ទីក្រុងប៊្រុសសែលស៍(Brussels)៖ សហភាពអឺរ៉ុប បានចាត់ទុកសកម្មភាពយោធារបស់ក្រុងមូស្គូ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្ដរជាតិ ហើយមេដឹកនាំប្លុកសេរី ចំនួន២៧ប្រទេសនេះ កំពុងតែជំរុញឲ្យក្រុង ត្រូវតែបញ្ចប់នូវសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមនេះជាបន្ទាន់។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ថា មេដឹកនាំសហភាពអឺរ៉ុប បានជំរុញឱ្យរុស្ស៊ី គោរពយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និង គោរពតាមដីកា កាលពីពេលថ្មីៗរបស់តុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ ICJ ដោយបានបញ្ជាដល់ក្រុងម៉ូស្គូ ត្រូវតែដកកងទ័ពរបស់ខ្លួនជាបន្ទាន់ ចេញពីប្រទេសអ៊ុយក្រែន។

មេដឹកនាំរបស់សហភាពអឺរ៉ុប មានចំនួន២៧ប្រទេស បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ថា «សង្គ្រាមឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន កំពុងតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត លើច្បាប់អន្តរជាតិ ហើយកំពុងតែធ្វើឲ្យជនស៊ីវិលយ៉ាងច្រើន បានបាត់បង់ជីវិត និង រងរបួស»។
ជាមួយគ្នានេះ មេដឹកនាំសហភាពអឺរ៉ុប បានសង្កត់ធ្ងន់ ថា «រុស្ស៊ីកំពុងតែវា.យប្រ.ហារ ដោយផ្ទាល់ ប្រឆាំងនឹងប្រជាពលរដ្ឋស៊ីវិល ហើយកំពុងតែវា.យប្រ.ហារ លើគោលដៅជាជនស៊ីវិល រួមមាន មន្ទីរពេទ្យ កន្លែងវេជ្ជសាស្រ្ដ សាលារៀន និង ទីជម្រកនានា។ ដូច្នេះ រុស្ស៊ី ត្រូវតែបញ្ឈប់សកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមនេះ ជាបន្ទាន់។

បើតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UN បានឲ្យដឹងថា គិតចាប់តាំងពីការផ្ទុះសង្គ្រាម ឈ្លានពានរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ពលរដ្ឋ ជាង៣,៧លាននាក់ បានរត់ភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន ចូលទៅកាន់ប្រទេសជិតខាង រួមមាន ប៉ូឡូញ បានទទួលជនភៀសខ្លួន ចំនួន ២ ២០៦ ១១៩នាក់, រ៉ូម៉ានី ទទួលបាន ចំនួន ៥៧២ ៧៥៤នាក់, ម៉ូលដូវ៉ា ទទួលជនភៀសសឹក ចំនួន ៣៧៦ ៦៤៨នាក់, ហុងគ្រី ទទួលបាន ៣៣៦ ៧០១នាក់, ស្លូវ៉ាគី ទទួលជនភៀសសឹក ចំនួន ២៦៣ ៩៥៩នាក់, រុស្ស៊ី ទទួលជនភៀសសឹក ២៧១ ២៥៤នាក់ និង បេឡារុស ទទួលបាន ៦ ៣៤១នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN











