Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីទាំងពីរ បានស្វាគមន៍ការចូលចត របស់នាវាកងកម្លាំងស្វ័យការពារជើងទឹកនៅកំពង់ផែក្រុងព្រះសីហនុ និងការធ្វើសមយុទ្ធសុច្ឆន្ទៈ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ បានជំរុញឱ្យប្រទេសពាក់ព័ន្ធរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រចិនខាងត្បូង ជៀសវាងសកម្មភាពឯកតោភាគី ដែលនឹងបង្កើនភាពតានតឹង ឬធ្វើឱ្យស្ថានការណ៍មានភាពស្មុគស្មាញនៅតំបន់សមុទ្រនេះ។

ការបញ្ជាក់សាជាថ្មីនេះត្រូវបានធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រវាងកម្ពុជានិងជប៉ុន ចេញពីដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

សេចក្ដីថ្លែងការណ៍នេះបានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុនបានអះអាងសាជាថ្មីអំពីសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍នៅលើសមុទ្រចិនខាងត្បូង និងការហោះហើរពីលើសមុទ្រចិនខាងត្បូង។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានអំពាវនាវដល់ប្រទេសដែលពាក់ព័ន្ធ នៅតំបន់សមុទ្រចិខាងត្បូងនេះ ត្រូវមានការអត់ធ្មត់រៀងៗខ្លួន ភាពគ្មានយោធូបនីយកម្ម និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា «សម្ដេចតេជោ ហ៊ុន សែន និងលោក គីស៊ីដា ហ្វឺមីអូ បានគូសបញ្ជាក់ពីសារសំខាន់នៃការជំរុញឱ្យប្រទេសពាក់ព័ន្ធជៀសវាង សកម្មភាពឯកតោភាគី ដែលនឹងបង្កើនភាពតានតឹង ឬធ្វើឱ្យស្ថានការណ៍មានភាពស្មុគស្មាញនៅសមុទ្រចិនខាងត្បូង»។

នាយករដ្ឋមន្ត្រីទាំងពីរថែមទាំងបានសង្កត់ធ្ងន់ពីសារសំខាន់នៃការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគី នៅសមុទ្រចិនខាងត្បូង (DOC) និងបានកត់សម្គាល់ពីវឌ្ឍនភាពនៃការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) និងបានគូសបញ្ជាក់ពីសារសំខាន់នៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រកបដោយប្រសិទ្ធភាព និងមានអត្ថន័យដែលស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

តាមរយៈសេចក្តីថ្លែងការណ៍រួម ក្រោយបញ្ចប់ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ មេដឹកនាំទាំងពីរ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តសាកល្បងមីស៊ីលបាលីស្ទីក ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ដែលបង្កើនភាពតានតឹង និងឥទ្ធិពលជាអវិជ្ជមានដល់បរិយាកាសនៃកិច្ចចរចា ដើម្បីដោះស្រាយការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សាជាថ្មីពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ និងមធ្យោបាយការទូត ដើម្បីសម្រេចបាននូវការលុបបំបាត់ទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បាន និងមិនឱ្យមានជាថ្មីនូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងការប្តេជ្ញាចិត្តអនុវត្តឱ្យបានពេញលេញ នូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSCRs) ដែលពាក់ព័ន្ធ។

ក្នុងសេចក្តីថ្លែងការណ៍ដដែល ថ្នាក់ដឹកនាំទាំងពីរ បានជំរុញយ៉ាងខ្លាំងដល់ ស.ប.ប.កូរ៉េ ឱ្យអនុវត្តនូវកាតព្វកិច្ចអន្តរជាតិទាំងអស់របស់ខ្លួនឱ្យបានពេញលេញ ក្រោម UNSCRs ដែលពាក់ព័ន្ធ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រី គីស៊ីដា បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអះអាងសាជាថ្មីពីការប្ដេជ្ញាចិត្ត ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដោយកូរ៉េខាងជើង។

សេចក្ដីថ្លែងការណ៍បានឱ្យដឹងទៀតថា នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា បានវាយតម្លៃខ្ពស់ចំពោះការពិតដែលកម្ពុជាបានផ្លាស់ប្តូរ ពីប្រទេសដែលទទួលយកប្រតិបត្តិការរក្សាសន្តិភាព ទៅជាប្រទេសដែលបញ្ជូនកងទ័ពចូលរួមប្រតិបត្តិការរក្សាសន្តិភាព និងចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងស្ថិរភាពអន្តរជាតិ។

បន្ថែមលើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានស្វាគមន៍ការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជើងទឹកនៅកំពង់ផែក្រុងព្រះសីហនុ និងការធ្វើសមយុទ្ធសុច្ឆន្ទៈ ក៏ដូចជាដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមរបស់កងកម្លាំងស្វ័យការពារជើងទឹក។

សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន និងលោក គីស៊ីដា ហ្វឺមីអូ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខបន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ រួមទាំងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជើងទឹក ការពង្រីកសមយុទ្ធទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងកងទ័ពជើងគោកភូមិន្ទកម្ពុជា លើផ្នែកជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ»។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានយល់ព្រមសម្របសម្រួលសកម្មភាពនានាសម្រាប់ការថែរក្សាសន្តិភាព តាមរយៈការកសាងសមត្ថភាពលើវិស័យប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍របស់កម្ពុជាផ្នែកបោសសម្អាតមីនជាមួយប្រទេសទីបី។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងរបស់ជប៉ុនដល់ការបោសសម្អាតមីននាពេលកន្លងមក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×