Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន គាំទ្រកម្ពុជាជាប្រធានអាស៊ាន ខណៈសម្តេចតេជោ ហ៊ុន សែន ប្ដេជ្ញាពង្រីកទំនាក់ទំនងអាស៊ាន-ជប៉ុន ឈានឡើងមួយកម្រិតទៀត

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយ លោក គីស៉ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នាព្រលប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ជប៉ុន ឱ្យឈានឡើងមួយកម្រិតទៀត, ដូចជា ការគាំទ្ររៀបចំកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន, ការរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់រយៈពេល ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មាននៅចំពោះមុខ លោក គីស៉ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន, សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខ្ញុំ និងលោក គីស៉ីដា ហ៊្វូមីអូ នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ជប៉ុន ឱ្យឈានឡើងមួយកម្រិតទៀត នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន, កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលមានស្រាប់ និងការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា ជប៉ុន សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលកំពុងដើរតួនាទីដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃតំបន់មេគង្គ ហើយបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត, ជប៉ុន សូមគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំនេះ និងបញ្ជាក់ពីការផ្តល់កិច្ចសហការជានិច្ចដើម្បីធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×