Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ប្ដេជ្ញាតស៊ូការពារទឹកដី មិនសុខចិត្តចុះចាញ់រុស្ស៊ី

រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានឈានដល់ថ្ងៃទី២៧ហើយ តែការវាយប្រយុទ្ធគ្នា នៅតែបន្ដ មានសភាពខ្លាំងក្លាបំផុត ហើយអ៊ុយក្រែន នៅតែប្ដេជ្ញាចិត្តការពារទឹកដីរបស់ខ្លួន សេរីភាពរបស់ខ្លួន និង លទ្ធិប្រជាធិបតេយ្យ នៅលើពិភពលោក និងដាច់ខាត មិនរណបដល់ក្រុងមូស្គូ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ថា បើតាមការវាយតម្លៃ នៃវិទ្យាស្ថានសិក្សាពីសង្គ្រាម មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នៅតែបន្តជាប់គាំង ហើយវាញាំញី ដោយសារតែមានបញ្ហាខ្វះខាតភស្តុភារ។

វិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក មួយនេះ បានកត់សម្គាល់ នៅក្នុងការបូកសរុបយុទ្ធនាការប្រចាំថ្ងៃរបស់ខ្លួន ថា កម្លាំងយោធារបស់រុស្ស៊ី កាលពីថ្ងៃទី២១ ខែមីនា មិនបានធ្វើប្រតិបត្តិការ វាយលុកណាមួយ នៅជិតទីក្រុងគៀវ (Kyiv) នោះឡើយ។ ប៉ុន្ដែកម្លាំងទាហានរុស្ស៊ី បែរជាជំនួសមកវិញនូវការពង្រឹងទីតាំងការពាររបស់ពួកគេ។ ដោយឡែក កម្លាំងទ័ពរុស្ស៊ី នៅភាគឦសាន នៃប្រទេសអ៊ុយក្រែន ក៏នៅតែទ្រឹង មិនអាចធ្វើសកម្មភាពអ្វីបានឡើយ ដោយសារតែការមិនអាចដោះស្រាយបញ្ហាភស្តុភារបាន។

ដោយឡែក សមរភូមិ នៅឯទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូល ( Mariupol) វិញ វិទ្យាស្ថានដដែលនេះ ជឿជាក់ថា កម្លាំងទាហានរុស្ស៊ី បានធ្វើសកម្មភាពយឺត ប៉ុន្តែមានវឌ្ឍភាព នៅទ្រឹងដដែល។ កងទ័ពរុស្ស៊ីបានបន្ដបាញ់ផ្លោង ដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ទោះជាយ៉ាងណា វិទ្យាស្ថានមួយនេះ ជឿជាក់ថា ទីក្រុងម៉ារីអ៊ូប៉ូល អាចនឹងធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី នៅក្នុងរយៈពេលណាមួយ នៃប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ជាមួយគ្នានេះដែរ វិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បានបន្ថែមថា រុស្ស៊ីកំពុងតែដាក់ពង្រាយទាហានបម្រុង ដែលមានកម្រិតហ្វឹកហ្វឺនទន់ខ្សោយ រួមទាំង អង្គភាពបម្រុង មកពីតំបន់ចុងបូព៌ា ដើម្បីបំពេញដល់ទាហាន ដែលបានបាត់បង់ នៅក្នុងសមរភូមិជួរមុខរបសស់ខ្លួន។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំជាដដែល ដើម្បីជំរុញឲ្យមានជំនួបជាមួយនឹងលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី តាំងពីមុនការផ្ទុះសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ។

លោក ហ្សេឡែនស្គី បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី២១ ខែមីនា ថា «ខ្ញុំជឿថា ជំនួបចរចាសន្ដិភាពនេះ នឹងមិនអាចកើតឡើង ដើម្បីឈ្វេងយល់ឲ្យបានល្អិតល្អន់ អំពីអ្វីដែលពួកគេរៀបចំ សម្រាប់ការបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ឱកាស នៃការចរចា សម្រាប់បញ្ចប់សង្គ្រាមនោះ ខ្ញុំគិតថា វាមានតែមួយ១ភាគរយប៉ុណ្ណោះ»។

ទោះជាយ៉ាងណា លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ជាថ្មីថា អ៊ុយក្រែន នៅតែតស៊ូ ការពារទឹកដីរបស់ខ្លួន សេរីភាពរបស់ខ្លួន តម្លៃរបស់ខ្លួន និងលទ្ធិប្រជាធិបតេយ្យរបស់ពិភពលោក ឲ្យខាងតែបាន បើទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏អ៊ុយក្រែននឹងនៅតែមិនអាចឱនក្បាល រណបរុស្ស៊ី ដដែល។

រហូតមកដល់ពេលនេះ តួកគី និង អ៊ីស្រាអែល កំពុងតែស្វះស្វែង រកវិធីសាស្រ្ដនានា ដើម្បីធ្វើជាអាជ្ញាកណ្ដាល សម្រុះសម្រួលគ្នា រវាងភាគីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែមេដឹកនាំ នៃប្រទេសទាំង២ បានអះអាងថា វាហាក់ដូចជាគ្មានឱកាស សម្រាប់ការបើកកិច្ចប្រជុំតទល់មុខគ្នា រវាងលោក ពូទីន ប្រធានាធិបតីរុស្ស៊ី និង សមភាគីអ៊ុយក្រែន លោក ហ្សេឡែនស្គី នោះឡើយ។

ដោយឡែក មេដឹកនាំរុស្ស៊ី នៅតែអះអាងថា ប្រតិបត្ដិការយោធាទ្រង់ទ្រាយធំរបស់លោក ពូទីន នឹងត្រូវតែរៀបចំឡើង តាមផែនការ ហើយគោលដៅ នៃសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវតែសម្រេចបាន ដោយជោគជ័យ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×