រដ្ឋធានីគៀវ ៖ រហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានឈានដល់ថ្ងៃទី២៩ ហើយអ៊ុយក្រែន បានអះអាងថា ការបាត់បង់ទាហានរុស្ស៊ី បានកើនដល់ជាង ១៥ ៣០០នាក់ ដោយក្នុងនោះមានទាំង ថ្នាក់ឧត្ដមសេនីយ៍កំពូលៗ ចំនួន៥នាក់ និង មេបញ្ជាការជាច្រើននាក់ផ្សេងទៀត ដែលនេះជាការបាត់បង់កងទ័ពដ៏ច្រើនបំផុត លើសពីសម័យសហភាពសូវៀត ចូលលុកលុយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១០ឆ្នាំទៅទៀត។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ថា រហូតមកដល់វេលានេះ សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកម្លាំងទាហានឈ្លានពានរុស្ស៊ី និង កងទ័ពការពារទឹកដីអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី២៩ហើយ។ ប៉ុន្ដែក្រុងគៀវ និង មូស្គូ នៅតែមិនទាន់រកឃើញពន្លឺណាមួយ នៃកិច្ចព្រមព្រៀងសន្តិភាពនៅឡើយ។
ដោយឡែក ភាគីរុស្ស៊ី នៅតែប្រកាន់ខ្ជាប់ តាមអ្វីដែលក្រុងមូស្គូ ចាត់ទុកជាកង្វល់ដល់សន្តិសុខរបស់ខ្លួន ស្របពេលកម្លាំងការពារអ៊ុយក្រែន បានបដិសេធយ៉ាងដាច់អហង្ការ នៅក្នុងការសុំចុះចាញ់។ ចំណែក រដ្ឋធានី និង ទីក្រុងជាច្រើនរបស់អ៊ុយក្រែន កំពុងតែស្ថិត នៅក្នុងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ពីការបាញ់ផ្លោង ដោយគ្រាប់មីស៊ីល និង ការវាយប្រហារតាមផ្លូវអាកាស ពីកងទ័ពរុស្ស៊ី។ ថ្វីបើយ៉ាងនេះក្ដី កម្លាំងការពារអ៊ុយក្រែន នៅតែអះអាងថា កម្លាំងយោធារុស្ស៊ី បានរងការខាតបង់យ៉ាងធំធេងបំផុត។ ដោយឡែកការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ និង ស្បៀងអាហារ ក៏កំពុងតែហោចទៅៗផងដែរ។

សារព័ត៌មាន Kyiv Independent បានផ្សាយថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាងថា បើគិតចាប់តាំងពីសង្គ្រាមឈ្លានពាន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ កម្លាំងទាហានរុស្ស៊ី បានបាត់បង់ជីវិត កើនឡើងដល់ ជាង ១៥ ៣០០នាក់។ នេះជាចំនួនស្លាប់ដ៏ច្រើនបំផុតរបស់កងទ័ពរុស្ស៊ី នៅក្នុងសង្គ្រាម រយៈពេល២៧ថ្ងៃ នៅក្នុងប្រទេសអ៊ុយក្រែន បើធៀបនឹងសម័យសហភាពសូវៀត បានចូលឈ្លានពាន នៅអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១០ឆ្នាំ មានកម្លាំងទាហានរបស់ខ្លួន ស្លាប់ត្រឹមតែ ១៥ ០៥១នាក់ប៉ុណ្ណោះ។
ដោយឡែកបណ្ដាញទូរទស្សន៍ 7 News បានផ្សាយ កាលពីថ្ងៃទី២២ ខែមីនា ថា សារព័ត៌មានរុស្ស៊ី បានផ្សាយចេញផ្សាយ ហើយក្រោយមកលុបចោលវិញ បានរាយការណ៍ថា កងទ័ពរុស្ស៊ីបានស្លាប់ជិត ១០ ០០០នាក់។ តួលេខនេះ គឺឃ្លាតឆ្ងាយពីចំនួនស្លាប់ ដែលបានទទួលស្គាល់ដោយវិមានក្រឹមឡាំង៕រក្សាសិទ្ធិដោយ ៖ សារាយSN









