រដ្ឋធានីវ៉ាស៊ីនតោន ៖ មហាអំណាចបច្ចិមលោក និង សម្ពន្ធមិត្ត បានសម្រេចចិត្ត ដាក់កញ្ចប់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ភ្លាមៗ ក្រោយពេល ក្រុងមូស្គូ បានវា.យលុកលុក ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន ហើយរហូតមកដល់ពេលនេះទៀត ព្រឺទ្ធសភាសហរដ្ឋអាមេរិក កំពុងតែពិភាក្សាគ្នា ដើម្បីបង្កកមាសតម្កល់ទុករបស់រុស្ស៊ី ដែលមានតម្លៃ ជាង១៣០ពាន់លានដុល្លារ បន្ថែមទៀត។
សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ថា បណ្ដាញទូរទស្សន៍របស់បេឡារុស Nexta Tv បានផ្សាយថា រហូតមកដល់ពេលនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក កំពុងតែពិភាក្សា តាមវិធានការផ្លូវច្បាប់ ដើម្បីបង្កកមាស ដែលគ្រប់គ្រងដោយធនាគារកណ្ដាលរបស់រុស្ស៊ី (ឬ Russian Gold Reserves) មានតម្លៃ ១៣២ពាន់លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត។

សកម្មភាពដាក់ទណ្ឌកម្មរបស់មហាអំណាចបច្ចិមលោក និង សម្ពន្ធមិត្ត មានគោលបំណង ធ្វើឲ្យរុស្ស៊ី ប្រឈមមុខនឹងការលំបាក ផ្នែកសេដ្ឋកិច្ច សម្រាប់គាំទ្រដល់សង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ប្រទេសអ្នកមានទាំងនោះ ក៏ចង់ដាក់គំនាបកាន់តែខ្លាំងឡើង ដើម្បីជំរុញឲ្យវិមានក្រឹមឡាំង បញ្ឈប់សកម្មភាពយោធារបស់ខ្លួន នៅក្នុងប្រទេសអឺរ៉ុបមួយនេះជាបន្ទាន់ ហើយងាកមករកតុចរចា ដោយផ្ទាល់ តាមរយៈការសន្ទនាគ្នា និង ការទូត។ នេះជាវិធីសាស្រ្ដដ៏ល្អបំផុត សម្រាប់ដោះស្រាយ បញ្ចប់នូវជម្លោះប្រដាប់អាវុធនេះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា កិច្ចពិភាក្សាគ្នា រវាង ក្រុងគៀវ (Kyiv) និង ក្រុងមូស្គូ នៅតែជាការប្រឈមមុខដាក់គ្នា ប៉ុន្តែការចរចានេះដំណើរទៅមុខដោយយឺតយ៉ាវបំផុត។ ចំណែករូបគាត់ចង់ឲ្យមានការសន្ទនា ដោយផ្ទាល់ ជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ហ្សេឡែនស្គី (Vladimir Putin) ។

ដោយឡែក លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានអះអាងថា សង្គ្រាមនេះ កំពុងតែបន្ដ ធ្វើទៅតាមផែនការ ថ្វីបើមានសេចក្ដីរាយការណ៍ថា ការវាយលុករបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នៅជាប់គាំងយ៉ាងណាក្ដី។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជន ជាង ៣,៥លាននាក់ បានរត់ភៀសសឹក ចេញពីប្រទេសអ៊ុយក្រែន គិតចាប់តាំងពីរុស្ស៊ីបានបើកការវា.យលុក ចូលឈ្លានពាន ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។ ជនភៀសខ្លូនទាំងនោះ បានរត់មកកាន់ប្រទេសជិតខាង រួមមាន ប៉ូឡូញ ចំនួន ២ ១១៣ ៥៥៤នាក់, រ៉ូម៉ានី (Romania) ចំនួន ៣៤៣ ៣០៨នាក់, ម៉ូលដូវ៉ា (Moldova) ចំនួន៣៦៧ ៩១៣នាក់, ហុងគ្រី ចំនួន៣១៧ ៨៦៣នាក់, ស្លូវ៉ាគី ចំនួន ២៥៣ ៥៩២នាក់, រុស្ស៊ី ចំនួន ២៥២ ៣៧៦នាក់ និង បេឡារុស ចំនួន ៤ ៣០៨នាក់។
ជនភៀសខ្លួន ជាង៣,៥លាននាក់នោះ ភាគច្រើនបំផុត ជាស្ដ្រី និង កុមារ។ ដោយឡែក បុរសអ៊ុយក្រែនទាំងអស់ មានអាយុ ចន្លោះពី១៨-៦០ឆ្នាំ មិនបានចាកចេញពីប្រទេសកំណើតរបស់ពួកគេនោះឡើយ។ ប៉ុន្ដែបុរសអ៊ុយក្រែនទាំងអស់នោះ នៅតែបន្ដស្នាក់នៅ ក្នុងប្រទេសរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN



















