរិក វិញ ដែលតាំងខ្លួនជាបងធំពិភពលោកក្នុងចំណោមសម្ព័នមិត្តសហភាពអឺរ៉ុប ជិត៣០ ប្រទេសនោះ បានគំរាមទៅដល់រដ្ឋចិនអំពីការដាក់ទណ្ឌកម្មផ្សេងៗផងដែរ, គឺ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក សូលីវ៉ាន់ (Jake Sullivan) បានព្រមានថា ទីក្រុងប៉េកាំង អាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានជួយឱ្យរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក រូបនេះ បានចាប់យករដ្ឋចិនធ្វើជាចំណាប់ខ្មាំងក្នុងមហិច្ចតាដែលខ្លួនចង់បំផ្លាញរុស្ស៊ី ហើយយកប្រទេសអ៊ុយក្រែនធ្វើជាឧបករណ៍បម្រើលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ខ្លួន ដែលតាមពិត គឺចង់ក្ដោបយកភូមិសាស្រ្តនយោបាយនៅប្រទេសអ៊ុយក្រែន ដើម្បីគ្រប់គ្រងអំណាចលើតំបន់អឺរ៉ុបខាងកើត និងប្រទេសរុស្ស៊ីនេះតែម្ដង។ តើ អាមេរិក ស័ក្ដិសមជាប្រទេសផ្ដល់គំរូបិតាប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌ និងសន្តិភាពពិភពលោក ដែរឬទេ?!
ងាកមកមើលប្រទេសចិន ដែលកំពុងប្រឈមនឹងការគំរាមរបស់សហរដ្ឋអាមេរិក, សូមបញ្ជាក់ថា ចិន គឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២ ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក រីឯ ជប៉ុន លំដាប់ទី៣។ ចិន ក៏ជាមហាអំណាចនុយក្លេអ៊ែរដ៏ធំមួយក្នុងពិភពលោកផងដែរ, ទាក់ទងទៅនឹងអាមេរិក ដែលបានគំរាមរដ្ឋចិនអំពីផលវិបាកផ្សេងៗជុំវិញសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកាន់តែឡើងកម្ដៅនោះ គឺ ចិនបានឆ្លើយតបទៅសហរដ្ឋអាមេរិក វិញថា តើនរណា ជាអ្នកគំរាមកំហែងពិភពលោកពិតប្រាកដ ព្រោះថា ចិន តាំងពីដំបូងមកម្ល៉េះ មិនបានលូកដៃចូលក្នុងកិច្ចការសង្រ្គាមត្រជាក់នៅអ៊ុយក្រែន រវាងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប សម្ព័ន្ធមិត្តណាតូ និងរុស្ស៊ី នោះឡើយ, ហេតុអ្វី បានជា អាមេរិក ទាញចិនឲ្យធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់ ដោយការគំរាមថា នឹងផ្ដល់ឲ្យចិននូវផលវិបាកធ្ងន់ធ្ងរទៅវិញ?!
លើសពីនេះ គឺ ចិន មានតែអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ចូលតុចរចា បង្កើនការសន្ទនា រិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហា ចៀសសវាងសង្គ្រាមត្រជាក់ ធ្លាក់ចូលទៅក្នុងសង្គ្រាមប្រដាប់អាវុធដ៏ក្ដៅគគុកបែបនេះ ប៉ុន្តែ អាមេរិក និងសម្ព័ន្ធមិត្ត មិនព្រមស្ដាប់ការលើកឡើងរបស់ចិន ឥឡូវ បែរជាមកគំរាមចិនថែមទៀត។ ប្រតិកម្មខ្លាំងៗរបស់រដ្ឋចិន កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងបំពាក់មីស៊ីល យូអេសអេស រ៉ាល់ហ្វ៍ ចនសុន (USS Ralph Johnson) ឱ្យធ្វើនាវាចរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់។
ទាក់ទងទៅនឹងសហរដ្ឋអាមេរិក ដែលតែងតែប្រើមហិច្ឆតាលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសនានា ដើម្បីគ្រប់គ្រងពិភពលោកនោះ គឺ អាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ បានចាប់យកអ៊ុយក្រែន ធ្វើជាឧបករណ៍ ដើម្បីបញ្ឆេះសង្គ្រាមត្រជាក់ ឲ្យធ្លាក់ទៅក្នុងសង្គ្រាមប្រដាប់អាវុធដ៏ក្ដៅគគុកនេះ ហើយមិនអស់ចិត្ត នៅដើរគំរាមបណ្ដាប្រទេសនានា ជាពិសេស គឺ រដ្ឋចិនទៀតនោះ ឥឡូវនេះ លោក ស៊ី ជិនពីង ក្នុងនាមជាប្រធានរដ្ឋចិន បានចំណាយពេលដ៏មានតម្លៃ ធ្វើការអប់រំទៅកាន់ប្រធានាធិបតីអាមេរិក លោក វូ បៃដិន ឱ្យយល់នូវអ្វីដែលហៅថា សន្តិសុខតំបន់ សន្តិភាពពិភពលោក គ្រោះថ្នាក់ និងមហន្តរាយ កើតចេញពីសង្គ្រាមយោធា។
ថ្លែងក្នុងកិច្ចជំនួបជាមួយ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក តាមប្រព័ន្ធទូរស័ព្ទនៃការណាត់ជួប លោក ស៊ី ជិនពីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា សន្តិភាព និងការអភិវឌ្ឍ ជាប្រធានបទដ៏មានសារៈប្រយោជន៍សម្រាប់យុគសម័យថ្មី ត្រូវតែថ្នាក់ថ្នម និងលើកតម្លៃ, សូចនាករ វិបត្តិអ៊ុយក្រែន គឺជាអ្វីដែលយើងមិនចង់ឃើញ មិនចង់ជួប។
លោក ស៊ី ជិនពីង លើកឡើងថា ទំនាក់ទំនងរវាង រដ្ឋ និងរដ្ឋ មិនត្រូវឈានដល់ការផ្ទុះអាវុធដាក់គ្នានោះទេ ការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នា គឺមិនសមស្របនឹងផលប្រយោជន៍របស់មនុស្សជាតិឡើយ, សន្តិភាព និងសុវត្ថិភាព គឺជាទ្រព្យសម្បត្តិដ៏គួរឱ្យរក្សាថ្នាក់ថ្នម បំផុតរបស់សហគមន៍អន្តរជាតិ។
លោក ស៊ី ជិនពីង សង្កត់ថា ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាតួអង្គសេដ្ឋកិច្ចធំទាំងពីរនៅលើពិភពលោក យើងមិនត្រឹមតែ ត្រូវដឹកនាំទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ធ្វើឱ្យវិវឌ្ឍរីកចម្រើនតាមផ្លូវដ៏ត្រឹមត្រូវប៉ុណ្ណោះទេ គឺថែមទាំងត្រូវអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ព្រមទាំងធ្វើការខិតខំប្រឹងប្រែងដើម្បីសុខសន្តិភាពរបស់ពិភពលោក។
បើនិយាយពីជញ្ជីងពាណិជ្ជកម្មផ្នែកសេដ្ឋកិច្ចវិញ រវាង ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក, គឺ ចិន មានទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ីតិចតួចប៉ុណ្ណោះ, បើធៀបជាមួយអាមេរិក គឺ ចិន មានទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកលើសរុស្ស៊ីរហូតដល់ទៅជិត ៣០ដងឯណោះ ដូច្នេះ ចិន នឹងខិតខំព្យាយាមធ្វើអ្វីឱ្យស្ថិតនៅក្នុងចំណុចកណ្ដាលមួយ ដើម្បីមិត្តភាព និងរក្សាប្រយោជន៍ជាតិរបស់ខ្លួន។
