Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមនៅអ៊ុយក្រែន រយៈពេល២៦ថ្ងៃ ធ្វើឲ្យរុស្ស៊ីបាត់បង់មេទ័ពកំពូលៗ៥នាក់ និងពលទាហាន ជាង១,៤ម៉ឺននាក់

រដ្ឋធានីគៀវ ៖ រហូតមកដល់ពេលនេះ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល២៦ថ្ងៃកន្លងមកនេះ នៅតែមិនមានសញ្ញាណាមួយ ទទួលបានជ័យជម្នះ ហើយសង្គ្រាមនេះបានធ្វើឲ្យរុស្ស៊ី បាត់បង់មេទ័ពកំពូលៗ ថ្នាក់ឧត្ដមសេនីយ៍ ចំនួន៥នាក់ មេបញ្ជាការថ្នាក់វរសេនីយ៍ជាច្រើននាក់ និង ពលទាហាន ជាង១៤០០០នាក់ ដោយមិនទាន់បានគណនា អំពីទំហំនៃការខាតបង់សេដ្ឋកិច្ច រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការហ៊ុមព័ទ្ធ ដោយកញ្ចប់ទណ្ឌកម្មរបស់មហាអំណាចបច្ចិមលោក ក៏ដូចជា ការចំណាយលើការធ្វើសង្គ្រាមរបស់ក្រុងមូស្គូ។

សារព័ត៌មានអង់គ្លេស Independent បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ថា មន្រ្ដីជាន់ខ្ពស់យោធាអ៊ុយក្រែន បានអះអាងថា ឧត្ដមសេនីយ៍យោធារុស្ស៊ី ចំនួន៥នាក់ ត្រូវបានស.ម្លាប់ ដោយសារកងទ័ពអ៊ុយក្រែន បា.ញ់ទម្លាក់យន្ដហោះ និង ឧទ្ធម្ភាគចក្ររបស់ពួកគេ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គម ថា លោកឧត្ដមសេនីយ៍ឯក អែនដ្រេ ម៉តវីឆែវ (Andrei Mordvichev) បានក្លាយជាឧត្ដមសេនីយ៍ទី៥របស់រុស្ស៊ី ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេល មានការវាយប្រយុទ្ធគ្នា នៅភាគខាងត្បូង ទីក្រុងឃើរសុន (Kherson) ជាទីក្រុងកំពង់ផែដ៏សំខាន់ នៅក្នុងតំបន់សមុទ្រខ្មៅ។ លោកឧត្ដមសេនីយ៍ បានបាត់បង់ជីវិត នៅក្នុងអំឡុងពេលកងទ័ពអ៊ុយក្រែន បើកការវាយប្រហារតបតយ៉ាងសន្ធាប់ នៅជិតអាកាសយានដ្ឋានឆ័រណូបាយីវកា (Chornobayivka) នៅជិតអាកាសយានដ្ឋានទីក្រុងឃ័រសុន ។

បើតាមមន្រ្ដីជាន់ខ្ពស់យោធាអ៊ុយក្រែន បានឲ្យដឹងថា បើគិតចាប់តាំងពីការផ្ទុះសង្រ្គាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កម្លាំងការពារអ៊ុយក្រែន បានសម្លាប់មេទ័ពកំពូលៗរបស់រុស្ស៊ី ចំនួន៥នាក់ រួមមាន ទី១-លោកឧត្ដមសេនីយ៍ទោ អែនឌ្រីយ កូលេស្នីកូវ (Andriy Kolesnikov) ទី២-លោកឧត្ដមសេនីយ៍ទោ អែនដ្រេ ស៊ូខូវែតស្គី (Andrei Sukhovetsky) ទី៣-លោកឧត្ដមសេនីយ៍ វីតាលី ជេរ៉ាស៊ីម៉ូវ (Vitaly Gerasimov) ទី៤-លោកឧត្ដមសេនីយ៍ អូឡែក មីតីយ៉េវ (Oleg Mityaev) និង ទី៥-លោកឧត្ដមសេនីយ៍ឯក អែនដ្រេ ម៉តវីឆែវ (Andrei Mordvichev) ។ ក្រៅពីនេះ ក៏នៅមានមេបញ្ជាការថ្នាក់វរសេនីយ៍ជាច្រើននាក់ផ្សេងទៀត និង ពលទាហានរុស្ស៊ី ជាង១៤ ០០០នាក់ ត្រូវបានស.ម្លាប់ នៅក្នុងសមរភូមិ វា.យប្រយុទ្ធគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន។

មន្រ្ដីជំនាញយោធា បានអះអាងថា ការស្លាប់របស់ឧត្ដមសេនីយ៍យោធាកំពូលៗរបស់រុស្ស៊ីច្រើនបែបនេះ ក៏ដោយសារតែក្រុងមូស្គូ មិនមានប្រព័ន្ធទំនាក់ទំនងសម្ងាត់ ដូច សហរដ្ឋអាមេរិក ទើបធ្វើឲ្យកម្លាំងទាហានរុស្ស៊ី មានការលំបាក។ ផ្ទុយទៅវិញ កម្លាំងយោធារុស្ស៊ី មានទំនាក់ទំនងគ្នា តាមប្រព័ន្ធទំនាក់ទំនងធម្មតា ទើបធ្វើឲ្យអ៊ុយក្រែន មានភាពងាយស្រួល នៅក្នុងការតាមដាន និង ដឹងពីសកម្មភាពរបស់ក្រុងមូស្គូ ហើយបើកការវាយប្រហារជាចំហ។

បើទោះជាយ៉ាងណា ការអះអាងរបស់មន្រ្ដីយោធាអ៊ុយក្រែន នៅមិនទាន់ការឆ្លើយតបណាមួយ ពីក្រុងមូស្គូ នៅឡើយ។ ដោយឡែក មន្រ្ដីយោធាសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តយោធាណាតូ ក៏បានអះអាង កាលពីសប្ដាហ៍មុន ថា កម្លាំងទាហានរុស្ស៊ី ជាង ៧ ០០០នាក់ ត្រូវបានកងទ័ពអ៊ុយក្រែនស.ម្លាប់ នៅក្នុងការវា.យប្រយុទ្ធគ្នា នៅក្នុងសង្គ្រាមឈ្លានពាននេះ។

បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សង្គ្រាមឈ្លានពានរបស់លោក វ៉ា្លឌីមៀរ ពូទីន (Vladimir Putin ) ប្រធានាធិបតីរុស្ស៊ី បានធ្វើឲ្យប្រជាជន ជាង៣លាននាក់ រត់ភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន។ ចំណែក ជនស៊ីវិល រាប់ពាន់នាក់ផ្សេងទៀត ត្រូវបានស.ម្លាប់ នៅក្នុងសង្គ្រាមឈ្លានពាននេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×