Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្លាយជាមន្ទីរពេទ្យទំនើបផ្តល់សេវាថែទាំទូទៅ និងសម្រាប់អ្នកមានជំងឺធ្ងន់ៗ ដោយមានកិច្ចសហការពីចិន

ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ជាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានស្ថាបនាថ្មីរួចរាល់ជាស្ថាពរហើយ ជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប និងត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

មន្ទីរពេទ្យថ្មីទំនើបនេះ ចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ត្រូវបានសាងសង់លើផ្ទៃដីទំហំជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ មន្ទីរពេទ្យទំនើបនេះ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧទ្ធម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនបានថែមទៀត។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ និងមានកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ហើយព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានបើកការដ្ឋានសាងសង់ជាថ្មី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ តាំងពីដំបូងមក ជាមន្ទីរពេទ្យផ្នែកឆ្អឹង ន៉ុន្តែពេលនេះត្រូវបានធ្វើទំនើបកម្មកាន់តែខ្លាំងក្លាបន្ថែមទៀត លើជំនាញវះកាត់ជាមួយឧបករណ៍វេជ្ជសាស្ត្រប្រើបច្ចេកវិទ្យាចុងក្រោយកម្រិតអន្តរជាតិ។ ក្នុងមន្ទីរពេទ្យ ក៏ត្រូវបានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់សម្រាប់ការថត សម្រាប់ការធ្វើរោគវិនិច្ឆ័យ ដែលជាផ្នែកដ៏សំខាន់សម្រាប់គាំទ្រដល់ការព្យាបាល។

បើតាម លោកសាស្ត្រចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយមានកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន។ វាអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយ ដ៏សំខាន់លើវិស័យសុខាភិបាល ព្រោះថា ទីនេះជាកន្លែងបណ្តុះបណ្តាលតាំងពីដើមមក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×