Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រើឧទ្ធម្ភាគចក្រ ដេញបង្ក្រាបបទល្មើសនេសាទ បើបង្ក្រាបមិនបានមិនបាច់ធ្វើ….

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ថា បើធ្វើការបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប និងការកាប់ទន្ទ្រានយកដីព្រៃលិចទឹកពីសំណាក់ជនខិលខូចមិនបានទេ មិនចាំបាច់ធ្វើជាអភិបាលខេត្ត ធ្វើជារដ្ឋមន្ត្រី ធ្វើជាមេនរគបាល និងធ្វើជាមេទាហានអ្វីនោះទេ។

ក្នុងន័យនេះ សម្ដេចបានដាក់បទបញ្ជាដាច់ណាត់ទៅឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ទាំងការទន្ទ្រានយកដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។ ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចដេញតាមបង្រាបក្រុមជនល្មើសមិនទាន់ សម្តេចក៏បានបញ្ជាឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការបង្ក្រាបជនល្មើស ឲ្យខាងតែបាន។

បទបញ្ជាឱ្យចុះបង្ក្រាបបទល្មើសនេសាទជុំវិញបឹងទន្លេសាបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីបិទ និងបូកសរុបលទ្ធផលការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ, ដោយសម្តេចបានចេញបញ្ជាថា រាល់អភិបាលខេត្តដែលពាក់ព័ន្ធនឹងទឹកដីជុំវិញបឹងទន្លេសាប ត្រូវរៀបចំផែនការបន្តចុះបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន បានលើកបង្ហាញរឿងមួយថា ទាក់ទងនឹងការបង្ក្រាបបទល្មើសនេសាទមិនមានប្រសិទ្ធនេះ ក៏មានអ្នកខ្លះផ្តល់យោបល់ថា ដាក់ឱ្យឯកជនកាន់កាប់ឡូតិ៍នេសាទឡើងវិញ ការនេសាទអនាធិបតេយ្យអាចលុបបំបាត់បាន,
ខ្ញុំក៏ឆ្លើយថា ទេ… និងច្រានចោលទាំងស្រុង។ ចំពោះករណីនេះ ខ្ញុំសូមរំឮកពីបទបញ្ជារបស់ខ្ញុំ កាលពី១០ឆ្នាំមុន គឺឱ្យលុបបំបាត់ចោលអារឿងឡូតិ៍នេសាទនេះឯង ហើយបង្កើតជាសហគមន៍នេសាទជំនួសវិញ, ព្រោះថា ការកាន់កាប់ឡូតិ៍នេសាទនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងណាស់ រហូតធ្វើឲ្យមនុស្លាប់ និងមានការចាប់ចង ដាក់ពន្ធនាគារទៀតផង ដោយគ្រាន់តែពលរដ្ឋជិះទូក កាណូត កាត់តែប៉ុណ្ណោះ។

ដូច្នេះ ការបង្ក្រាបបទល្មើសនេសាទនេះទៀត ខ្ញុំដាក់បទបញ្ជាឱ្យវៃខ្នោះជនលើ្មសនេសាទ ដោយមិនចាំបាច់មានគោលនយោបាយនោះឡើយ។ អ្នកប្រព្រឹត្តបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប មិនមែនជាអ្នកក្រទេ ហើយសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាច តែអាបទល្មើសធំៗ បង្ក្រាបអត់បានទេ, មានខ្លះទៀត ចាប់ជនល្មើសនេសាទខុសច្បាប់មិនបានទេ ដោយសារមានករណីបែកការណ៍មុន ដែលធ្វើឱ្យពួកជនល្មើសដឹងខ្លួន ហើយបើកទូកក្នុងល្បឿនលឿនគេចចេញទៅ ឥឡូវ ធ្វើឲ្យច្បាស់ ធ្វើឲ្យមានប្រសិទ្ធភាព។

បទបញ្ជាថ្មីនេះ សម្ដេចបានសង្កត់ធ្ងន់ថា ឥឡូវ យើងជាអ្នកមានសមត្ថកិច្ចគ្រប់គ្រង សន្យាជាមួយគ្នានៅចំពោះមុខ ធ្វើបានឬអត់?! បើបង្ក្រាបអាពួកហ្នឹងមិនបាន យើងមិនបាច់ធ្វើចៅហ្វាយខេត្តអ្វីទេ, និយាយគ្នាឱ្យត្រង់ៗ ហើយក៏មិនចាំបាច់ធ្វើរដ្ឋមន្ត្រីកសិកម្ម មិនចាំបាច់ធ្វើរដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្ត្រីបរិស្ថានអ្វីទេ បើគ្រាន់តែធ្វើប៉ុណ្ណឹង ធ្វើមិនឈ្នះនោះ, កុំធ្វើជាមេទាហាន មេប៉ូលិសអ្វីទៀត ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×