ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំងប្រទេស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបាន គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានចំនួន ១.៤២៨ ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ថា ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ គឺមានខេត្តសៀមរាប ស្ទឹងត្រែង កែប និងខេត្តត្បូងឃ្មុំ បានបញ្ចប់ទាំងស្រុងនូវការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនៃឃុំ សង្កាត់នីមួយៗ។
តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីបញ្ជីបេក្ខជនដំបូង ក្លាយជាបញ្ជីបេក្ខជនផ្លូវការហើយ គឃ.សប ត្រូវធ្វើការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត ជាសាធារណៈដោយព្រះសង្ឃ ឬឥស្សរជនចូលនិវត្តន៍ ឬចាស់ព្រឹទ្ធាចារ្យដែលមានជំហរអព្យាក្រឹត និងដែលអាចទទួលយកបានពីគ្រប់
គណបក្សនយោបាយ។ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត គឺដើម្បីអាចឱ្យ គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ឃុំ សង្កាត់នីមួយៗ ដោយផ្អែកតាមចំនួនបញ្ជីបេក្ខជនផ្លូវការនៅក្នុងឃុំ សង្កាត់នោះ និងលទ្ធផលនៃការចាប់ឆ្នោត។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់ CEN ថា សម្រាប់ឃុំ សង្កាត់ណាដែលបណ្តឹងត្រូវបានដោះស្រាយចប់សព្វគ្រប់ពាក់ព័ន្ធបញ្ជីបេក្ខជនដំបូង ឃុំសង្កាត់នោះអាចបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។ ដូច្នេះយើងទៅតាមបញ្ជីបេក្ខជនផ្លូវការរបស់គណបក្សនយោបាយដែលបានចុះបញ្ជីនៅឃុំសង្កាត់នោះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា “តាមរបាយការណ៍ដែលទទួលបាន គឺមាន ១.៤២៨ ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២ ដែលបានចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត។ ហើយឃុំសង្កាត់និមួយៗ មានសន្លឹកឆ្នោតផ្សេងៗពីគ្នា ហើយប្រភេទសន្លឹកឆ្នោតសម្រាប់ឃុំសង្កាត់ ១.៦៥២ គឺមានសន្លឹកឆ្នោត ១.៦៥២ប្រភេទ ដូច្នេះសន្លឹកឆ្នោតមិនដូចគ្នាទេ។ ហើយគម្រោងនៃការបោះពុម្ពសន្លឹកឆ្នោត គឺទៅតាមឃុំសង្កាត់និមួយៗ ទៅតាមចំនួនអ្នកបោះឆ្នោតដែលមានទៅតាមការិយាល័យបោះឆ្នោត នៃឃុំសង្កាត់និមួយៗ ”។
សូមជម្រាបថា ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅ មានគណបក្សនយោបាយដាក់ពាក្យសុំចំនួន ១៧ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



