រដ្ឋធានីគៀវ៖ រហូតមកដល់ថ្ងៃទី២១ ខែមីនា នេះ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន បានអូសបន្លាយពេល ជាង២០ថ្ងៃកន្លងមកហើយ តែនៅតែមិនសញ្ញាណាមួយ បង្ហាញថា កងទ័ពរុស្ស៊ី បានទទួលជោគជ័យ នៅក្នុងសង្គ្រាមនោះដែរ តែអ្វីដែលក្រុងមូស្គូ ទទួលបានមកវិញ មានតែការខាតបង់យ៉ាងធំធេង ទាំងសេដ្ឋកិច្ច និង កម្លាំងទ័ពរបស់ខ្លួន និង បង្កវិនាសកម្ម នៅក្នុងប្រទេសអ៊ុយក្រែន ខណៈក្រុងគៀវ បានអះអាង ពីការដាច់ខាត មិនចុះចាញ់នេះទេ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ថា រុស្ស៊ី បានអួតអាង ថា អ៊ុយក្រែន គិតត្រឹមត្រឹមវេលាម៉ោង៥ព្រឹក វេលានៅក្រុងមូស្គូ បានដាក់អាវុធចុះ ចាញ់ ហើយកងកម្លាំងរុស្ស៊ី បានរក្សាជូននូវច្រករបៀងមនុស្សធម៌។ ក្រៅពីនេះ រុស្ស៊ី បានអួតអាងទៀតថា កម្លាំងអ៊ុយក្រែន នៅភាគខាងកើតកំពង់ផែ នៃទីក្រុងម៉ារីអូប៉ូល (Mariupol) កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែមីនា បានចុះចាញ់។ ដោយឡែក ក្រុងគៀវ បានច្រានចោលនូវការអះអាងរបស់ក្រុងមូស្គូ ហើយថា កងកម្លាំងរបស់អ៊ុយក្រែន នៅតែបន្ដប្រយុទ្ធជាមួយនឹងទាហានឈ្លានពានរបស់រុស្ស៊ី ដដែល។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៅកាន់សភាអ៊ីស្រាអែល ដោយប្រៀបធៀបពីការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសរបស់គាត់ ទៅនឹងអំពីឃោរឃៅ បានអនុវត្ដឡើង ដោយរបបណាហ្ស៊ីអាល្លឺម៉ង់ (Nazi Germany) នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏បានប្រាប់ដល់បណ្ដាញទូរទស្សន៍ CNN ថា ការចរចា ជាជម្រើសតែមួយគត់ សម្រាប់បញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។
ដោយឡែក តួកគី ក៏បានបញ្ជាក់ថា រុស្ស៊ី និង អ៊ុយក្រែន កំពុងតែបង្កើននូវវឌ្ឍនភាព លើការចរចា ដើម្បីបញ្ចប់សង្គ្រាម។ រីឯភាគីទាំង២ ក៏កំពុងតែធ្វើការយ៉ាងជិតស្និទ្ធនឹងគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ។

ប្រធានាធិបតីតួកគី លោក រ៉េសែប តៃយីប អេដូហ្គេន (Recep Tayyip Erdoğan) កាលពីពេលកន្លងទៅថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ ជុំវិញសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ថា «រហូតមកដល់ពេលនេះ មិនមានអ្នកណាម្នាក់ ឬប្រទេសណាមួយ ឈ្នះ ឬចំណេញ ពីសង្គ្រាមឈ្លានពាននោះដែរ។ ប៉ុន្ដែអ្វីដែលទទួលបាន ពីសង្គ្រាមមកវិញ មានតែការខាតបង់ ការបង្កនូវវិនាសកម្ម និង ការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុត សម្រាប់មនុស្សជាតិ។
លោក ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា អ៊ីស្រាអែល កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ការរៀបចំ ជំរុញឱ្យមានកិច្ចពិភាក្សាថ្នាក់កំពូល រវាងប្រទេសរបស់គាត់ និង រុស្ស៊ី ហើយគាត់បានស្នើថា ក្រុមអ្នកចរចាទាំងនេះ អាចនឹងធ្វើឡើង នៅទីក្រុងហ្សេរុយសាឡឹម (Jerusalem) ប្រទេសអ៊ីស្រាអែល។
លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ទៀតថា «លោក បេនណែត (Bennett) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល កំពុងតែស្វះស្វែង រកវិធីសាស្រ្ដនានា ដើម្បីជំរុញឲ្យមានកិច្ចចរចាថ្នាក់កំពូល រវាង អ៊ុយក្រែន និង រុស្ស៊ី ។ ជាមួយគ្នានេះដែរ យើងសូមអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់។ ដូច្នេះ មិនយូរមិនឆាប់ យើងនឹងចាប់ផ្តើមចរចាជាមួយរុស្ស៊ី ប្រហែលជា នៅទីក្រុងហ្សេរុយសាឡឹម (Jerusalem) ប្រទេសអ៊ីស្រាអែល។
ដោយឡែក លោកស្រី អ៊ីរីណា វេរ៉ែសឈុក (Iryna Vereshchuk) ឧបនាយករដ្ឋមន្រ្ដីអ៊ុយក្រែន បានច្រានចោលនូវការអំពាវនាវរបស់រុស្ស៊ី ដើម្បីសុំឲ្យកងកម្លាំងរបស់អ៊ុយក្រែន នៅក្នុងទីក្រុងមីរីអូប៉ូល (Mariupol) ទម្លាក់អាវុធរបស់ពួកគេ ចុះចាញ់នឹងរុស្ស៊ី។ លោកឧបនាយករដ្ឋមន្រ្ដី បានអះអាង ថា មិនអាចមានសំណើណាមួយ សុំចុះចាញ់បាននោះឡើយ។
លោកស្រី Vereshchuk ឧបនាយករដ្ឋមន្រ្ដីអ៊ុយក្រែន បញ្ជាក់ថា កម្លាំងទាហានរុស្ស៊ី ចង់ឲ្យយើងចុះចាញ់ មុនពេលពួកគេអនុញ្ញាតឲ្យមានការជម្លៀសជនស៊ីវិល ចេញពីទីក្រុង ដែលពួកគេឡោមព័ទ្ធនេះ។ ប៉ុន្ដែកងកម្លាំងយោធារបស់យើង ដាច់ខាតមិនព្រមចុះចាញ់នោះឡើយ៕រក្សាសិទ្ធិដោយ ៖ សារាយSN










