ភ្នំពេញៈ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត សូមថ្នាក់ដឹកនាំខណ្ឌដង្កោ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីទប់ស្កាត់រាល់បញ្ហាទាំងឡាយណា ដែលកើតឡីងនៅមូលដ្ឋាន ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី (អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត បានផ្តាំផ្ញើដល់អាជ្ញាធរខណ្ឌដង្កោ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់នៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី (អូមីក្រុង) ព្រមទាំងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានសិទ្ធិសម្រាប់ចូលរួមក្នុងការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុន។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជូនចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោទាំងអស់ផងដែរ។ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ ក្នុងអនុវត្តការងារ ការគ្រប់គ្រងប្រជាពលរដ្ឋទូទាំងខណ្ឌ ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍ និងរីកចម្រើលើកគ្រប់វិស័យ។
នៅក្នុងឱកាសនោះ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ បានឡើងរាយការណ៍ជម្រាប អំពីលទ្ធផលការងារជាវិជ្ជមាន ការអនុវត្តតួនាទី ភារកិច្ច ការងារសន្តិសុខសណ្តាប់ធ្នាប់ និងផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ទទ្ទឹមនឹងនោះលោកប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ បានរាយការណ៍អំពី លទ្ធផលជាវិជ្ជមាន និងការងារសេសសល់នៃការអនុវត្តការងារកន្លងទៅ ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋាន ដែលបាននឹងកំពុងជួបប្រទះក្នុងការអនុវត្តការងារកន្លងមកទាក់ទងនឹងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នាពេលខាងមុខ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




