រដ្ឋធានីប៊ែឡាំង៖ រហូតមកដល់ពេលនេះ អាល្លឺម៉ង់ បានសម្រេចកាត់បន្ថយការពឹងផ្អែកលើប្រេង នាំចូលមកពីប្រទេសរុស្ស៊ី មកនៅត្រឹមពាក់កណ្ដាល នារដូវក្ដីខាងមុខ ហើយចំណាត់ការរបស់ក្រុងប៊ែរឡាំង បានកើតឡើង ព្រមគ្នាជាមួយនឹងបណ្ដាប្រទេសបច្ចិមលោក ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានសម្រេចកាត់ផ្ដាច់បំពង់បង្ហូរហ្គាស មានតម្លៃ១១ពាន់លានដុល្លារសហរដ្ឋអាមេរិករបស់ក្រុងមូស្គូ ដែលតភ្ជាប់ពីភាគខាងលិចស៊ីបេរី ឆ្លងកាត់សមុទ្របាល់ទិក ប្រវែង ជាង ១ ២០០គីឡូម៉ែត្រ មកកាត់ប្រទេសអាល្លឺម៉ង់។ ចំណាត់ការរបស់ក្រុងប៊ែរឡាំង បានធ្វើឡើងភ្លាមៗ ក្រោយពេលក្រុងមូស្គូ បានសម្រេចចិត្ត លើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រុងប៊ែរឡាំង ក៏ចង់កាត់បន្ថយនូវការពឹងផ្អែកទៅលើប្រេងរបស់រុស្ស៊ី មកនៅត្រឹមតែពាក់កណ្ដាល នៅត្រឹមខែរដូវក្ដៅនេះ។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ថា ទស្សនាវដ្ដី ដឺរ ស្ពីហ្គែល (Der Spiegel) បានផ្សាយ កាលពីថ្ងៃសុក្រ ទី២៥ ខែមីនា ថា ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ចង់កាត់បន្ថយនូវការពឹងផ្អែករបស់ខ្លួន លើប្រេងរបស់រុស្ស៊ី មកនៅត្រឹមពាក់កណ្តាល នារដូវក្តៅខាងមុខ។ ជាមួយគ្នានេះដែរ អាល្លឺម៉ង់ ក៏នឹងមិននាំចូលធ្យូងថ្ម ពីរុស្ស៊ី នៅរដូវស្លឹកឈើជ្រុះ។

ចំណាត់ការរបស់ក្រុងប៊ែរឡាំង បានកើតឡើង ស្របគ្នានឹងបណ្ដាប្រទេសបច្ចិមលោក មានគោលបំណងចង់បង្ហាញ អំពីការរួបរួមគ្នា ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន តាមអ្វីដែលប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin ) ហៅថា ជា «ប្រតិបត្តិការពិសេស» ដោយបានចាប់ផ្ដើម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ សង្គ្រាមឈ្លានពានរបស់លោក ពូទីន បាន និង កំពុងតែធ្វើឲ្យបណ្ដាប្រទេសបច្ចិមលោក រួបរួមគ្នាកាន់តែខ្លាំងឡើង មិនធ្លាប់មានពីមុនមក ហើយប្រឆាំងនឹងសកម្មភាពយោធាដ៏ឃោរឃៅរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។
ទស្សនាវដ្ដី Spiegel ត្រូវបានគេដកស្រង់សំណេរថា៖ «នៅពាក់កណ្តាលឆ្នាំនេះ ការនាំចូលប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងត្រូវបានកាត់បន្ថយ ពាក់កណ្តាល»។ ប៉ុន្ដែនៅដំណាច់ឆ្នាំនេះ យើងមានគោលបំណងចង់មានភាពម្ចាស់ការស្ទើរតែស្រុងហើយ។ ចំណែកនៅរដូវស្លឹកឈើជ្រុះ អាល្លឺម៉ង់អាចកាត់ផ្ដាច់ ចេញពីការនាំចូលធ្យូងថ្មរបស់រុស្ស៊ី»៕ រក្សាសិទ្ធិដោយ ៖ សារាយSN










