Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងទាហានរុស្ស៊ី បន្ដបាត់បង់ឧត្ដមសេនីយ៍ និង វរសេនីយ៍ឯក កើនឡើងកាន់តែច្រើន

រដ្ឋធានីគៀវ៖ រហូតមកដល់ថ្ងៃទី៣១ ខែមីនា សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក រវាងកងទ័ពអ៊ុយក្រែន និង រុស្ស៊ី បានអូសបន្លាយ អស់រយៈពេល៣៦ថ្ងៃកន្លងមកហើយ តែក្រុងមូស្គូនៅតែមិនអាចផ្ដួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បាន តែអ្វីដែលវិមានក្រឹមឡាំងទទួលបានមកវិញ មានតែការធ្វើឲ្យប្រជាពលរដ្ឋអ៊ុយក្រែន ទទួលរងនូវការឈឺចាប់ ជុំវិញនូវការបង្កនូវមហាវិនាសកម្ម ការខាតបង់កម្លាំងទ័ពយ៉ាងធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន និង ការខូចខាតដល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតតែប៉ុណ្ណោះ។

សារព័ត៌មាន Daily Mail បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ថា គិតត្រឹមវេលានេះ រុស្ស៊ី បានបន្ដបាត់បង់មេបញ្ជាការ ថ្នាក់វរសេនីយ៍ឯក កើនឡើងដល់៨នាក់ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងទីក្រុងខាគីវ (Kharkiv) ខណៈលោក ពូទីន បន្តបាត់បង់មន្ត្រីជាន់ខ្ពស់យោធាកាន់តែច្រើនឡើង នៅក្នុងសកម្មភាពឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។

មេបញ្ជាការកងទ័ពរុស្ស៊ី ថ្នាក់វរសេនីយ៍ឯក ដែលបានបាត់បង់ជីវិត នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ទាំងនោះ រួមមាន ទី១-លោកវរសេនីយ៍ឯក Denis Kurilo មេបញ្ជាការកងពលតូចលេខ២០០, ទី២-លោកវរសេនីយ៍ឯក នីកូឡៃ អូវឆារ៉ែនកូ (Nikolay Ovcharenko) ប្រធានកងវិស្វករយោធភូមិភាគបច្ចិម, ទី៣-លោកវរសេនីយ៍ឯក អាឡិចហ្សេ សារ៉ូវ (Alexei Sharov) មេបញ្ជាការកងវរសេនាធំលេខ៨១០ នៃកងពលតូច Zhukov, ទី៤-លោកវរសេនីយ៍ឯក Sergei Sukharev មេបញ្ជាការ នៃកងវរសេនាធំវាយលុកឆត្រយោងលេខ ៣៣១ មកពី Kostroma, ទី៥-លោកវរសេនីយ៍ឯក Andrei Zakharov , ទី៦-លោកវរសេនីយ៍ Konstantin Zizevsky មេបញ្ជាការដឹកនាំកងទ័ពវាយប្រហារតាមអាកាស, ទី៧-លោកវរសេនីយ៍ឯក Yuri Medvedev មេបញ្ជាការកងពលតូច នៃកងរថក្រោះ និងទី៨-លោកវរសេនីយ៍ឯក Sergei Porokhyna ។

ដោយឡែក មេទ័ពថ្នាក់ឧត្ដមសេនីយ៍ ដែលបានស្លាប់ នៅក្នុងសមរភូមិ នៅអ៊ុយក្រែន រួមមាន ទី១-លោកឧត្ដមសេនីយ៍ Vlaislav Yershov មេបញ្ជាការកងទ័ពរុស្ស៊ី, ទី២-លោកឧត្ដមសេនីយ៍ទោ Yakov Rezanstev មេបញ្ជាការកងទ័ពចម្រុះលេខ៤៩ នៃយោធភូមិភាគខាងត្បូង, ទី៣-លោកឧត្ដមសេនីយ៍ Magomed Tushaev មេបញ្ជាការកម្លាំងពិសេសឆេឆេន, ទី៤-លោកឧត្ដមសេនីយ៍ត្រី Oleg Mityaev មេបញ្ជាការកងពលលេខ១៥០, ទី៥-លោកឧត្ដមសេនីយ៍ត្រី Vitaly Gerasimov មេបញ្ជាការរងកងទ័ពលេខ៤១, ទី៦-លោកឧត្ដមសេនីយ៍ត្រី Andrey Kolesnikov មេបញ្ជាការកងទ័ពចម្រុះលេខ២៩ និង ទី៧-លោកឧត្ដមសេនីយ៍ត្រី Andrei Sukhovetsky មេបញ្ជាការរង នៃកងទ័ពអាវុធចម្រុះលេខ៤១ នៃយោធភូមិភាគកណ្ដាល។

មន្រ្ដីកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា លោកវរសេនីយ៍ ដេនីស គូរីឡូ (Denis Kurilo) មេបញ្ជាការ នៃកងពលតូចលេខ២០០ បានបាត់បង់ជីវិត នៅក្នុងការវាយប្រយុទ្ធគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន។ កងពលតូចនេះ បានបាត់បង់កម្លាំងទ័ព ចំនួន ១ ៥០០នាក់ នៅក្នុងទីក្រុងខាគីវ (Kharkive) ។ លោកវរសេនីយ៍ ក្លាយជាអ្នកបាត់បង់ជីវិតចុងក្រោយ នៅក្នុងសកម្មភាពឈ្លានពានរបស់ក្រុងមូស្គូ ដោយរួមទាំងឧត្ដមសេនីយ៍ចំនួន៧នាក់ផ្សេងទៀត។

មន្ត្រីក្រុងគៀវ បានអះអាងថា កម្លាំងកងទ័ពអ៊ុយក្រែន បានសម្លាប់លោកវរសេនីយ៍ ដេនីស គូរីឡូ (Denis Kurilo) មេបញ្ជាការកងពលតូចលេខ២០០ នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅជិតទីក្រុងខាឃីវ។ លោក Denis Kurilo ក្លាយជាមេបញ្ជាការ ថ្នាក់វរសេនីយ៍ឯក ទី៨របស់រុស្ស៊ី ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមឈ្លានពាន នៅអ៊ុយក្រែន។ ជាមួយគ្នានេះ កងទ័ពអ៊ុយក្រែន បានកម្ទេច២កងវរសេនាតូច នៅក្នុងកងពលតូចលេខ២០០ បណ្ដាលឲ្យទាហាន ចំនួន១ ៥០០នាក់ បាត់បង់ជីវិត។

មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងទៀតថា រហូតមកដល់ថ្ងៃទី៣០ ខែមីនា មេបញ្ជាការ ថ្នាក់វរសេនីយ៍ឯក ចំនួន៨នាក់ និង មេទ័ពកំពូល ថា្នក់ឧត្ដមសេនីយ៍ ចំនួន៧នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន ចាប់តាំងពីផ្ទុះការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក។

មន្រ្ដីយោធាអ៊ុយក្រែន បានបន្ដថា បើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ នៃប្រតិបត្ដិការសឹករបស់កងទ័ពអ៊ុយក្រែន នោះ ក្រុងគៀវ បានអះអាងថា សង្គ្រាមឈ្លានពាន អស់រយៈពេល៣៥ថ្ងៃកន្លងមកនេះ រុស្ស៊ី បានបាត់បង់កម្លាំងយោធា ចំនួន ១៧ ៣០០នាក់។ ដោយឡែក គ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត ត្រូវបានកងទ័ពអ៊ុយក្រែន វាយកម្ទេច រួមមាន រថពាសដែក ជាង ១ ៧០០គ្រឿង និង រថក្រោះ ជិត៦០០គ្រឿង។ ក្រៅពីនេះ កម្លាំងការពារអ៊ុយក្រែន ក៏បានកម្ទេចគ្រឿងសឹករបស់ទាហានរុស្ស៊ី ជាច្រើនទៀត មានដូចជា ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន៣០០ដើម, យន្ដហោះចម្បាំង ចំនួន១២៧គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន១២៩គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន១០០គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន៥៤គ្រឿង និង នាវាចម្បាំង ចំនួន៧គ្រឿង៕រក្សាសិទ្ធិដោយ ៖ សារាយSN

×