មន្ត្រីសហរដ្ឋអាមេរិក ធ្លាប់បានបង្ហើបថា ក្រុងប៉េកាំង អាចប្រឈមនឹងទណ្ឌកម្មបន្ទាប់បន្សំ ជា ឧទាហរណ៍ ដូចជា សហរដ្ឋអាមេរិក អាចរារាំងដល់ក្រុមហ៊ុនអេឡិកត្រូនិចរបស់ចិន ពីការនាំចូលឧបករណ៍ និង សូហ្វវែរ (Software) របស់អាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោន រកឃើញថា ក្រុមហ៊ុនចិនទាំងនោះ កំពុងតែបំពានលើការគ្រប់គ្រងនូវការនាំចេញរបស់សហរដ្ឋអាមេរិក ដោយលក់បន្ទះសៀគ្វី ( ឬ Chips) ទៅឱ្យប្រទេសរុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ ទណ្ឌកម្មដ៏ធ្ងន់ធ្ងរណាមួយ ប្រឆាំងទៅលើប្រទេសចិន ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់បស្ចិមលោកផងដែរ ព្រោះវាស្ថិតក្រោមសម្ពាធពីវិបត្តិខ្សែចង្វាក់ផ្គត់ផ្គង់របស់ពិភពលោក នាពេលបច្ចុប្បន្នរួចទៅហើយ។
លោក ស្ដេស៊ី ហ្គូដដាដ (Stacie Goddard) សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយនៃ មីលដ្រេដ ឡែន ខែមភ័រ ( Mildred Lane Kemper) នៅមហាវិទ្យាល័យវ៉េលឡេស៊្លី (Wellesley) បានអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមិនត្រូវចាត់វិធានការធ្ងន់ធ្ងរបែបណាមួយទៅលើចិននោះទេ។ ប៉ុន្ដែសហរដ្ឋអាមេរិក ត្រូវប្រើមធ្យោបាយបញ្ចុះបញ្ចូលចិនច្រើនជាង, ដូចជាប្រសិនបើ ចិន មិនធ្វើតាមអាមេរិកទាំងស្រុង ក៏យ៉ាងហោចណាស់ ក្រុងប៉េកាំង មិនជួយដល់ប្រទេសរុស្ស៊ី តាមមធ្យោបាយសំខាន់ៗណាមួយដែរ, ពោលគឺ មិនអនុញ្ញាតឱ្យ លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី គេចផុតពីកញ្ចប់ទណ្ឌកម្មដ៏ច្រើនលើសលប់របស់បស្ចិមលោក។
ចំណែករដ្ឋចិនទោតសោត ក៏បានរិះគន់ដល់កញ្ចប់ទណ្ឌកម្មរបស់ អាមេរិក និងមហាអំណាចបស្ចិមលោក សង្កត់ទៅលើប្រទេសរុស្ស៊ីផងដែរ, ដោយក្រុងប៉េកាំង បានអះអាងថា កញ្ចប់ទណ្ឌកម្មទាំងនេះ នឹងបង្កើនទៅជាបញ្ហាថ្មីៗជាច្រើនទៀត ហើយវានឹងជ្រៀតជ្រែកដល់ដំណោះស្រាយជម្លោះនយោបាយ រវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងបណ្ដាប្រទេសពាក់ព័ន្ធជាច្រើនទៀត។
សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បានឈានចូលមកដល់ ថ្ងៃទី២៥ហើយ បើគិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ, បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា មីស៊ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) របស់រុស្ស៊ី បានកម្ទេចឃ្លាំងអាវុធក្រោមដីដ៏ធំសម្បើមមួយ របស់អ៊ុយក្រែន ដែលមានស្ដុកអាវុធមីស៊ីល និងអាវុធប្រឆាំងយន្ដហោះចម្បាំង នៅក្នុងភូមិ ដេលីទីន (Deliatyn) នៃទីក្រុង អ៉ីវ៉ាណូ-ហ្រ្វាន់កៀវ (Ivano-Frankivsk)។
នេះជាលើកដំបូងហើយដែលរុស្ស៊ីប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) នៅក្នុងសមរភូមិសង្រ្គាមដែលលោក ពូទីន បានប្រកាសថា ជាប្រតិបត្តិការយោធាពិសេស។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។
