ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាពឆ.ក់ទូរសព្ទ ពីបុរសម្នាក់បានសម្រេច តែជិះរត់មិនរួច ត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋ ដេញតាមពីក្រោយឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀត ផ្តួលម៉ូតូចោល រត់គេចខ្លួនរួច។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីល្ងាចថ្ងៃទី៣១ ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ វីត ភេទប្រុសអាយុ២១ បច្ចុប្បន្នស្នាក់នៅម្តុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

យោងតាមការបញ្ជាក់ពីជនរងគ្រោះមាន ឈ្មោះសូយសម្ផស្ស បានប្រាប់ឲ្យដឹងថា មុនកើតហេតុខ្លួនបានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ចេញពីធ្វើការរួចជិះកាត់តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំផ្សារឯករាជ្យមួយ លុះមកដល់ចំណុចកើតហេតុខាងលើ បានលើកទូរសព្ទចេញពីហោប៉ាវ និយាយជាមួយនិងប្អូន ស្រាប់តែភ្លាមនោះដែរ ក៏លេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1AH-1019 ជិះតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្របទិសពីក្រោយក៏បានឆក់យកទូរសព្ទពីខ្លួនបានសម្រេច រួចជិះរត់គេចខ្លួន ភ្លាមនោះដែរបុរសជាជនរងគ្រោះ ក៏បានជិះដេញតាមពីក្រោយរួចស្រែកឲ្យពលរដ្ឋជិតខាងជួយដេញ មកដល់ផ្លូវដួងងៀប ក៏ជនសង្ស័យជិះទៅបុ.កម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល ភ្លាមនោះដែរ ក៏ពលរដ្ឋរត់ទៅចាប់ឃាត់បានម្នាក់ ចំណែកឯបក្ខពួកម្នាក់ទៀត គេចខ្លួនរួចបន្សល់ទុកម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឃាត់ជនសង្ស័យ និងយកម៉ូតូមួយគ្រឿង យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ និងឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សាមេត




