Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអ៊ុយក្រែន វា.យប្រហារកម្ទេចនាវាចម្បាំងរបស់រុស្ស៊ី

រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី នៅតែកំពុងបន្ដយ៉ាងក្ដៅគគុក ហើយក៏មានសេចក្ដីរាយការណ៍ថា កម្លាំងការពាររបស់ក្រុងគៀវ បានវាយបកយ៉ាងសន្ធាប់ រហូតឈានដល់ការបា.ញ់កម្ទេចនូវនាវាចម្បាំងមួយគ្រឿងរបស់ក្រុងមូស្គូ និង ធ្វើឲ្យខូចខាតនាវា២គ្រឿងផ្សេងទៀត។

បណ្ដាញទូរទស្សន៍ BBC បានផ្សាយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ថា មន្រ្ដីជាន់ខ្ពស់យោធាអ៊ុយក្រែន បានអះអាងថា កម្លាំងការពារអ៊ុយក្រែន បានវា.យកម្ទេចនាវាចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹករុស្ស៊ី ហើយធ្វើឲ្យខូចខាតនាវា ចំនួន២គ្រឿងផ្សេងទៀតរបស់សត្រូវ នៅក្នុងទីក្រុងកំពង់ផែ ប៊ើរឌីយ៉ាន់ស្ក៍ (Berdyansk) នាភាគអាគ្នេយ៍ នៃប្រទេសអ៊ុយក្រែន។

ជាមួយនឹងការអះអាងបែបនេះនេះ កងទ័ពអ៊ុយក្រែន ក៏បានបង្ហោះនូវវីដេអូ អំពីការវាយប្រហារ លើនាវាចម្បាំង Orsk របស់រុស្ស៊ី កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។ កងទ័ពអ៊ុយក្រែន បានអះអាងថា នាវាចម្បាំងរបស់រុស្ស៊ី ត្រូវបានកម្ទេច ដោយកងកម្លាំងរបស់យើង។

Berdyansk ជាទីក្រុងយុទ្ធសាស្រ្ដមួយ ស្ថិតនៅភាគខាងលិច នៃកំពង់ផែម៉ារីអ៊ូប៉ូល (Mariupol) ដែលត្រូវបានរុស្ស៊ីឡោមព័ទ្ធ ហើយទីក្រុងកំពង់ផែដ៏សំខាន់មួយនេះ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងឈ្លានពានរបស់រុស្ស៊ី អស់រយៈពេល៤ថ្ងៃកន្លងមកហើយ បន្ទាប់ពីក្រុងមូស្គូ បានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក រុស្ស៊ី បានអះអាងថា ក្រុងមូស្គូ បានប្រើប្រាស់កំពង់ផែទីក្រុង Berdyansk ជាមូលដ្ឋាន សម្រាប់ដឹកជញ្ជូនភស្ដុភារ ឆ្លងកាត់យកទៅផ្គត់ផ្គង់ដល់កម្លាំងយោធារបស់ខ្លួន។ ជាមួយគ្នានេះដែរ បណ្ដាញទូរទស្សន៍រុស្ស៊ី ក៏បានសាទរ ចំពោះការមកដល់ នៃនាវាចម្បាំង Orsk របស់រុស្ស៊ី នៅក្នុងទីក្រុង Berdyansk កាលពីសប្តាហ៍មុន ដោយចាត់ទុកថា នេះជា «ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយ» ព្រោះជានាវាចម្បាំងរបស់រុស្ស៊ី លើកដំបូងបង្អស់ បានចូលចត នៅទីនោះ។

លោក ហាន់ណា ម៉ាល់យ៉ា (Hanna Malyar) អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍អ៊ុយក្រែន ថា «កងទ័ពរបស់យើង បានវាយប្រហារ លើគោលដៅដ៏ធំមួយ។ នៅទីនោះ មានកម្លាំងទាហាន ចំនួន៤០០នាក់ បំពាក់ដោយកងរថក្រោះ ចំនួ២០គ្រឿង និង កងរថពាសដែក ចំនួន៤៥គ្រឿង»។

ទោះជាយ៉ាងណា បណ្ដាញទូរទស្សន៍ BBC មិនអាចទទួលបានព័ត៌មានឯករាជ្យណាមួយ យកមកបញ្ជាក់បានទេ ក្រោយការវា.យប្រហារនោះ។ ប៉ុន្ដែ លោក ហ្គាសឌីវ (Gazdiev) បម្រើការងារឱ្យបណ្ដាញផ្សព្វផ្សាយ RT គាំទ្រដោយរុស្ស៊ី បានរាយការណ៍ កាលពីដើមសប្តាហ៍នេះថា មីស៊ីលរបស់កងទ័ពអ៊ុយក្រែន បានតម្រង់គោលដៅម្តង ហើយម្តងទៀត មកលើកំពង់ផែ Berdyansk ។ ប៉ុន្ដែគ្រប់គ្រាប់កាំជ្រួចទាំងនោះ ត្រូវបានប្រព័ន្ធការពារ ប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ី ចាប់បានទាំងអស់។

ទីក្រុង Berdyansk ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់បំផុត សម្រាប់កម្លាំងទាហានរុស្ស៊ី វា.យលុកមកលើប្រទេសអ៊ុយក្រែន ពីវាស្ថិតនៅចន្លោះ ពីឧបទ្វីគ្រីមៀរ (Crimea) និង ទីក្រុងម៉ារីអ៊ូប៉ូល( Mariupol) ដែលឡោមព័ទ្ធ និងរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបំផុត ពីកម្លាំងទាហានរបស់ក្រុងមូស្គូ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×