ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកជាសំណួរទៅកាន់ក្រុមមន្ត្រីទាំងធំទាំងតូចថា មានក្រសួងស្ថាប័នមួយចំនួន ព្រមទាំងអស់លោកថ្នាក់ខេត្ត ផងដែរ តែងតែទាមទារអំណាចពីនាយករដ្ឋមន្ត្រី សម្រាប់ស្ថាប័នដែលខ្លួនកាន់កាប់ ដើម្បីអនុវត្ត ឬសម្រេចកិច្ចការអ្វីមួយ ប៉ុន្តែនៅពេលដែលប្រគល់អំណាចឲ្យហើយ បែរជាមិនព្រមអនុវត្តន៍ទៅវិញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ខ្ញុំនៅតែនិយាយដដែលៗ ចំពោះក្រសួង ស្ថាប័ន អង្គភាព អាជ្ញាធរ ដែលសុំឲ្យផ្ទេរអំណាចផ្តាច់មុខ, ហើយអំណាចនេះ ខ្ញុំប្រៀបធៀបទៅជាដាវទៅចុះ នៅពេលដែលសម្តេចប្រគល់ដាវឲ្យហើយ បែរជាមិនព្រមកាប់ ប្រគល់ត្រឡប់មកឲ្យសម្តេចជាអ្នកកាប់ជំនួសវិញ។

បើនិយាយតាំងពីពេលធ្វើអនុក្រឹត្យវិញ ក្រសួងណា ក៏ទារយកអំណាចដែរ គឺអំណាចសម្រាប់ក្រសួងរបស់ខ្លួន, បានសេចក្តីថា ទារដាវពីនាយករដ្ឋមន្ត្រី ដល់ពេលនាយករដ្ឋមន្ត្រីប្រគល់ដាវឱ្យហើយ លុះពេលត្រូវកាប់ ស្រាប់តែប្រគល់ឲ្យនាយករដ្ឋមន្ត្រីកាប់វិញ, ហួសចិត្ត នងឿងឆ្ងល់តែម្ដង។ ដូចជាករណីបឹងទន្លេសាប ក្រសួងស្ថាប័ន្ថពាក់ព័ន្ធ រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលគ្រប់គ្រងធនធានធម្មជាតិទន្លេសាប បានបណ្តែតបណ្តោយឲ្យកើតមានបទល្មើស បំផ្លាញធនធានធម្មជាតិ និងមច្ឆជាតិ ហិនហោចគួរឲ្យបារម្ភ នោះ ម៉េចមិនយកដាវទៅកាប់ចំពោះបទល្មើសដែលធ្វើឲ្យហិនហោចដល់សម្បត្តិធម្មជាតិ បែរជាបណ្ដែតបណ្ដោយទៅវិញ។ បើបង្ក្រាបពួកប្រព្រឹត្តបទល្មើសនេសាទ និងអ្នកកេងបន្លំយកដីរដ្ឋមិនបាន មិនបាច់ធ្វើអភិបាលខេត្ត រដ្ឋមន្ត្រី មេនគរបាល និងមេទាហានអីទេ។
ចំពោះការទាមទារអំណាចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការផ្ទេរអំណាចកាន់តែច្រើនទៅហើយដល់ថ្នាក់ក្រោមជាតិ (ថ្នាក់ខេត្ត) ដូច្នេះ បណ្តាខេត្តទាំងអស់ត្រូវ តែអនុវត្តន៍អំណាចទាំងនោះ ដោយការទទួលខុសត្រូវ។ យើងបានផ្ទេរអំណាចកាន់តែច្រើនដល់ខេត្ត ទៅហើយ តែបើខេត្តមិនចេះទទួលខុសត្រូវ តើយកអំណាចទៅធ្វើអ្វី?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















