ឯកសារលេចធ្លាយមួយបានបង្ហាញថា អ៊ុយក្រែនបានស្នើឱ្យអាមេរិកបន្ថែមមីស៊ីលប្រឆាំងរថក្រោះ និងកាំជ្រួចប្រឆាំងយន្តហោះរាប់រយគ្រាប់ទៅកាន់ទីក្រុងគៀវ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ឯកសារដែលផ្តល់ទៅឱ្យ CNN បានបង្ហាញឱ្យឃើញ បុគ្គលអ៊ុយក្រែនបានបញ្ជូនទៅដល់សមាជិកសភានៅទីក្រុងវ៉ាស៊ីនតោន នូវបញ្ជីឧបករណ៍ដែលចង់បានដូចគ្នា កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ សំណើនាពេលថ្មីៗនេះ គឺពិតជាបានឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងរបស់ទីក្រុងគៀវ សម្រាប់កាំជ្រួចប្រឆាំងរថក្រោះ Javelin ដែលផលិតដោយសហរដ្ឋអាមេរិក និងកាំជ្រួចការពារដែនអាកាស Stinger ។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ពួកគេត្រូវការជាបន្ទាន់នូវកាំជ្រួច ៥០០ នៃប្រភេទនីមួយៗ ឬសរុបរហូតដល់ ១០០០ គ្រាប់។
ព័ត៌មាននេះត្រូវបានចេញផ្សាយបន្ទាប់ពីមន្ត្រីអ៊ុយក្រែន បានទទួលស្គាល់ថា ប្រទេសនេះកំពុងប្រឈមមុខនឹងហានិភ័យនៃការខ្វះខាតអាវុធប្រឆាំងនឹងកងទ័ពរុស្ស៊ី នៅក្នុងបរិបទដែលកងកម្លាំងរបស់ទីក្រុងម៉ូស្គូបានឡោមព័ទ្ធ និងវាយប្រហារទីក្រុងធំៗនៅទូទាំងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសហរដ្ឋអាមេរិក និងអង្គការណាតូ បានសង្កត់ធ្ងន់ថា ការធ្វើដំណើរជំនួយយោធាកាន់តែច្រើន បានមកដល់ប្រទេសអឺរ៉ុបខាងកើតហើយ។
គួរបញ្ជាក់ថា មិនដល់ ២ សប្តាហ៍ បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមបើកយុទ្ធនាការវាយលុកនៅថ្ងៃទី ២៤ ខែកុម្ភៈ សហរដ្ឋអាមេរិក និងសមាជិកណាតូផ្សេងទៀត បានបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះប្រហែល ១៧,០០០ ដើម និងកាំជ្រួចប្រឆាំងយន្តហោះចំនួន ២,០០០ ទៅកាន់ទីក្រុងគៀវ។
ចាប់តាំងពីពេលនោះមក បណ្តាប្រទេសណាតូបានរក្សាលំហូរនៃសព្វាវុធ និងគ្រាប់រំសេវ ទៅកាន់អ៊ុយក្រែនដោយរលូន និងបន្តសូម្បីតែនៅពេលដែលរុស្ស៊ីគម្រាមវាយឆ្មក់ការនាំចេញជំនួយសព្វាវុធទាំងនោះទៅកាន់អ៊ុយក្រែនក៏ដោយ។
មិនត្រឹមតែអ៊ុយក្រែនទេ រុស្ស៊ីក៏ត្រូវបានគេជឿថា កំពុងចំណាយសព្វាវុធយ៉ាងឆាប់រហ័សដោយសារការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៤ ខែមីនា បានដកស្រង់សម្តីលោក Colin Kahl អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយនៅក្រសួងការពារជាតិអាមេរិក ដោយបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងអស់អាវុធឈានមុខដោយភាពជាក់លាក់ ហើយទំនងជាត្រូវពឹងផ្អែកលើគ្រាប់បែក និងកាំភ្លើងធំប៉ុណ្ណោះ ដែលមានអត្រាវាយលុកកាន់តែទាប។
មុននេះ មន្ត្រីអាមេរិក៣រូប បានប្រាប់ CNN ថា កាំជ្រួចឈានមុខរុស្ស៊ីមួយចំនួន មានអត្រាបាញ់ដល់ទៅ ៦០% ខណៈពេលដែលកងកម្លាំងទាំងនេះបានទទួលរងនូវការខូចខាតយ៉ាងខ្លាំង និងការផ្គត់ផ្គង់តិចតួច។
លោក Kahl ជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនចង់បានជម្លោះពេញលេញជាមួយណាតូទេ។
តែទោះយ៉ាងណា រហូតមកដល់ពេលនេះ ទីក្រុងម៉ូស្គូមិនបានឆ្លើយតបនឹងព័ត៌មានខាងលើនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



