ភ្នំពេញ ៖ លទ្ធផលក្រុមការងារពិសេស ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា ក្នុងការចុះស្រាវជ្រាវបង្ក្រាបបទល្មើសជុំវិញបឹងទន្លេសាប ជាពិសេសបង្រ្កាបក្រុមជនខិលខូចមួយចំនួនដែលកេងបន្លំ រុករានកាន់កាប់ដីព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាបរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ គឺពេលនេះ បានដកហូតដីជាង ៦ម៉ឺនហិកតា ដាក់ចូលជាសម្បត្តិរដ្ឋវិញ, ព្រមជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងកោតសរសើរដល់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជុំវិញបញ្ហាដីព្រៃលិចទឹកតំបន់បឹងទន្លេសាបនេះ បើសិនជារដ្ឋមិនមានវិធានការប្រមូលដីមកវិញនោះ ទេ គឺយើងពិតជាបាត់បង់ដីជាង ៦ម៉ឺនហិកតា ទៅក្នុងដៃប្រជាពលរដ្ឋខ្លះដែលគ្នាមិនដឹងរឿង និងបាត់បង់ទៅក្នុងដៃជនខិលខូចមួយចំនួនទៀត, ហើយទោះបីជាពេលចេញបទបញ្ជារទៅ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការលំបាក តែនេះជាផលប្រយោជន៍របស់ជាតិ ហើយបើសិនជាបណ្តោយពីមួយឆ្នាំទៅឆ្នាំឱ្យបាត់បង់ម្ដងបន្តិចៗ គឺដីជុំវិញបឹងទន្លេសាប នឹងមិននៅសល់ប៉ុន្មាននោះទេ។
សម្តេចថ្លែងថា ខ្ញុំសូមកោតសរសើរជាមួយនឹងការខិតខំរបស់ថ្នាក់ដឹកនាំតាមស្ថាប័ននានា ក៏ដូចជាអាជ្ញាធរខេត្តនៅតាមបឹងទន្លេសាប ដែលដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលកន្លងទៅបានប្រឹងប្រែង ព្រោះតែបឹងទន្លេសាបរបស់យើងត្រូវបានកាត់បន្ថយទំហំរហូតដល់ជាង ៦ម៉ឺនហិកតា, ប៉ុន្តែ ឥឡូវយើងបានដកហូតយកផ្ទៃដីជាង ៦ម៉ឺនហិកតា នោះ មកប្រគល់ជូនរដ្ឋវិញហើយ។ ខ្ញុំឆ្ងល់យ៉ាងខ្លាំងថា ចៅហ្វាយខេត្តជុំវិញទន្លេសាប តើ គេធ្វើអី បានជាបណ្តោយឱ្យប្រជាជនចុះកាប់ព្រៃក្នុងព្រៃលិចទឹក ចេះតែបន្តអត់មានពេលឈប់?!

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ចំពោះបញ្ហាដីព្រៃលិចទឹកនេះ ឥឡូវ បានរំសាយបញ្ចប់ហើយ បន្ទាប់ពីរដ្ឋាភិបាលបានសម្រួលកន្លែងខ្លះទៅលើបន្ទាត់ផែនទី តំបន់២ នៅខេត្តកំពង់ធំ និងក្រៅពីនោះ ចំពោះដីលិចទឹកមួយចំនួនទៀត គឺបានផ្ទេរចូលរដ្ឋវិញចំនួនជាង ៦ម៉ឺនហិកតា ហើយផ្ទៃដីទាំងនេះ ជាគោលដៅ គឺត្រូវដាំកូនឈើឡើងវិញ។
គួរបញ្ជាក់ថា បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្ដីពីការបង្រ្កាបបទល្មើសជុំវិញបឹងទន្លេសាបនេះ បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញាកម្មភាព កាប់ឈើ កាប់ព្រៃលិចទឹក និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសក្នុងខេត្តកំពង់ឆ្នាំង ហើយត្រូវមានវិធានជាបន្ទាន់។
លុះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាតទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង ជាលទ្ធផល ក្រុមការងារពិសេសដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានរឹបអូសដីទំហំជាង ៦ម៉ឺនហិកតា ពីជនខិលខូច ដាក់ចូលជាសម្បត្តិរដ្ឋវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






