រដ្ឋធានីគៀវ៖ សង្គ្រាមដ៏ក្ដៅគគុក រវាងកងទ័ពអ៊ុយក្រែន និង រុស្ស៊ី បានអូសបន្លាយពេល រហូតដល់៣៣ថ្ងៃកន្លងមកហើយ នៅតែមិនទាន់បញ្ចប់ តែប្រធានចារកម្មរបស់រដ្ឋាភិបាលក្រុងគៀវ អះអាងថា ប្រធានាធិបតី ពូទីន កំពុងតែរៀបចំសេណារីយ៉ូថ្មី ពុះចែកប្រទេសអ៊ុយក្រែន ជាពីរ ដូចស្ថានការណ៍ នៅលើឧបទ្វីកូរ៉េ នៅក្នុងអំឡុងសង្គ្រាមកូរ៉េ ចន្លោះពីឆ្នាំ១៩៥០-៥៣។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ថា ប្រធានចារកម្មយោធារបស់អ៊ុយក្រែន បានអះអាងថា រុស្ស៊ី នឹងព្យាយាម ពុះហែក ចែកប្រទេសអ៊ុយក្រែន ជាតំបន់បំបែកខ្លួន ចំនួន២ ក្រោយពេលរុស្ស៊ីវាយរុលទៅមុខលែងរួច នៅក្នុងការចូលទៅដណ្ដើមកាន់កាប់រដ្ឋធានីគៀវ។

ប្រធានចារកម្មយោធាអ៊ុយក្រែន បានបញ្ជាក់ថា ក្រោយពេលមហិច្ឆតា វាយដណ្ដើម កាន់កាប់រដ្ឋធានីគៀវ និង ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ត្រូវបរាជ័យ រួចមក រុស្ស៊ី កំពុងតែពិចារណា លើ «សេណារីយ៉ូ នៅឧបទ្វីកូរ៉េ» សម្រាប់អ៊ុយក្រែន និង បំបែកប្រទេសអឺរ៉ុបខាងកើតមួយនេះ ជាពីរ។
លោកឧត្ដមសេនីយ៍ គីរីឡូ ប៊ូដាណូវ (Kyrylo Budanov ) ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា នៅតាមបណ្ដាញសង្គម Telegram របស់ក្រសួង ថា « លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កំពុងតែព្យាយាម កំណត់បន្ទាត់បែងចែក រវាងតំបន់ ដែលមិនបានកាន់កាប់ និង តំបន់កាន់កាប់របស់ប្រទេសរបស់យើង»។
លោកឧត្ដមសេនីយ៍ គីរីឡូ ប៊ូដាណូវ (Kyrylo Budanov ) បានបន្ថែមថា រុស្ស៊ី ប៉ុនប៉ង បង្កើតសេណារីយ៉ូថ្មី នៅលើអ៊ុយក្រែន ដូចនៅឧបទ្វីកូរ៉េ ត្រូវបែងចែក រវាង កូរ៉េខាងជើង និងកូរ៉េខាងត្បូង ប៉ុន្ដែ ពូទីន ពិតជាមិនស្ថិតក្នុងទីតាំងមួយ សម្រាប់លេបប្រទេសទាំងមូលនោះបានទេ។
កូរ៉េទាំងពីរ នៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេស បន្ទាប់ពីជម្លោះ ចន្លោះឆ្នាំ១៩៥០-៥៣ ត្រូវបានបញ្ចប់ ក្រោមបទឈប់បាញ់ ហើយក៏មិនមែន ជាសន្ធិសញ្ញាសន្តិភាពនោះដែរ។ ប្រទេសកូរ៉េ ត្រូវបានបែងចែកជា២ រវាងកូរ៉េខាងត្បូង ជាប្រទេសសេរីនិយម និង កូរ៉េខាងជើង ជាប្រទេសកុម្មុយនីស្ដនិយម ដោយមានព្រំដែន ប្រវែង ២៤៨គីឡូម៉ែត្រ និង ទទឹង៤គីឡូម៉ែត្រ ហើយតំបន់នោះត្រូវបានគេស្គាល់ថា ជាតំបន់គ្មានយោធា (ហៅកាត់ DMZ) ។
លោកឧត្ដមសេនីយ៍ គីរីឡូ ប៊ូដាណូវ (Kyrylo Budanov ) ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិ បានបន្ថែមទៀតថា អ្នកឈ្លានពាន នឹងព្យាយាមបង្រួបបង្រួមទឹកដី ដែលគេឈ្លានពានបាន ដើម្បីធ្វើឲ្យក្លាយទៅជាអង្គភាពរដ្ឋតែមួយ ប្រឆាំងនឹងឯករាជភាពរបស់អ៊ុយក្រែន។ ប៉ុន្ដែយើងមើលឃើញ អំពីការប៉ុនប៉ងរបស់ពួកគេ ដើម្បីបង្កើតអាជ្ញាធរស្របច្បាប់ នៅលើទឹកដី ដែលគេកាន់កាប់បាន និង បង្ខំប្រជាពលរដ្ឋ ឲ្យបោះបង់រូបិយប័ណ្ណរបស់អ៊ុយក្រែន»។
ដោយឡែក មេដឹកនាំក្នុងតំបន់ នៅសាធារណរដ្ឋប្រជាមានិតលូហាន់ស្ក៍ (Luhansk) ដែលប្រកាសដោយខ្លួនឯង បានអះអាងថា តំបន់នេះ អាចនឹងធ្វើប្រជាមតិ នៅក្នុងការចូលរួមជាមួយរុស្ស៊ី ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ដូចអ្វីដែលបានកើតឡើង នៅឧបទ្វីគ្រីមៀរ (Crimea) បន្ទាប់ពីរុស្ស៊ីបានដណ្តើមយកឧបទ្វីបនេះ ពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ ២០១៤ ដែរ។
លោក អូឡេគ នីកូលែនកូ (Oleg Nikolenko) អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «អ៊ុយក្រែន បានច្រានចោលនូវការពិភាក្សា អំពីការធ្វើប្រជាមតិណាមួយ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ រីឯការធ្វើប្រជាមតិក្លែងក្លាយទាំងអស់ នៅលើទឹកដី ដែលចូលឈ្លានពាន ត្រូវចាត់ទុកជាមោឃៈ ហើយនឹងមិនមានសុពលភាពស្របច្បាប់នោះឡើយ»៕រក្សាសិទ្ធិដោយ ៖ សារាយSN










