ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានមន្ត្រីយោធាម្នាក់ ដែលជាជនរងគ្រោះ និងជាម្ចាស់ម៉ូតូ បានបា.ញ់ស្លា.ប់ ផ្អើលទាំងព្រឹកព្រលឹម ក្រោយពេលពួកគេ បានធ្វើសកម្មភាពប្ល.ន់ម៉ូតូហុងសេ១២៥ ស៊េរីឆ្នាំ២០២២មួយគ្រឿង បានសម្រេចហើយជិះរត់គេចខ្លួន បានប្រហែលជាង៣០ម៉ែត្រប៉ុណ្ណោះ។
ហេតុការណ៍បា.ញ់ស.ម្លាប់ជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹកព្រលឹម ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំនុចផ្លូវក្រវ៉ាត់ក្រុង ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីសាក្សី ដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាសមត្ថកិច្ចបញ្ជាក់ថា ជាមន្រ្តីយោធាម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JC-4840 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ចេញពីម្តុំវត្តឬស្សីសាញ់ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុផ្លូវស្ងាត់ អត់សូវមានមនុស្សផងនោះ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង ប្រដាប់ដោយអាវុធខ្លី១ដើម បានជិះមកក្បែរជនរងគ្រោះ ធាក់ផ្តួលប្លន់យកម៉ូតូពីជនរងគ្រោះ បម្រុងនឹងជិះរត់គេចខ្លួន ពេលនោះជនរងគ្រោះបានដកកាំភ្លើងខ្លីម៉ាកLOCK មួយដើមបានបាញ់ចំនួន៩គ្រាប់ ត្រូវចំពីក្រោយជនសង្ស័យ៣គ្រាប់ បណ្តាលឲ្យដេកដួលស្លា.ប់ក្បែរម៉ូតូរបស់ជនរងគ្រោះភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ព្រៃស កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងការិយាល័យកោសល្យវិច័យ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌដង្កោ បានចុះទៅទីតាំងកើតហេតុបើកការស្រាវជ្រាវ និងពិនិត្យជុំវិញបរិវេណទីតាំងកើតហេតុខាងលើ និងរកឃើញសំបកគ្រាប់កាំភ្លើង ដែលបា.ញ់រួចចំនួន៩គ្រាប់ ដែលជាប្រភេទអាវុធខ្លីម៉ាកLOCK ផលិតនៅប្រទេសអូទ្រីស និងបានឃាត់ខ្លួនខ្មាន់កាំភ្លើង ដែលជាមន្ត្រីយោធាខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ។
ចំណែកសពជនសង្ស័យខាងលើ សមត្ថកិច្ចបានដឹកតាមរថយន្តដឹកសព យកទៅតម្កល់ទូកនៅវត្តឬស្សីសាញ់ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម









