ភ្នំពេញ ៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន និងនាយកប្រចាំ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានបង្ហាញពីការគាំទ្ររបស់ចក្រភពអង់គ្លេសដល់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួន នៅក្នុងតំបន់ ដូចជាការកសាងឱ្យប្រសើរឡើងវិញពីកូវីដ១៩ ឬក៏ដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ កម្ពុជាក៏មានតួនាទីសំខាន់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ហើយចក្រភពអង់គ្លេសបានប្តេជ្ញាគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

លោក Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន និងលោកស្រី Joelle Jenny នាយកប្រចាំ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២២ ដើម្បីកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ខណៈដែលប្រទេសកម្ពុជាបានទទួលតំណែងជាប្រធានអាស៊ានកាលពីដើមឆ្នាំនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានបញ្ជាក់ថា ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងអាស៊ានដ៏រឹងមាំ គឺជាផ្នែកដ៏សំខាន់មួយនៃការចូលរួមជាសកល គោលនយោបាយការបរទេស និងឥណ្ឌូប៉ាស៊ីហ្វិករបស់យើង។ ភាពជាដៃគូសន្ទនាថ្មីរបស់អាស៊ាន បានអនុញ្ញាតឱ្យ យើងធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចក្រភពអង់គ្លេស និងអាស៊ាន និងទទួលបានផលប្រយោជន៍ទៅវិញទៅមក។
លោក Jon Larnbe ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន បាននិយាយថា៖ “ចក្រភពអង់គ្លេសមានសេចក្តីសោមនសស្សរីករាយដែលបានក្លាយជាគូសន្ទនាដំបូងគេរបស់អាស៊ាន ក្នុងរយៈពេល ២៥ ឆ្នាំ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យយើងធ្វើការកាន់តែជិតស្និទ្ធជាមួយបរទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀតលើបញ្ហាប្រឈមរួមគ្នាដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការប្រែប្រួលអាកាសធាតុ បរិស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំ។ ដំណើរទស្សនៈកិច្ចរបស់ខ្ញុំមកកាន់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះភាពជាដៃគូនេះ។ ខ្ញុំទន្ទឹងរង់ចាំដើម្បីបង្ហាញការគាំទ្ររបស់ចក្រភពអង់គ្លេសដល់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួន នៅក្នុងតំបន់ ដូចជាការកសាងឱ្យប្រសើរឡើងវិញពីកូវីដ១៩ ឬក៏ដោះស្រាយផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុ”។
លោកស្រី Joelle Jerry នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បាននិយាយថា ៖
“ចក្រភពអង់គ្លេសបានប្តេជ្ញាចំពោះទំនាក់ទំនងរបស់យើងជាមួយប្រទេសកម្ពុជា ហើយខ្ញុំរីករាយដែល បានមកទីនេះម្ដងទៀត។ កម្ពុជានឹងក្លាយជាដៃគូដ៏សំខាន់សម្រាប់ចក្រភពអង់គ្លេស នៅពេលដែល យើងបង្កើនការចូលរួមរបស់យើងជាមួយតំបន់ ហើយយើងចង់ពង្រីកទំនាក់ទំនងរបស់យើងខ្ញុំកាន់ក ស៊ីជម្រៅ។ កម្ពុជាក៏មានតួនាទីសំខាន់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាអាស៊ាននៅឆ្នាំដំបូង បានប្តេជ្ញាគាំទ្រដល់ការធ្វើជាប្រធានរបស់កម្ពុជា”។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន និងនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នឹងជួបប្រជុំជាមួយរដ្ឋលេខាធិការជាច្រើនរូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រធានឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



