Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក មិនមានយុទ្ធសាស្រ្ដ ផ្លាស់ប្ដូររបបគ្រប់គ្រង នៅរុស្ស៊ី

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល មានភាពតានតឹង កាន់តែខ្លាំងឡើង រវាងក្រុងវ៉ាស៊ីនតោន និង មូស្គូ ជុំវិញសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន នោះ សហរដ្ឋអាមេរិក បានបញ្ជាក់ ពីគោលជំហររបស់ខ្លួន ថា សេតវិមាន មិនមានយុទ្ធសាស្រ្ដថ្មីណាមួយ នៅក្នុងការផ្លាស់ប្ដូររបបគ្រប់គ្រងក្រុងមូស្គូ នោះឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ថា នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសប៉ូឡូញ នោះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោក ពូទីន មិនអាចស្ថិតក្នុងតំណែងបន្ដទៀតទេ។ ប៉ុន្ដែមួយថ្ងៃក្រោយមក បណ្ដាមន្រ្ដីសហរដ្ឋអាមេរិក បានស្វះស្វែង រកវិធីសាស្រ្ដ នៅក្នុងការកាត់បន្ថយនូវភាពតានតឹងនេះ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន ក៏មិនមានគោលនយោបាយណាមួយ នៅក្នុងការផ្លាស់ប្ដូររបបគ្រប់គ្រង នៅក្នុងប្រទេសរុស្ស៊ី នោះដែរ។

លោក អែនតូនី ប្លីនខែន (Anthony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេស សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ ថា «ដូចអ្វីដែលអ្នកបានដឹង ហើយអ្នកបានឮ យើងនិយាយម្តង ហើយម្តងទៀត យើងមិនមានយុទ្ធសាស្ត្រណាមួយ សម្រាប់ការផ្លាស់ប្តូររបបគ្រប់គ្រង នៅក្នុងប្រទេសរុស្ស៊ី ឬនៅកន្លែងណាផ្សេងទៀតនោះឡើយ។ ក្នុងករណីនេះ ក៏ដូចជា ករណីផ្សេងទៀតដែរ វាអាស្រ័យលើប្រជាជន នៅក្នុងប្រទេស ហើយករណីដូចគ្នានេះដែរ ក៏អាស្រ័យលើប្រជាជនរុស្ស៊ី ផ្ទាល់តែម្ដង»។
ការអត្ថាធិប្បាយរបស់រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលលោកប្រធានាធិបតី បៃដិន បានថ្លែងសុន្ទរកថា សង្កត់ធ្ងន់ៗបំផុត ប្រឆាំងនឹងលោក ពូទីន ចាប់តាំងពីមេដឹកនាំរុស្ស៊ី រូបនេះ បានសម្រេចចិត្ត បញ្ជាកងទ័ព ឲ្យចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្តណាតូ ហើយដៃគូផ្សេងទៀត បានបង្កើនការដាក់កញ្ចប់ទណ្ឌកម្មដ៏ច្រើនលើសលប់ មិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយមន្រ្ដីនានាជិតស្និទ្ធ នឹងវិមានក្រឹមឡាំង។

បើតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រពលរដ្ឋ ជាង ៣,៧លាននាក់ បានរត់ភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីកងទ័ពរុស្ស៊ី ចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ជនភៀសសឹកទាំងនោះ បានរត់ទៅកាន់ប្រទេសជិតខាង រួមមាន ប៉ូឡូញ ចំនួន ២ ២៣៦ ៣១៤នាក់, រ៉ូម៉ានី ចំនួន ៥៧៩ ៨០០នាក់, ម៉ូលដូវ៉ា ចំនួន ៣៧៩ ២០៤នាក់ , ហុងគ្រី ចំនួន ៣៤២ ៧៣៨នាក់, រុស្ស៊ី ចំនួន ២៧១ ២៥៤នាក់, ស្លូវ៉ាគី ចំនួន ២៦៧ ៧០២នាក់ និង បេឡារុស ចំនួន ៦ ៣៤១នាក់។

នៅក្នុងចំណោមជនភៀសខ្លួនទាំងនោះ ភាគច្រើន ជាស្រ្ដី និងកុមារ។ ដោយឡែក បុរសអ៊ុយក្រែន មានអាយុចន្លោះពី១៨-៦០ឆ្នាំ ត្រូវនៅក្នុងប្រទេស ដើម្បីប្រយុទ្ធជាមួយនឹងកងទ័ពរុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN

×