ភ្នំពេញៈ រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៧ នីតិ កាលទី៦ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួន។ ការកំណត់ថ្ងៃបើកសម័យប្រជុំរដ្ឋសភានេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ។

របៀបវារៈសំខាន់ៗ ដែលត្រូវធ្វើការពិភាក្សា និងអនុម័ត មានដូចជា ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។ របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យ ប្រជុំ រដ្ឋ សភា លើកទី៦ និង លើកទី៧ នីតិកាលទី៦។ ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ អាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាម អនាម័យ។

នៅក្នុងអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គឺបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈមួយចំនួនដូចជាៈ អង្គប្រជុំបានអនុម័តយល់ព្រមបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និង ភូតគាម អនាម័យ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។ អង្គប្រជុំបានអនុម័តយល់ព្រម លើបេក្ខជនសុំឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភានីតិកាលទី៦ ចំនួន១រូប ដើម្បីដាក់ ជូន សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ធ្វើការបោះឆ្នោតជ្រើសតំាង។ អង្គប្រជុំបានអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះ សម័យ ប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៦ ដោយប្រគល់ភារកិច្ចជូនអគ្គលេខា ធិការ ដ្ឋាន រដ្ឋសភា បំពេញបន្ថែមនូវសកម្មភាពការងាររបស់រដ្ឋសភា រហូតដល់ថ្ងៃបើក សម័យប្រជុំ រដ្ឋសភា លើកទី៧ នីតិ កាល ទី៦ នាពេល ខាងមុខ។
អង្គប្រជុំបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ចំនួន៣រូប មានដូចជាៈ ឯកឧត្តម សត្យា វុធ អាយុ ៦៨ឆ្នាំ ឯកឧត្តម សុខ ផេង អាយុ ៦៩ឆ្នាំនិងឯកឧត្តម សេរី កុសល អាយុ ៦៩ឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



