Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដាប្រទេសបស្ចិមលោក នាំគ្នាបណ្ដេញមន្រ្ដីទូតរុស្ស៊ី ចេញពីប្រទេស

បរទេស ៖ រហូតមកដល់ពេលនេះ មានបណ្ដាប្រទេសជាច្រើន នៅក្នុងប្លុកអឺរ៉ុប បានសម្រេចចិត្ត បណ្ដេញមន្រ្ដីទូតរុស្ស៊ី ចេញពីប្រទេសរបស់ពួកគេ ក្រោមការចោទប្រកាន់ ពីបទធ្វើចារកម្ម ប៉ុន្ដែបើតាមការពិនិត្យជាក់ស្ដែង គឺបច្ចិមលោក បានបង្ហាញសកម្មភាព ប្រឆាំងនឹងការឈ្លាពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ថា ហូឡង់ដ៍ កាលពីថ្ងៃអង្គារ ទី២៩ ខែមីនា បានបញ្ជាក់ថា ក្រុងអាមស្ទើរដាម (Amsterdam) ទទួលយកការសម្រេចចិត្តរបស់ខ្លួន នៅក្នុងការពិគ្រោះយោបល់ជាមួយ «ប្រទេសដែលមានគំនិតដូចគ្នាមួយចំនួន» ដោយលើកឡើង អំពីការបណ្តេញមន្រ្ដីទូតរុស្ស៊ី ចេញពីប្រទេស។ សកម្មភាពនេះ ស្រដៀងគ្នានឹងសហរដ្ឋអាមេរិក ប៉ូឡូញ ប៊ុលហ្គារី ស្លូវ៉ាគី អេស្តូនី ឡាតវី លីទុយអានី និង ម៉ុងតេណេហ្គ្រោ ដែរ។

ក្រសួងការបរទេសហូឡង់ដ៍ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «គណៈរដ្ឋមន្ត្រីហូឡង់ដ៍ បានសម្រេចចិត្តធ្វើបែបនេះ ដោយសារតែការគំរាមកំហែងដល់សន្តិសុខជាតិ ដែលបង្កឡើងដោយក្រុមមន្រ្ដីរុស្ស៊ី។ បន្ថែមពីលើនេះ ហូឡង់ដ៍ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី និង ជូនដំណឹងដល់ពួកគាត់ អំពីការបណ្តេញចេញ ពីប្រទេសនេះ។

ហូឡង់ដ៍ បានបញ្ជាក់ថា ក្រុងអាមស្ទើរដាម ( Amsterdam) បានបណ្ដេញមន្រ្ដីទូតរុស្ស៊ី ចំនួន១៧នាក់ ចេញពីប្រទេសរបស់ខ្លួន។ ហូឡង់ដ៍ បានពិពណ៌នា ថា មន្រ្ដីរុស្ស៊ីទាំងនោះ ជាអ្នកស៊ើបការណ៍សម្ងាត់ ដោយក្លែងបន្លំ ធ្វើជាអ្នកការទូត។ ចំណែក ប៊ែលហ្ស៊ិក វិញ ក៏បានអះអាងថា ក្រុងប៊្រុសសែលស៍ (Brussels) បានបដិសេធមន្រ្ដីទូត ចំនួន២១នាក់ ពីស្ថានទូតរុស្ស៊ី។

ជាមួយគ្នានេះដែរ ប្រទេសប៊ែលហ្ស៊ីក បានបណ្ដេញមន្រ្ដីទូតរុស្ស៊ី ចំនួន២១នាក់ ក្រោមការចោទប្រកាន់ ធ្វើចារកម្ម ចំពេលមានភាពចលនាស្រដៀងគ្នានេះ នៅកន្លែងផ្សេងទៀត ក្នុងសហភាពអឺរ៉ុប។

បណ្ដាប្រទេសជាច្រើនទៀត នៅអឺរ៉ុប ក៏បានប្រកាស អំពីការបណ្ដេញមន្រ្ដីទូតរុស្ស៊ី រាប់សិបនាក់ ចេញពីប្រទេសរបស់ពួកគេ។ សកម្មភាពរបស់បណ្ដាប្រទេស នៅអឺរ៉ុប ក៏ដោយសារតែសង្ស័យ លើមន្រ្ដីទូតរុស្ស៊ី លបធ្វើជាចារកម្ម។ ប៉ុន្ដែអ្វីដែលគេមើលឃើញ គឺហាក់បីដូចជា សកម្មភាពសម្របសម្រួល ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះដែរ អៀរឡង់ដ៍ ក៏បានប្រាប់ដល់មន្រ្ដីជាន់ខ្ពស់របស់រុស្ស៊ី ចំនួន៤នាក់ ត្រូវតែចាកចេញ ពីប្រទេសរបស់ខ្លួន ដោយសារតែសកម្មភាពរបស់មន្រ្ដីទូតក្រុងមូស្គូទាំងនោះ ត្រូវបានចាត់ទុកថា មិនស្របតាមស្តង់ដារអន្តរជាតិ នៃអាកប្បកិរិយាការទូត។ ទន្ទឹមគ្នានេះដែរ សាធារណរដ្ឋឆេក ក៏បានទុកពេល៧២ម៉ោង សម្រាប់មន្រ្ដីការទូតរុស្ស៊ីម្នាក់ ត្រូវតែចាកចេញ ពីប្រទេសរបស់ខ្លួន។

សកម្មភាពរបស់បណ្ដារដ្ឋ នៅក្នុងប្លុកអឺរ៉ុប បានបណ្ដេញមន្រ្ដីទូតរុស្ស៊ី ចេញពីប្រទេសរបស់ពួកគេនេះ បានកើតឡើង ក្រោយពេលទំនាក់ទំនងការទូត រវាងរុស្ស៊ី និង បណ្ដាប្រទេសបច្ចិមលោក បានធ្លាក់ចុះយ៉ាងខ្លាំងបំផុត ក្រោយពេលក្រុងម៉ូស្គូ បានលើកកងទ័ព ចូលឈ្លានពាន មកលើអ៊ុយក្រែន កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ប៉ូឡូញ កាលពីសប្ដាហ៍មុន ក៏បានបណ្ដេញមន្រ្ដីរុស្ស៊ី ចំនួន៤៥នាក់ ចេញពីប្រទេសរបស់ខ្លួន ដោយសារតែរដ្ឋាភិបាលក្រុងវ៉ាសាវី បានចាត់ទុកមន្រ្ដីទាំងនេះ ធ្វើចារកម្ម ដោយប្រើប្រាស់តួនាទី ជាមន្រ្ដីទូត សម្រាប់ប្រតិបត្ដិការ នៅក្នុងប្រទេសអឺរ៉ុបមួយនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×