Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានស្តីទីព្រឹទ្ធសភា សំណេះសំណាល ជាមួយថ្នាក់ដឹកនាំខណ្ឌ និងប្រធានក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌទួលគោក

ភ្នំពេញ ៖ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងសភាពការណ៍រួមនៅក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការពង្រឹង និងផ្សព្វផ្សាយនូវវិធានការប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ១៩ និងការត្រៀមលក្ខណៈសម្រាប់ការចូលរួមបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១០នៃខណ្ឌទួលគោក នៅភោជនីយដ្ឋានឡាក់គីស្តារ ដែលស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានឡើងធ្វើសេចក្តីរាយការណ៍ជម្រាបជូនអំពី វឌ្ឍនភាពការងារ ការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ការចូលរួមដោះស្រាយវិវាទជូនប្រជាពលរដ្ឋនូវក្រៅប្រព័ន្ធតុលាការ និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានថ្លែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់អាជ្ញាធរខណ្ឌ។
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិតបានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌទួលគោកទាំងអស់ ត្រូវសហការ សាមគ្គីភាពផ្ទៃក្នុង និងបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីមានសិទ្ធិគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នាពេលខាងមុខ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានក្រើនរំលឹកដល់អាជ្ញាធរខណ្ឌទួលគោក សូមបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ អំពីការចូលរួមប្រយុទ្ធ និងទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសអនុវត្តវិធានការ ៣កុំ និង៣ការពារ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×