លោក John (JV) Venable អ្នកជំនាញកងទ័ពអាកាសអាមេរិក បានប្រាប់ Fox News Digital បានឲ្យដឹងថា សហរដ្ឋអាមេរិកអាចគាំទ្រអ៊ុយក្រែនបានល្អបំផុតដោយផ្តល់ឱ្យវានូវសព្វាវុធ យន្តហោះ និងឧបករណ៍ផ្សេងទៀត ដើម្បីជួយការពារដែនអាកាសរបស់ខ្លួន ជំនួសឱ្យការបង្កើតតំបន់គ្មានការហោះហើរ។
លោក Venable អតីតមេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិក និងជាអ្នកស្រាវជ្រាវនៅមូលនិធិបេតិកភណ្ឌ បានអត្ថាធិប្បាយថា «ជាទូទៅ កងទ័ពអ៊ុយក្រែនកំពុងប្រយុទ្ធជាមួយនឹងអាវុធពីរយ៉ាង៖ មួយគឺជាគ្រាប់រំសេវដែលយើងកំពុងផ្តល់ឱ្យពួកគេ ហើយមួយទៀត គឺជាស្មារតីប្រយុទ្ធដែលពួកគេអាចទ្រទ្រង់ខ្លួនពួកគេ»។
លោក Venable បន្តថា «តាមរយៈការផ្តល់ឱ្យពួកគេនូវសព្វាវុធត្រឹមត្រូវ យើងពង្រឹងសីលធម៌របស់ពួកគេ នាំឱ្យពួកគេទទួលបានជ័យជំនះ ជួយពួកគេកម្ចាត់រុស្ស៊ី និងធ្វើឱ្យសង្រ្គាមនេះក្លាយជាការខិតខំប្រឹងប្រែងដ៏ថ្លៃថ្លាសម្រាប់ប្រជាជនរុស្ស៊ី»។
សមត្ថភាពការពារដែនអាកាសដ៏រឹងមាំរបស់អ៊ុយក្រែន គឺបានកំពុងធ្វើឱ្យអ្នកជំនាញភ្ញាក់ផ្អើល។ ពិតណាស់ អស់រយៈពេលមួយខែហើយ ដែលរុស្ស៊ីមិនបានបង្កើតការគ្រប់គ្រងច្បាស់លាស់លើដែនអាកាសអ៊ុយក្រែនឡើយ ហើយក្រុងគៀវ ហាក់បានទាញរុស្ស៊ីឲ្យធ្លាក់ក្នុងភាពជាប់គាំង។
ចំណែកលោក Yuriy Ihnat អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែន បានប្រាប់កាសែត New York Times ថា «កងកម្លាំងអ៊ុយក្រែនបានប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាពនៅលើមេឃ ពីព្រោះយើងកំពុងប្រតិបត្តិការនៅលើដីរបស់យើង។ ប្រសិនបើអ្នកហោះហើរចូលទៅក្នុងដែនអាកាសរបស់យើង អ្នកក៏នឹងចូលទៅក្នុងជួរនៃប្រព័ន្ធការពារដែនអាកាសផងដែរ»។
Ihnat ពិពណ៌នាអំពីយុទ្ធសាស្ត្ររបស់អ៊ុយក្រែនថា នេះជាការទាក់ទាញយន្តហោះរុស្ស៊ីឱ្យចូលទៅក្នុង «អន្ទាក់ការពារដែនអាកាស»។ យោងតាម Venable នោះអាចជាយុទ្ធសាស្ត្រដែលយន្តហោះអ៊ុយក្រែនធ្វើពុតជាដកថយ ដោយទាក់ទាញយន្តហោះរុស្ស៊ីឱ្យចូលទៅក្នុងតំបន់ “អន្ទាក់” តែម្តង។ នៅទីនោះ កងកម្លាំងជើងគោកនឹងបើកការបាញ់ប្រហារពីភាគីទាំងសងខាង និងបំផ្លាញយុទ្ធជនសត្រូវ។
យោងតាមស្ថិតិចុងក្រោយរបស់ក្រសួងការពារជាតិអ៊ុយក្រែន ការខូចខាតរបស់ភាគីរុស្ស៊ី គិតត្រឹមថ្ងៃទី២៧ ខែមីនា បានឈានដល់យន្តហោះ ១២១ គ្រឿង និងឧទ្ធម្ភាគចក្រ ១២៧ គ្រឿង។
ដែនអាកាសរបស់អ៊ុយក្រែន គឺនៅតែជាប្រធានបទនៃការជជែកដេញដោលគ្នាយ៉ាងខ្លាំង ខណៈដែលប្រធានាធិបតី Volodymyr Zelensky អំពាវនាវម្តងហើយម្តងទៀត ឱ្យបង្កើតតំបន់គ្មានការហោះហើរ ដែលបង្ខំដោយណាតូ។ អ្នកជំនាញខ្លះប៉ាន់ស្មានថា អ៊ុយក្រែននៅសល់យុទ្ធជនសកម្មប្រហែល ៥៥ នាក់ប៉ុណ្ណោះ ហើយចំនួននេះកំពុងបន្តថយចុះ។
តែទោះជាយ៉ាងណា អ្នកនយោបាយអាមេរិកនៅតែបែងចែកលើការគាំទ្រតំបន់គ្មានការហោះហើរ។ ប្រធានាធិបតី Biden បាននិយាយថា សកម្មភាពសំខាន់នឹងទាញសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ឱ្យធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។
ការស្ទាក់ស្ទើរនោះ ក៏បានរារាំងសហរដ្ឋអាមេរិកពីការផ្គត់ផ្គង់យន្តហោះទៅអ៊ុយក្រែនផងដែរ។ របាយការណ៍មួយចំនួនបានលើកឡើងថា មន្ទីរបញ្ចកោណបានបដិសេធផែនការរបស់ប៉ូឡូញក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង MiG-29 ដល់ទីក្រុងគៀវ។
និយាយទៅកាន់ Fox News Digital លោក Venable បាននិយាយថា សហរដ្ឋអាមេរិកត្រូវការបង្កើនការផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងមធ្យោបាយចាំបាច់ ដើម្បីវាយលុករុស្ស៊ី ជាពិសេសនៅលើអាកាស។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កាំជ្រួច Javelin និង Stinger ដែលណាតូផ្គត់ផ្គង់ដល់អ៊ុយក្រែន បានបង្ហាញឱ្យឃើញថា ជាអាវុធដែលមានប្រសិទ្ធភាពបំផុត ហើយវាជាយន្តហោះដែលអាចនាំមកនូវប្រសិទ្ធភាពលើសពីការប្រយុទ្ធទៅទៀត។
អ៊ុយក្រែនបានប្រើប្រាស់យន្តហោះចម្បាំងបីប្រភេទក្នុងជម្លោះជាមួយរុស្ស៊ីគឺ MiG-29, Su-27 និង Su-24 ហើយចំនួនមានកំណត់នៃយន្តហោះដែលអ៊ុយក្រែនបច្ចុប្បន្នមានគឺប្រហែល Su-24 ៣០ គ្រឿង ហើយនឹងត្រូវរងគ្រោះថ្នាក់ សូម្បីតែនៅក្នុងយុទ្ធនាការសកម្មភាពជោគជ័យបំផុតក៏ដោយ។
បើយោងតាមលោក Venable នោះអ្វីដែលសំខាន់បំផុតគឺថាយន្តហោះទាំងនោះ នឹងផ្តល់នូវការលើកទឹកចិត្តដល់កម្លាំងជើងគោក ដោយលោកបានលើកឡើងបែបនេះថា «នៅពេលណាដែលនៅក្នុងការប្រយុទ្ធគ្នា ទាហានបានឮសំឡេងយន្តហោះរបស់ពួកគេ ឬឃើញពួកវាហោះពីលើ គឺនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាមានថាមពលកើនឡើងតែម្តង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



