រដ្ឋធានីគៀវ៖ ដោយសារតែសកម្មភាពសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កំពុងតែធ្វើឲ្យប្រទេសអ៊ុយក្រែន ខ្ទេចខ្ទំអស់ និង នៅតែបន្ដវាយប្រហារយ៉ាងសន្ធាប់បន្ថែមទៀតនោះ ក្រុមអ្នកជាតិនិយមរបស់ប្រទេសអឺរ៉ុបមួយនេះ បាននាំគ្នាចុះឈ្មោះ ចូលរួមការពារទឹកដីរបស់ពួកគេ ទាំងមិនមានបទពិសោធន៍ នៅក្នុងវិស័យយោធាអ្វីបន្ដិចសោះ ហើយសកម្មភាពរបស់ពួកគេ បែរជាក្រុមអ្នកឃោសនាឲ្យក្រុងមូស្គូ បានចោទប្រកាន់ថា អ៊ុយក្រែន កំពុងតែគ្រប់គ្រង ដោយពួកណាហ្ស៊ី ទៅវិញ។

សារព័ត៌មាន France 24 បានផ្សាយថា នៅពេល អ៊ុយក្រែន ត្រៀមខ្លួន សម្រាប់ទទួលការវាយលុក មកលើរដ្ឋធានីគៀវ នោះ អង្គភាពការពារទឹកដីជាច្រើនរបស់ប្រទេសនេះ បានឃើញលំហូរចូល នៃអ្នកជ្រើសរើសលើកដំបូង បានចុះឈ្មោះ ដើម្បីចូលប្រយុទ្ធជាមួយកម្លាំងទាហានរបស់រុស្ស៊ី។ នៅក្នុងរដ្ឋធានីគៀវ មានក្រុមអ្នកស្ម័គ្រចិត្តមួយក្រុម កំពុងតែហ្វឹកហ្វឺន ដើម្បីចូលរួម នៅកិច្ចខិតខំប្រឹងប្រែង ការពារទឹកដីរបស់ពួកគេ ផងដែរ។
លោក អូឡែគ ម៉ាគឌិច (Oleg Magdych) គ្រូគង្គាលប្រូតេស្ដង់ និង ជាមេបញ្ជាការរង បានបញ្ជាក់ថា «អ្នកស្ម័គ្រចិត្តចូលរួមជាមួយនឹងអង្គការភាពការពារទឹកដីទាំងនោះ ភាគច្រើនបំផុត ពួកគេមិនមានបទពិសោធន៍ នៅក្នុងវិស័យយោធា ទាល់តែសោះ។ ដូច្នេះ គោលបំណងរបស់យើង ត្រូវតែហ្វឹកហ្វឺនដល់ពួកគេ …ហើយរៀបចំពួកគេ សម្រាប់ការចូលសមរភូមិ។ រីឯអង្គភាពរបស់គាត់ ដឹកនាំ ដោយអង្គការជាតិនិយមអ៊ុយក្រែន ហៅកាត់ OUN ដែលស្ថិតក្នុងចំណោមក្រុមជាតិនិយមផ្សេងទៀត ចូលរួម នៅក្នុងកិច្ចការពារប្រទេស ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។

លោក អូឡែគ ម៉ាគឌិច (Oleg Magdych) បានបន្ដថា អង្គភាពការពារទឹកដីទាំងអស់នេះ បានដាក់បញ្ចូលជាផ្លូវការ នៅក្នុងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន តែពួកគេមានខ្សែសង្វាក់បញ្ជារបស់ពួកគេ។ រីឯប្រធានក្រុម ក្លាយជាគ្រូបង្វឹក បម្រើការជាសេនាធិការ នៅក្នុងជួរកងទ័ព។ដូចជាមេបញ្ជាការទាំងអស់ នៅក្នុងអង្គភាពនេះដែរ គាត់ក៏ជាសមាជិករបស់ OUN។
ក្រុមចលនាជាតិនិយមរបស់អ៊ុយក្រែនទាំងនេះ ក៏ក្លាយជាស្នូល នៃសារឃោសនារបស់រុស្ស៊ី ដោយចោទប្រកាន់ថា អ៊ុយក្រែន កំពុងតែស្ថិតក្នុងដៃរបស់ណាហ្សី (Nazi) ។ ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ អង្គការជាតិនិយមអ៊ុយក្រែន ហៅកាត់ OUN បានសហការយ៉ាងសកម្មជាមួយហ៊ីត្លែរ ប្រឆាំងនឹងសត្រូវរួម គឺសហភាពសូវៀត។ ប៉ុន្ដែកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមសមាជិករបស់ OUN នេះ បានប្រយុទ្ធប្រឆាំងនឹងក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់ Donbas។
លោក Magdych បានបន្ថែមទៀតថា «សមាជិកក្រុមមួយចំនួន អាចមានទស្សនៈជ្រុលនិយម ប៉ុន្តែពួកគេមិនឆ្លុះបញ្ចាំង ពីអង្គការទាំងមូល នោះឡើយ។ ដោយឡែក លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែហៅពួកយើង ជាក្រុមណាហ្ស៊ី (Nazis) ។ សម្រាប់ចម្លើយរបស់ខ្ញុំ ចំពោះការចោទប្រកាន់នេះ គឺវាផ្ទុយស្រឡះ ព្រោះពួកយើងមិនបានសម្លាប់ជនស៊ីវិលណាម្នាក់នោះទេ។ យើងស្រឡាញ់ប្រទេសរបស់យើង ថាតើសកម្មភាពបែបនេះ អាចហៅពួកយើង ជាណាហ្ស៊ី ម្ដេចនឹងកើតទៅ?
ចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានពលរដ្ឋ កើនឡើង ដល់ជិត៤លាននាក់ បានរត់ភៀសសឹក ចេញពីប្រទេសអ៊ុយក្រែន។ ដោយឡែក មនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានសម្លាប់យ៉ាងសាហាវ នៅក្នុងសកម្មភាពវាយប្រហារឈ្លានពានរបស់កម្លាំងយោធារុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN











