Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ជំរុញឲ្យសម្ពន្ធមិត្តអឺរ៉ុប បន្ថែមទម្ងន់ទណ្ឌកម្ម លើរុស្ស៊ី

រដ្ឋធានីប៊្រុសសែលស៍ (Brussels) ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រាន់តែចុះជាន់ទឹកដីសហភាពអឺរ៉ុប ភ្លាម បានជំរុញឲ្យសម្ពន្ធមិត្តរបស់ខ្លួន នៅក្នុងប្លុកសេរីមួយនេះ ដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរបន្ថែមទៀត ប្រឆាំងនឹងប្រទេសរុស្ស៊ី។

ទស្សនាវដ្ដីរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញទៅដល់ទីក្រុងប៊្រុសសែលស៍ កាលពីល្ងាច ថ្ងៃពុធ ដោយសន្យាបន្ដផ្ដល់ជំនួយយោធាបន្ថែម ដល់ប្រទេសអ៊ុយក្រែន ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្សេងទៀត ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវគេរំពឹងថា នឹងប្រកាស អំពីជំនួយយោធាជុំថ្មី និង ការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងមូស្គូ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ក្រោយកិច្ចប្រជុំកំពូលបន្ទាន់ជាមួយនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ហៅកាត់ ណាតូ តាមភាសាអង់គ្លេស ឬ អូតង់ តាមភាសាបារាំង) និងសម្ពន្ធមិត្តអឺរ៉ុប។ សកម្មភាពរបស់មហាអំណាចបច្ចិមលោក មានគោលបំណង ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា ការទូតដែលកំពុងដំណើរការ នៅទីក្រុងប្រ៊ុសសែលស៍ ក៏កំពុងតែបង្ហាញ ពីជម្រើសដ៏ល្អរបស់លោកខាងលិច ត្រូវតែជួយបញ្ចប់សង្រ្គាម ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់រួចមកហើយ ហើយកំពុងតែបង្កើតវិបត្តិជនភៀសខ្លួន ដោយកើនឡើងយ៉ាងលឿនបំផុត នៅក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បៃដិន ទៅកាន់តំបន់អឺរ៉ុប នេះ ក៏នឹងរួមបញ្ចូលទាំងការឈប់សម្រាក នៅក្នុងប្រទេសប៉ូឡូញ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) មិនបានបង្ហាញសញ្ញាថា កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់មហាអំណាចបច្ចិមលោក នឹងជំរុញឲ្យគាត់ បញ្ចប់ការវាយប្រហារយោធា នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។

សហរដ្ឋអាមេរិក រួមជាមួយនឹងអង្គការណាតូ ហើយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ក្រុងវ៉ាស៊ីនតោន បានបដិសេធយ៉ាងដាច់ខាតនូវការអំពាវនាវ ពីមេដឹកនាំអ៊ុយក្រែន ដើម្បីបង្កើតតំបន់គ្មានការហោះហើរ លើប្រទេសអឺរ៉ុបខាងកើតមួយនេះ ឬ ចាត់វិធានការផ្សេងទៀត ដែលអាចប្រថុយនឹងការប្រឈមមុខដាក់គ្នា ដោយយោធា ដោយផ្ទាល់ជាមួយនឹងរុស្ស៊ី។

គោលជំហរទាំងនេះ បានបង្កើនលទ្ធភាព នៃជម្លោះដ៏រ៉ាំរ៉ៃ ដោយសារកម្លាំងការពារអ៊ុយក្រែនបដិសេធនូវការជំរុញឲ្យរដ្ឋធានីគៀវ និងទីក្រុងផ្សេងៗទៀត ចុះចាញ់។ ដោយឡែក កម្លាំងយោធារុស្ស៊ី នៅតែបន្តវាយលុក នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ដោយការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ និង ការវាយប្រហារតាមអាកាស បើទោះជាការវាយរុលទៅមុខ លែងរួចក្ដី។ ចំណែករុស្ស៊ី ក៏កំពុងតែប្រឈមមុខនឹងការខាតបង់យោធា កាន់តែច្រើនឡើង។

