ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៩ខែ គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកដល់ពេលនេះ នៃដំណើរការអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជាជីកមាសបាន ២,២៧៥គីឡូ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ៩ខែ យើងផលិតមាសបាន២២៧៥គីឡូក្រាម ឬជាង២តោន នេះយើងគិតតែមួយទេ នៅកន្លែងដទៃទៀត។ អីចឹងយើងក៏ចាប់ផ្តើមប្រើប្រាស់នូវធនធានធម្មជាតិរបស់យើងមួយចំណែក ដែលយើងបាននិងកំពុងរុករក ដើម្បីធ្វើអាជីវកម្មបម្រើឲ្យសេចក្តីត្រូវការរបស់ប្រទេសជាតិ។
សម្តេចតេជោបញ្ជាក់ថា អាជីវកម្មរ៉ែមាសនេះ បានជំនួសដោយរ៉ែប្រេងកាត ដែលមានចំនួនតិច ហើយការបូបប្រេងជួបបញ្ហា មានការលួចយកនាវាផ្ទុកប្រេងទៅបាត់ផងដែរ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី រ៉ែមាសរបស់កម្ពុជា នៅមានទីតាំងច្រើនកន្លែងទៀត ដែលកំពុងរុករក ហើយការរុករកនេះ គឺជាការបើប្រាស់នូវធនធានធម្មជាតិ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




