Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានសម្រេចចេញសេចក្ដីថ្លែងការណ៍រួមគ្នាថា កម្ពុជា-ជប៉ុន ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន, ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

គួរបញ្ជាក់ថា កម្ពុជា-ជប៉ុន បានចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចលេខ A/RES/ES-11/1N ដែលត្រូវបានអនុម័តក្នុងសម័យប្រជុំពិសេសបន្ទាន់លើកទី១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះទៀត មេដឹកនាំនៃប្រទេសទាំងពីរ បានបញ្ជាក់បន្ថែមថា ការឈ្លានពានទៅលើរដ្ឋសមាជិកអង្គការសហប្រជាជាតិមួយ ដោយបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនោះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលហាមប្រើប្រាស់កម្លាំង និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ។

កម្ពុជា-ជប៉ុន បានមើលឃើញថា ការឈ្លានពាននេះ បង្កមហន្តរាយដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ, ដោយមិនទទួលយកនូវការកែប្រែជាឯកតោភាគីណាមួយ ចំពោះពំ្រដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងនោះទេ។ ក្នុងស្មារតីដូចគ្នានេះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ថា រាល់ការវាយប្រហារប្រដាប់អាវុធទៅលើ និងការគំរាមកំហែងប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ ដែលបង្កើតឡើងក្នុងគោលបំណងសន្តិភាព គឺជាការរំលោភលើច្បាប់អន្តរជាតិ។

ជាទស្សនៈដាច់ដោយឡែក ថ្លែងនៅក្នុងសន្និសីទរួមគ្នា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនថា សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបាននោះទេ ហើយគួរតែបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×