ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នរេចង្កូតឆ្លងគន្លងផ្លូវ ជ្រុលទៅបុករថយន្តស៊េរីទំនើប បើកបញ្រ្ចាសគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យប៉ើងដួលបោកក្បាលនឹងថ្នល់ស្លា.ប់មួយរំពេច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី ២៤ខែមីនាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវបេតុងឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះសមត្ថកិច្ចនៅពុំទាន់ស្គល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BM-9950 បើកបរតាមបណ្ដោយផ្លូវឱកាសខ្ញុំ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ជាជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាវ៉េវមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1AI-4491 ជិះតាមបណ្តោយផ្លូវឱកាសខ្ញុំ ក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃឆ្លងគន្លងផ្លូវ ជ្រុលទៅបុករថយន្តស៊េរីទំនើប ចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យប៉ើង បោកក្បាលនៅនឹងថ្នល់ស្លា.ប់យ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរ ម្ចាស់រថយន្តក៏បានចេញពីរថយន្ត គេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត





