Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌាទិញប្រេងពីរុស្ស៊ី ជប៉ុនជំរុញឲ្យក្រុងញូវដេលី ប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ នៅអ៊ុយក្រែន

រដ្ឋធានីញូវដេលី៖ រហូតមកដល់ពេលនេះ កម្លាំងយោធារុស្ស៊ី នៅតែបន្ដបង្កើននូវការវាយលុកឈ្លានពានយ៉ាងសន្ធាប់ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈមហាអំណាចបច្ចិមលោក និង សម្ពន្ធមិត្ត ក៏កំពុងតែហ៊ុមព័ទ្ធសេដ្ឋកិច្ច ដោយការដាក់កញ្ចប់ទណ្ឌកម្ម ពីគ្រប់ទិសទីនោះមក នាយករដ្ឋមន្ត្រីជប៉ុន ក៏កំពុងតែជំរុញឲ្យសមភាគីឥណ្ឌា លោក មូឌី ត្រូវតែប្រកាន់ខ្ជាប់នូវបន្ទាត់យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ថា លោក ហ្វូមីយ៉ូ កូស៊ី (Fumio Koshi) នាយករដ្ឋមន្រ្ដីជប៉ុន នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានីញូវដេលី បានអំពាវនាវដល់សមភាគីឥណ្ឌា លោក ណារ៉ែនដ្រា មូឌី (Narendra Modi) ត្រូវតែប្រកាន់ខ្ជាប់នូវគោលជំហរយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ ក្រោយជំនួបចរចាគ្នា នៅរដ្ឋធានីញូវដេលី នោះ មេដឹកនាំជប៉ុន និង ឥណ្ឌា ក៏បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយថ្កោលទោសដល់សកម្មភាពយោធារបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលជប៉ុន នៅលើទឹកដីឥណ្ឌា ត្រូវបានគេមើលឃើញ ថា ក្រុងតូក្យូ នឹងជំរុញឲ្យក្រុងញូវដេលី ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ក្រុងរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ សមាជិកសម្ពន្ធភាពខ្វាដ (Quad) រួមមាន ឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បង្កើតឡើង ដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ចិន ដែលកំពុងតែកើនឡើង នៅក្នុងតំបន់អាស៊ី-ប៉ាហ្វិក និង ពិភពលោក។ ប៉ុន្ដែប្រទេសចំនួន៣ នៅក្នុងចំណោមប្រទេស៤ នៃសម្ពន្ធភាពយោធាមួយនេះ លើកលែងតែក្រុងញូវដេលី បានបោះឆ្នោត នៅក្នុងអង្គការសហប្រជាជាតិ អំពាវនាវឱ្យរុស្ស៊ី បញ្ឈប់នូវអំពើហិង្សាជាបន្ទាន់ នៅក្នុងប្រទេសអ៊ុយក្រែន។

ជាមួយនឹងសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នោះ មហាអំណាចបច្ចិមលោក និង សម្ពន្ធមិត្ត បាន និង កំពុងតែបង្កើននូវការដាក់កញ្ចប់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ។ សកម្មភាពរបស់លោកខាងលិច ក៏ដើម្បីដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរបំផុត ដល់សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោក មួយនេះ ឲ្យកាន់តែធ្ងន់ ហើយវានឹងប្រឈមនឹងការលំបាកយ៉ាងខ្លាំង នៅក្នុងការស្វែងរកហិរញ្ញវត្ថុ យកមកធ្វើសង្គ្រាមឈ្លានពានរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក ក្រុងញូវដេលី ជាសម្ពន្ធមិត្តយោធារបស់ខ្វាដ (Quad) ដែរនោះ បែរជានៅតែបន្ដទិញប្រេង នាំចូលមកពីរុស្ស៊ី ក្រោមការបញ្ចុះតម្លៃយ៉ាងច្រើន ដើម្បីប្រមូលប្រាក់ យកមកជួយដល់សេដ្ឋកិច្ចរបស់ក្រុងមូស្គូ ដែលកំពុងតែហ៊ុមព័ទ្ធ ដោយសារទណ្ឌកម្ម ពីមហាអំណាចបច្ចិមលោក និងសម្ពន្ធមិត្ត។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ឥណ្ឌា មានការអល់អែកយ៉ាងខ្លាំង នៅក្នុងថ្កោលទោសដល់សកម្មភាពយោធារបស់ក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន។ ក្រុងញូវដេលី ចង់ស្ថិតនៅជាអព្យាក្រឹត ក៏ដោយសារតែ ឥណ្ឌា ចង់ទាញយកផលប្រយោជន៍ ពីរុស្ស៊ី ដើម្បីទិញគ្រឿងយុទ្ធោបករណ៍ យកមកទប់ទល់នឹងសកម្មភាពឈ្លានពានរបស់ចិន និង ប៉ាគីស្ថាន។ ប៉ុន្ដែទោះជាបែបនេះក្ដី ឥណ្ឌា ក៏បានថ្លែងទៅកាន់អង្គការសហប្រជាជាតិ ទាមទារឲ្យក្រុងមូស្គូ ត្រូវតែគោរពតាមធម្មនុញ្ញរបស់អង្គការកំពូលរបស់ពិភពលោក មួយនេះផងដែរ។

នៅក្នុងដំណើរទស្សនកិច្ច នៅក្នុងទីក្រុងញូវដេលី កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នោះ លោក ហ្វូមីយ៉ូ កូស៊ី (Fumio Koshi) នាយករដ្ឋមន្រ្ដីជប៉ុន បានធ្វើសន្និសីទរួមគ្នាមួយជាមួយនឹងសមភាគីឥណ្ឌា ថា គាត់ និង លោក មូឌី បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ហើយថា ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ក៏កំពុងតែធ្វើឲ្យរង្គោះរង្គើដល់សណ្ដាប់ធ្នាប់របស់អន្ដរជាតិ ហើយត្រូវតែដោះស្រាយយ៉ាងម៉ឺងម៉ាត់ និង បន្ទាន់ជាទីបំផុត។

ទោះជាយ៉ាងណា លោក មូឌី នាយករដ្ឋមន្រ្ដីឥណ្ឌា មិនបាននិយាយ ដោយផ្ទាល់ អំពីអ៊ុយក្រែន នោះឡើយ។ ដោយឡែក សេចក្តីថ្លែងការណ៍រួមគ្នារបស់មេដឹកនាំជប៉ុន និង ឥណ្ឌា បានហៅត្រឹមតែ ជំរុញឲ្យបញ្ឈប់នូវអំពើហិង្សា នៅក្នុងប្រទេសអ៊ុយក្រែន ជាបន្ទាន់ ហើយជាការកត់សម្គាល់នោះ មិនមានជម្រើសណាមួយផ្សេងទៀត ក្រៅពីផ្លូវសន្ទនាគ្នា និង ការដោះស្រាយជម្លោះ តាមរយៈការទូតនោះឡើយ។

មេដឹកនាំជប៉ុន និង ឥណ្ឌា មិនបញ្ចេញឈ្មោះប្រទេសណាមួយនោះឡើយ តែបានសង្កត់ធ្ងន់ លើតម្រូវការ សម្រាប់ប្រទេសទាំងអស់ នៅក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី នៅក្នុងជម្លោះ ស្របតាមច្បាប់អន្តរជាតិ ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ក៏ដូចជា ការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ជាឯកតោភាគី។

កាលពីដើមខែមីនា កន្លងទៅនេះ មេដឹកនាំខ្វាត ចំនួន៣ប្រទេស រួមមាន លោក Kishida នាយករដ្ឋមន្រ្ដីជប៉ុន, លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក ស្កុត ម៉ូរីសុន (Scott Morrison) ក៏បានបរាជ័យ នៅក្នុងការបញ្ចុះបញ្ចូលនាយករដ្ឋមន្រ្ដីឥណ្ឌា ជុំវិញជំហររបស់ពួកគេ ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សារាយSN

×