ទីក្រុងប៊្រុសសែលស៍ (Brussels)៖ ស្របពេល សង្គ្រាមកំពុងតែផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ នៅក្នុងប្រទេសអ៊ុយក្រែន នោះ មេដឹកនាំពិភពលោក ក៏កំពុងតែជួបប្រជុំកំពូលបន្ទាន់ ដើម្បីដោះស្រាយ ជុំវិញការព្រួយបារម្ភ អំពីលទ្ធភាព នៃប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ប្រើប្រាស់អាវុធគីមី ឬជីវសាស្រ្ដ ហើយអង្គការណាតូក៏បញ្ជូនកងទ័ព ចំនួន៤០ ០០០នាក់ទៅកាន់សមរភូមិ ខណៈសហរដ្ឋអាមេរិក ព្រមាន នឹងតបវិញ បើរុស្ស៊ីហ៊ានប្រើប្រាស់គ្រឿងសព្វាវុធដ៏គ្រោះថ្នាក់បែបនេះ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) ប្រធានអង្គការណាតូ បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំកំពូលគ្រាអាសន្ន នៅក្នុងទីក្រុងប៊្រុសសែលស៍ ប្រទេសប៊ែលហ្ស៊ិក ថា សមរភូមិថ្មីចំនួនបួន នឹងត្រូវបញ្ជូនកងទ័ព ទៅដាក់ពង្រាយ នៅក្នុងប្រទេសស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និង រ៉ូម៉ានី។ សមរភូមិសមទាំងនេះ នឹងត្រូវដាក់ពង្រាយកងទ័ព ចំនួន៤០ ០០០នាក់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយកងទ័ពរបស់ខ្លួន ១០០ ០០០នាក់ នៅក្នុងតំបន់អឺរ៉ុប ហើយកងទ័ពអាមេរិក ជិត៤ ០០០នាក់ផ្សេងទៀត ក៏ស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់ ពីណាតូ។
ជាមួយគ្នានេះដែរ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ណាតូ មិនធ្លាប់រួបរួមគ្នាដូចពេលនេះទេ។ អ្វីដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ឬណាតូ) ធ្វើនៅពេលនេះ គឺផ្ទុយនឹងការរំពឹងទុករបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin)។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់មេដឹកនាំពិភពលោក ដែលកំពុងតែជួបប្រជុំកំពូលបន្ទាន់ នៅក្នុងទីក្រុងប៊្រុសសែលស៍ ប្រទេសប៊ែលហ្ស៊ិក ថា សហរដ្ឋអាមេរិក នឹងឆ្លើយតបវិញ ប្រសិនបើរុស្ស៊ីប្រើប្រាស់អាវុធគីមី ឬជីវសាស្រ្ដ នៅក្នុងប្រទេសអ៊ុយក្រែន។ ការលើកឡើងរបស់លោក បៃដិន បានកើតឡើង ក្រោយពេលពិភពលោក មានកង្វល់យ៉ាងខ្លាំង អំពីលទ្ធភាព នៃក្រុងមូស្គូ ប្រើប្រាស់អាវុធដ៏កាចសាហាវទាំងនោះ ដើម្បីយកឈ្នះ នៅក្នុងសង្គ្រាមឈ្លានពាន នៅអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




















