ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០២២ នេះ បានបន្តពេលសវនាការ
ជំនុំជម្រះ លើសំណុំរឿងក្តីរបស់លោកសម រង្ស៊ី និង គូកនចំនួន៤៦នាក់ទៀត ជាប់ពាក់ព័ន្ធនឹងការ ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងមានចេតនា ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្ស៊ី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ ។
សវនាការនេះ ត្រូវបានដឹងនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ លោកអ៉ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា ជាចៅក្រមប្រឹក្សា និង មានតំណាងអយ្យការចំនួន២នាក់ គឺ សេង ហៀង និងលោក សំម ឬទ្ធីវាសនា ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមឯកសាររបស់តុលាកា បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទចំនួន៤៧ នាក់។

នៅក្នុងចំណោមជនជាប់ចោទ ទាំង៤៧នាក់នេះ រួមមានលោកសម រង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និង លោក នុត រំដួល ព្រមទាំងជនជាប់ចោទដទៃទៀត ដែលជាអតីតសកម្មជន នៃ អតីតគណបក្សសង្គ្រោះជាតិ រួមទាំងកញ្ញា សេង ធារីផងដែរ។
ជនជាប់ចោទដែលត្រូវបានចាប់ និង ឃុំខ្លួន គឺចំនួន៣ នាក់ មានឈ្មោះ ទី១- កាក់ កុម្ភារ ភេទប្រុស, ទី២-ឈ្មោះ ហេង ច័ន្ទរិទ្ធី ភេទប្រុស, និង ទី៣-ឈ្មោះ ទុំ ប៊ុនថន ភេទប្រុស។
ពួកគេបានតំណាងអយ្យការចោទប្រកាន់ពីបទ« រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខសង្គម តាមបញ្ញាតិមាត្រា ៤៥៣ ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋ។
នាពេលសវនាការកាលពីព្រឹកថ្ងៃទី ២១ ខែ មីនា នេះ តុលាការបានបន្តសាកសួរមន្ត្រីនគរបាលជំនាញ នៃ នាយកដ្ឋានប្រឆាំងភេវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន និង នាយកសន្តិសុខផ្ទៃក្នុង នៃ ក្រសួងមហាផ្ទៃ
ជាប់ទាក់ទងនឹងការប្រមូលភស្តុតាង និង ការស៊ើបអង្កេត ប្រឆាំងនឹងជនជាប់ចោទទាំងអស់ ខាងលើ។
ជនជាប់ចោទឈ្មោះ សេង ធារី ដែលស្លៀកពាក់បែបស្រ្តី ជនជាតិចិនបុរាណ ក៏ បានចូលរួមផងដែរ។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការលើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃ ទី ២៨ ខែ ២០២២ ខាងមុខនេះទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


