ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលទៅបុ.កពីក្រោយរថយន្តកូរ៉េ ដែលបើកបុ.កបង្គោលភ្លើងពីមុខ រួចបន្តទៅបុ.ករះម៉ូតូចតស្ងៀម នៅមុខហាងមួយកន្លែងអស់ជាច្រើនគ្រឿង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តកូរ៉េពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AB-4120 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ស្ថានភាពមេឃកំពុងតែភ្លើងធ្លាក់ ពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករងការខូចខាតខ្ទេចមួយកំណាត់មុខ ហើយភ្លាមនោះដែរ ស្រាប់តែមានបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ក្រហមពាក់ផ្លាកលេខ 3E-6330 បើកបរស្របគ្នាពីក្រោយទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បានមកបុកពីក្រោយរថយន្តកូរ៉េយ៉ាងពេញទំហឹង រួចរថយន្តកុងតឺន័របន្តល្បឿន ទៅបុ.ករះម៉ូតូចតស្ងៀមនៅមុខហាងមួយកន្លែង អស់ជាច្រើនគ្រឿងរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ រងការខូចខាតតែរថយន្តនិងម៉ូតូ អស់ជាច្រើនគ្រឿង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តទាំង២គ្រឿង និងម៉ូតូជាច្រើនគ្រឿងទៀត យកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត








