ភ្នំពេញ ៖ តុលាការបានសម្រេចលើកលែងការចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ប្រព្រឹត្តនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧។
លោកអ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា លោកញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចលើកលែការចោទប្រកាន់ហើយ ហើយមានការបញ្ជាក់ថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើគាត់ទេ។
លោករស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានចេញដីកាសម្រេចលើកលែង ការចោទប្រកាន់លោកញឹក ប៊ុនឆៃ ។

បើយោងតាមដីកាសម្រេចលើកលែងការចោទប្រកាន់វានឲ្យដឹងថា … តាមការពិនិត្យឯកសារ នានាក្នុងសំណុំរឿង ឃើញថា អង្គហេតុដែលបានចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រម ព្រហ្មទណ្ឌ មាត្រា៣៨.១ថ្មី ចំណុចទី៤ និងមាត្រា៣២.១ថ្មី ចំណុចទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ នោះ គឺសំអាងទៅលើចម្លើយរបស់ឈ្មោះ ជា ជុង ដែលបានឆ្លើយថា គាត់គ្រាន់តែជាអ្នកនាំឈ្មោះ គួង (គ័ង) ទៅជួបឈ្មោះ ញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ហើយក៍ពុំមានភស្តុតាងដាក់បន្ទុកជាសាក្សី ឬឯកសារណាមួយដែលបានបញ្ជាក់ពីការចូលរួមរបស់ឈ្មោះ ញឹក ប៊ុនឆៃ ដែរ ។
តាមច្បាប់ព្រហ្មទណ្ឌអន្តរកាលមាត្រា៣០ ចែងថា អាជ្ញាយុកាលសំរាប់បទមជ្ឈឹមមានរយៈពេលបីឆ្នាំ រីឯ អាជ្ញាយុកាលសំរាប់បទឧក្រិដ្ឋមានរយៈពេលដប់ឆ្នាំ អាជ្ញាយុកាលត្រូវចប់នៅពេលណាសកម្មភាពនីតិវិធីទាំងអស់បានសម្រេច ។
តាមដីកាសន្និដ្ឋានស្ថាពរលេខ៩៩៩ អ.យ.ខ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ របស់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ភេទប្រុស ជនជាតិខ្មែរ។
ដីកាសម្រេចលើកលែងការចោទប្រកាន់បានបញ្ជាក់ថា គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុច ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៣៨,១ថ្មី ចំណុចទី៤ និងមាត្រា៣២.១ថ្មី ចំណុចទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ គប្បីសម្រេចលើកលែង ចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ តាមបញ្ញត្តិមាត្រា ២៤៧ថ្មី ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៤៧ ,មាត្រា៣៦៨,មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ហេតុដូច្នេះសមចលើកលែងចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតឡើង ញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយ៉ង ស្រុកភ្នំស្រួច ខេត្តកំពង់”ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧។
គួរបញ្ជាក់ថា លោកញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ២០១៧ ជាប់ពាក់ព័ន្ធករណីផលិតគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០៧ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហើយនៅទី៣០ ខែមេសា ឆ្នាំ២០១៨ លោកញឹក ប៊ុនឆៃ ត្រូវបានដោះលែងចេញពីពន្ធនាគារ៕ រក្សាសិទ្ធិដោយ : ចេស្តារ