ងាកទៅមើលជំនួយរបស់អាមេរិកដែលជាធាតុផ្សំក្នុងការបញ្ឆេះភ្លើងសង្គ្រាម និងលាបពណ៌ឱ្យបណ្ដាប្រទេសនានា ឈ្លោះគ្នា ប្រយុទ្ធគ្នាប្រដាប់អាវុធវិ ដើម្បីខ្លួនបានលូកដៃចូលជ្រៀតជ្រែក និងធ្វើជាបងធំគ្រប់គ្រងពិភពលោកនោះ គឺលោក ឈុក ស្គូមើរ ( Chuck Schumer) មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ថា យើងកំពុងតែរក្សានូវការសន្យារបស់យើងក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណៈពួកគេកំពុងតែប្រយុទ្ធការពារជីវិតរបស់ពួកគេប្រឆាំងនឹងលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលឈ្លានពានទឹកដីអ៊ុយក្រែន។ ពេលនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចផ្ដល់កញ្ចប់ថវិកា មានទំហំទឹកប្រាក់ រហូតដល់ ១,៥ពាន់ពាន់លានដុល្លារ ក្នុងនោះមានទាំងជំនួយទំហំទឹកប្រាក់ជិត ១៤ពាន់លានដុល្លារ សម្រាប់កិច្ចការមនុស្សធម៌ និងការចំណាយលើការទិញគ្រឿងយុទ្ធោបករណ៍ ជួយដល់ប្រទេសអ៊ុយក្រែន។
លើសពីនេះ អាមេរិក បានបំផុសបំផុលឲ្យសម្ព័ន្ធមិត្តសហភាពអឺរ៉ុប ផ្ដល់ជំនួយរូបិយបណ្ណ ជំនួយយោធា ដូចជា គ្រឿងសព្វាវុធទំនើបទំនើបៗ កាំភ្លើងតូច កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះ និងយន្តហោះ, ព្រមទាំង រថយន្ត រថក្រោះ និងយន្តហោះច្បាំង ព្រមទាំងកងទ័ពផងដែរ ទៅជួយអ៊ុយក្រែន ធ្វើដំណើរឆ្លងកាត់តាមរយៈបណ្ដាប្រទេសផ្សេងៗដែលជាសម្ព័ន្ធមិត្តណាតូរបស់ខ្លួន, ហើយរឿងនេះ អាមេរិក លាបពណ៌ថា ខ្លួន និងសម្ព័ន្ធមិត្តណាតូ មិនអាចចេញមុខត្រង់ ឬផ្ទាល់ទៅប្រយុទ្ធតតាំងជាមួយរុស្ស៊ីនៅអ៊ុយក្រែន បាននោះឡើយ ព្រោះថា វានឹងរាលដាលទៅជាសង្គ្រាមអាមេរិក សម្ព័ន្ធមិត្តណាតូ និងរុស្ស៊ី ថែមទៀត, លើសពីនេះ វានឹងក្លាយទៅជាសង្រ្គាមលោកលើកទី៣ , អាមេរិក និងសម្ព័ន្ធមិត្តណាតូ មិនធ្វើបែបនេះទេ, ប៉ុន្តែ ជំនួយ និងទង្វើគ្រប់យ៉ាង ដែលអាមេរិក សហភាពអឺរុប និងសម្ព័ន្ធមិត្តណាតូ កំពុងតែធ្វើនោះ គឺវាទាក់ទងទៅនឹងការបញ្ឆេះភ្លើងសង្គ្រាមរួចហើយ, ហេតុអ្វី អាមេរិក មិនបបួលគ្នាគ្រប់ភាគីចូលតុចរចា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីទៅ?!
ក្រុមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាច្រើន បានលើកឡើងថា ទាក់ទងទៅនឹងជម្លោះប្រដាប់អាវុធអ៊ុយក្រែន-រុស្ស៊ី នេះ, គេមិនចង់និយាយថា អាមេរិកខុស, សហភាពអឺរ៉ុបខុស, សម្ព័ន្ធមិត្តណាតូខុស, អ៊ុយក្រែនខុស និងរុស្ស៊ី ខុសនោះទេ, ប៉ុន្តែ អ្វីដែលគេចង់និយាយពិតប្រាកដនាពេលនេះ គឺ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវផ្ដល់អ្វី ឬធ្វើអ្វី ទៅជាការបញ្ឆេះភ្លើងសង្គ្រាម ដុតកម្លោចអ៊ុយក្រែន និងរុស្ស៊ី ឱ្យរីករាលដាលកាន់តែធំ និងផ្ដល់គ្រោះថ្នាក់ដល់ពិភពលោកនោះទៅវិញទេ។ ស្ថានការណ៍អ៊ុយក្រែន-រុស្ស៊ី គឺចាប់ផ្ដើមតាំងពីសង្គ្រាមត្រជាក់មក ហេតអ្វី អាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ មិនព្រមនាំគ្នាលើកតម្លៃការគោរពគ្នាទៅវិញទៅមក លើកតម្លៃកិច្ចសន្ទនាចរចា រិះរកគ្រប់បាយដោះស្រាយដោយសន្តិវិធី គ្រប់កម្រិត គ្រប់មធ្យោបាយទៅ ?! ចាំបាច់អី ផ្ដល់ជំនួយជាឧបករណ៍បញ្ឆេះភ្លើងសង្រ្គាម ដូចជា ការផ្ដល់គ្រឿងសព្វាវុធ កាំភ្លើងតូច កាំភ្លើងធំ មីស៊ីល យន្តហោះចម្បាំង និងកងកម្លាំងទ័ព ទៅកាន់អ៊ុយក្រែន ទៅវិញ។
