ក្នុងជំនួបមេដឹកនាំកំពូលទ្វេភាគី នាព្រលប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅ លោក គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន សូមឱ្យពង្រីកសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត, ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី, បង្កើនវិនិយោគជប៉ុនមកកាន់កម្ពុជា, និងសូមភាគីជប៉ុន ជួយទិញផលិតផលកម្ពុជា ជាពិសេស ផលិតផលកសិកម្ម ដែលជាផលិតផលអាទិភាពរបស់កម្ពុជា ឲ្យបានច្រើនថែមទៀត។

ទាក់ទងនឹងការពង្រីកសេដ្ឋកិច្ច ក៏ដូចជាទំហំពាណិជ្ជកម្មជាមួយជប៉ុន, សម្តេចតេជោ ហ៊ុន សែន បានស្នើទៅ នាយករដ្ឋមន្ត្រីជប៉ុន ដូចជា ÷
- ជួយទិញផលិតផលកម្ពុជា ជាពិសេស ផលិតផលកសិកម្មដែលជាផលិតផលអាទិភាពរបស់កម្ពុជា ឱ្យបានច្រើនថែមទៀត,
- ពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង RCEP។
- លើកទឹកចិត្តក្រុមហ៊ុនជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ជាពិសេស ក្រុមហ៊ុនល្បីៗពីជប៉ុនមកដំឡើងរោងចក្រនៅកម្ពុជា ដូចជា ប៉ាណាសូនិក (Panasonic) តូហ្ស៊ីបា (Toshiba) មីតស៊ូប៊ីហ្ស៊ី អេឡិកទ្រិក (Mitsubishi Electric) និងយ៉ាម៉ាហា ខូអប់ភើរេសិន (Yamaha Cooperation) ជាដើម។
គួរបញ្ជាក់ថា ទោះជាក្នុងអំឡុងវិបត្ដជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅតែមានស្ថានភាព ក្នុងរង្វង់ជិត ២ពាន់លានដុល្លារ។ ចំណែកអ្នកវិនិយោគជប៉ុននៅកម្ពុជាវិញ បានងើបឡើងនៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ២០២០។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មរបស់ជប៉ុនលំដាប់ទី៨ ក្នុងតំបន់អាស៊ាន។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន សម្រេចបានប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ទំនិញកម្ពុជាដែលនាំចេញទៅជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារិម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុ ជាដើម…។ ចំណែកទំនិញជប៉ុនដែលនាំចូលមកកម្ពុជា មានដូចជា គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារិម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិក សម្ភារៈកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទ ជាដើម…។
សំណូមពររបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបាន លោក គីស៊ីដា ហ៊្វូមីអូ ឆ្លើយតបជាវិជ្ជមាន និងស្វាគមន៍ចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជា ព្រមទាំងបានឯកភាពពង្រីកបន្ថែមទៀតនូវបរិយាកាសវិនិយោគមកលើកម្ពុជា តាមរយៈកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី និងកិច្ចប្រជុំវិស័យសាធារណៈ និងឯកជន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