មុនពេលកិច្ចប្រជុំកំពូលបន្ទាន់ នៅក្នុងទីក្រុងប្រ៊ុសសែលស៍ (Brussels) ប្រទេសប៊ែលហ្ស៊ិក នេះ មន្ត្រីអ៊ុយក្រែន បានសម្តែងនូវការងឿងឆ្ងល់ថា ការពិភាក្សា នឹងផ្លាស់ប្តូរស្ថានភាព នៅលើមូលដ្ឋាន នៅក្នុងរយៈពេលខ្លី ទោះបីជាមានអ្នកខ្លះ បានអះអាងថា ពួកគេសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន (Joe Biden) នឹងបង្កើតផលចំណេញខាងការទូតជាក់ស្តែង សម្រាប់ប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី។
ដោយឡែក រុស្ស៊ី បានទាមទារ នៅក្នុងការចរចាសន្តិភាពជាមួយនឹងអ៊ុយក្រែន ដោយតម្រូវឲ្យក្រុងគៀវ បោះបង់ចោលការចូលរួមជាមួយសម្ពន្ធភាពសន្តិសុខរបស់បច្ចិមលោក។ ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) បានអះអាងថា ការរំពឹងទុករបស់អ៊ុយក្រែន នៅក្នុងការចូលរួមជាមួយអង្គការណាតូ ក្នុងពេលឆាប់ៗនេះ អាចមិនទៅរួចនោះទេ។

មន្ត្រីអ៊ុយក្រែន បានបញ្ជាក់ថា ក្រុងគៀវ នឹងស្វាគមន៍ជំនួយយោធាបន្ថែមណាមួយ ដែលកើតចេញ ពីកិច្ចចរចា នៅក្នុងទីក្រុងប៊្រុសសែលស៍ ទោះបីជាអាទិភាពរបស់អ៊ុយក្រែន នៅតែជាតំបន់គ្មានការហោះហើរយ៉ាងណាក៏ដោយ។ សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅថ្មីៗនេះ បានផ្តល់ជំនួយយោធា ជាង១ពាន់លានដុល្លាររួចហើយ មកដល់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងដំណើរមកកាន់តំបន់អឺរ៉ុប នាពេលនេះ លោក Biden ត្រូវបានគេរំពឹងថា នឹងប្រកាសព័ត៌មានលម្អិត ស្ដីអំពីជំនួយបន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា។

អាវុធការពារ ពីសម្ពន្ធមិត្តណាតូ បានជួយអ៊ុយក្រែន ឱ្យមានការតស៊ូយ៉ាងខ្លាំងក្លា នៅក្នុងខែដំបូង នៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្ដែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលអ៊ុយក្រែន បានអះអាងថា កម្លាំងការពាររបស់ខ្លួន ថែមទាំងបានបើកការវាយលុក នៅខាងក្រៅរដ្ឋធានីគៀវ (Kyiv) និង ក្នុងតំបន់ផ្សេងទៀត ដើម្បីរំដោះនូវទឹកដី ដែលរុស្ស៊ីបានវាយដណ្ដើមកាន់កាប់ យកមកគ្រប់គ្រងវិញ។

លោក ជេក ស៊ុលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ថា «លោក ចូ បៃដិន បានប្រកាសយ៉ាងច្បាស់ហើយថា នៅពេលលោក បានប្រកាស ពីការហ៊ុមព័ទ្ធរបស់សហរដ្ឋអាមេរិក ថា លោកនឹងមិនដាក់សម្ពាធ លើសម្ពន្ធមិត្តអឺរ៉ុប ឱ្យបញ្ឈប់ការទិញថាមពល ពីរុស្ស៊ី ដែលជាសញ្ញាមួយថា លោកទំនងជាមិនអាចទៅរួចនោះទេ។

លោក Anna Mikulska បុគ្គលិកផ្នែកថាមពល នៅវិទ្យាស្ថាន Baker នៃសាកលវិទ្យាល័យ Rice បានបញ្ជាក់ថា បើមិនធ្វើតាមការនាំចេញជាស្នួលរបស់រុស្ស៊ី ទេ សម្ពន្ធមិត្តណាតូ កំពុងទុកឱ្យលោកពូទីន មានលទ្ធភាពបន្តផ្តល់ហិរញ្ញប្បទានដល់សង្រ្គាម បើទោះជាសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី នៅតែបន្តធ្លាក់ចុះ ដោយទណ្ឌកម្មយ៉ាងណាក្ដី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×