ក្រឡេកមើល ឥរិយាបថ ឬកាយវិការមិនញុះញង់ភ្លើងសង្រ្គាមសម្រាប់ប្រទេសធំ-តូចមួយចំនួនក្នុងពិភពលោកវិញ , បើតាមការផ្សាយរបស់សារព័ត៌មាន ប៊្លូមប៊ឺក Bloomberg នាពេលថ្មីៗនេះ លោក ហ្សាអៀ ប៊ុលសូណារ៉ូ (Jair Bolsonaro) ប្រធានាធិបតីប្រេស៊ីល បានបញ្ជាក់ថា ជាការពិតណាស់ នៅចំពោះមុខសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ប្រទេសរបស់លោក នឹងមិនឈរនៅខាងភាគីណាមួយឡើយ។
- អាហ្រ្វិកខាងត្បូង គឺជាប្រទេសធំជាងគេក្នុងចំណោមប្រទេសអាហ្វ្រិកចំនួន ១៧ បានបោះបោះឆ្នោតអនុប្បវាទលើដំណោះស្រាយ UN ថ្កោលទោសសកម្មភាពយោធារបស់រុស្ស៊ី។
- រដ្ឋចិន , ឥណ្ឌា, អាហ្សង់ទីន, តួកគី, ម៉ិកស៉ិក កូរ៉េខាងជើង និងឥណ្ឌូណេស៊ី ។ល។ ជាប្រទេសដែលបានដិសេធចំពោះការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។
ដូច្នេះទេ ជំនួយអ្វីមួយ ឬឧបករណ៍អ្វីមួយ ដែលនាំទៅដល់ការបញ្ឆេះភ្លើងសង្គ្រាម គ្រប់ភាគីទាំងអស់គួរណាស់កុំធ្វើ !
- គួររៀនសូត្រ និងពិចារណាចំពោះប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលថ្លែងថា គេមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបាននោះទេ, ហើយរឹតតែមិនអាចជំរុញអ្វីមួយឲ្យក្លាយទៅជាការបញ្ឆេះភ្លើងសង្គ្រាមមកដែរ, ប៉ុន្តែសង្គ្រាមដែលអាចបញ្ចប់បានដោយសន្តិវិធីនោះ គឺមានតែចូលតុចរចាប៉ុណ្ណោះ បង្កើនវប្បធម៌សន្ទនា រិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយជម្លោះប្រដាប់អាវុធ នោះទើបជាការត្រឹមត្រូវ។
- សហរដ្ឋអាមេរិក តែងតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា រំលោភដែនអធិបតេយ្យគេឯង ដូចជា បញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, បញ្ហាកោះតៃវ៉ាន់ , គួរណាស់តែពិចារណាលើសម្ដី លោក ស៊ី ជិនពីង ប្រធានរដ្ឋចិន ដែលបានលើកឡើងចំពោះមុខប្រធានាធិបតី ចូ បៃដិន ថា ចាំបាច់ត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបង្កផលប៉ះពាល់យ៉ាងអវិជ្ជមាន ចំពោះទំនាក់ទំនងរវាងកំពូលមហាអំណាចទាំងពីរនេះ (ចិន-អាមេរិក)។
លោក ស៊ី ជិនពីង សង្កត់ធ្ងន់ថា សន្តិភាព និងការអភិវឌ្ឍ ជាប្រធានបទដ៏មានសារៈប្រយោជន៍សម្រាប់យុគសម័យថ្មី ត្រូវតែថ្នាក់ថ្នម និងលើកតម្លៃ, សូចនាករ វិបត្តិអ៊ុយក្រែន គឺជាអ្វីដែលយើងមិនចង់ឃើញ មិនចង់ជួប។ ការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នា គឺមិនសមស្របនឹងផលប្រយោជន៍របស់មនុស្សជាតិឡើយ, សន្តិភាព និងសុវត្ថិភាព គឺជាទ្រព្យសម្បត្តិដ៏គួរឱ្យរក្សាថ្នាក់ថ្នម បំផុតរបស់សហគមន៍អន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













